នគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យញៀនថ្នាំម្នាក់ ដែលបានប្រើដាវសាំម៉ូរ៉ៃ កាប់យុវជនម្នាក់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នាំខ្លួនមកផ្តន្ទាទោស !

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបើកការស្រាវជ្រាវអស់រយៈពេល ១០ថ្ងៃ ទើបឈានទៅកំណត់មុខសញ្ញាជនសង្ស័យដៃដល់ម្នាក់ ដែលញៀនថ្នាំ ហើយបានប្រើអំពើហឹង្សា កាប់ទៅលើយុវជនម្នាក់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី៣១មករាឆ្នាំ២០២១ នៅក្បែរខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងបានរត់គេចខ្លួនបាត់ទាំងយប់។

ជនសង្ស័យដៃដល់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត ឃាត់ខ្លួនបាននៅថ្ងៃទី៩កុម្ភះឆ្នាំ២០២១ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្ហាញរបាយការណ៍ឲ្យដឹងថា កម្លាំងការិយាល័យ បានបើកការស្រាវជ្រាវ ហើយឈានទៅបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ ឈ្មោះ ថ្លៃ ជីវិត ហៅ តុញ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថាឡា ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ នៅម៉ោងប្រមាណជា ៣រសៀល ថ្ងៃទី៩កុម្ភះឆ្នាំ២០២១ ក្នុងបទប្រើអំពើហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស ។

របាយការណ៍បានបង្ហាញទៀតថា ជនសង្ស័យបានប្រើប្រាស់នូវសារធាតុញៀន និងបានប្រើអំពើហឹង្សាកាប់ទៅលើជនរងគ្រោះ ឈ្មោះ លិ ចាន់ឡុង ភេទប្រុស អាយុ ១៨ឆ្នាំ បណ្តាលឲ្យរងរបួសជាច្រើនកន្លែង កាលពីថ្ងៃទី៣១មករាឆ្នាំ២០២១ នៅក្បែរខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ក្រោយហេតុការណ៍ ជនសង្ស័យបានរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ច បានបើកការស្រាវជ្រាវមានរយៈពេល ១០ថ្ងៃ ទើបឈានទៅកំណត់មុខសញ្ញា ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន។

ខណៈនេះ ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរ ពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត ដើម្បីបន្តស្រាវជ្រាវចាប់ខ្លួនបក្សពួកជនសង្ស័យ បញ្ជូនខ្លួនទៅតុលាការខេត្តស្ទឹងត្រែង ចាត់ការតាមច្បាប់ ៕

Loading...