នគរបាលខេត្តស្ទឹងត្រែងក្របួចបុរសសង្ស័យពីរនាក់ពេលកំពុងដើរអំពាវនាក់លក់ម៉ូតូទៅអោយហាងលក់ម៉ូតូមួយកន្លែងនៅកណ្តាលក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យទាំងពីរនាក់ ដែលរងការឃាត់ខ្លួន ពីកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃ១២កក្កដានេះ ត្រូវគេឲ្យដឹងថា គឺជាជាក្រុមចោរដែលបានធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម នៅខេត្តពីរភាគឥសាន្ត ប្រទេស គឺខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ ប៉ុន្តែ ជនសង្ស័យជាចោរលួចទាំងពីរ បានរងការឃាត់ខ្លួនពេលកំពុងដើរសួររកលក់ម៉ូតូ១គ្រឿង ទៅឲ្យម្ចាស់ហាងលក់ម៉ូតូមួយ នៅកណ្តាលក្រុង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត លោកវរសេនីយ៍ឯក ហោ វុទ្ធី បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ដែលបានឃាត់ខ្លួននៅពេលនេះ ១.ឈ្មោះ ហេង ពិសិទ្ធ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ និង ២.ឈ្មោះ ហឿង សុមាន អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកន្ទ្រីង ឃុំកន្ទ្រីង ក្រុងក្រចេះ ខេត្តក្រចេះ។

លោកហោ វុទ្ធី បានបន្តថា នៅមុនពេលឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ ត្រូវគេរាយការណ៍ថា បានធ្វើសកម្មភាពលួចម៉ូតូ នៅក្នុងវត្តអូរចេង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនៈគីរី ហើយជិះយកមកលក់នៅខេត្តស្ទឹងត្រែង។ លោកថា ខណៈពេលកំពុងធ្វើសម្មភាពដើរសួររកលក់ម៉ូតូ នៅហាងលក់និងទិញម៉ូតូមួយ មានយីហោ «ស្រៀង សុភ័ត្រា»នោះ ម្ចាស់ហាងនេះមានការសង្ស័យ ហើយបានរាយការណ៍ជូនសមត្ថកិច្ច ហើយក៏បានចុះមកហៅនាំយកទៅសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្ត ទើបដឹងថា ជាក្រុមចោរលួចម៉ូតូ។ លោកបញ្ជាក់ថា នៅគ្រានោះ កម្លាំងនគរបាលជំនាញ ក៏បានធ្វើការឃាត់ខ្លួនតែម្តង ។

ក្រោយការសាកសួរ ជនសង្ស័យទាំងពីរបានសារភាពថា ពួកគេពិតជាបានធ្វើសកម្ម ភាពលួចម៉ូតូពីខេត្តស្ទឹងត្រែង យកទៅលក់នៅខេត្តរតនគិរី ហើយលួចពីខេត្តរតនគិរី នាំយកមកលក់នៅខេត្តស្ទឹងត្រែង ជាច្រើនលើកច្រើនសារមកហើយ តែនៅលើកនេះ លក់មិនទាន់ដាច់ផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

ជនសង្ស័យទាំងពីរនាក់ រួមជាមួយម៉ូតូ១គ្រឿង នៅខណៈនេះកំពុងស្ថិតក្រោមការសាកសួរ និងចងក្រងសំណុំរឿង ពីនគរបាលព្រហ្មទណ្ឌខេត្ត ហើយជនសង្ស័យនឹងត្រូវបញ្ជូនទៅកាន់សាលាដំបូង និងអយ្យការខេត្តស្ទឹងត្រែង នាថ្ងៃ១៣កក្កដាស្អែកនេះ ចាត់ការជាបន្តទៅតាមនីតិវិធីច្បាប់៕

Loading...