នគរបាលចុះបង្ក្រាបទីតាំងស្តុកឈើប្រណីតមួយកន្លែងបានចំនួន២៥០កំណាត់

ខេត្តរតនគិរី៖ គំនរឈើប្រណិតចម្រុះ ប្រមាណជាងពីរតោន គរនៅក្រោមផ្ទះជាចំហរ គ្មានបារម្មខ្លាចក្រែងទៅលើការបង្ក្រាបពីសមត្ថកិច្ចជំនាញផ្នែកណាមួយនោះឡើយ។

ការចុះបង្ក្រាប ទីតាំងស្តុកឈើខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧វេលាម៉ោង៦និង៣០នាទីនៅ

ត្រង់ចំណុច ខាងកើតសាលាបថមសិក្សាទើបសាងសង់ថ្មីហៅថា សាលាបថមសិក្សាត្រពាំងក្រហម )ស្ថិតនៅក្នុងភូមិ២ ឃុំ ត្រពាំងក្រហម ស្រុក កូនមុំ ខេត្តរតនគិរី។

សមត្ថកិច្ចដែលចុះបង្ក្រាបរួមមាន ៖ កម្លាំងប៉ុស្តិ៍នគរបាលឃុំត្រពាំងក្រហម ក្រោមបទបញ្ជាផ្ទាល់ពីលោក ភោគ បូរិទ្ធ អធិការនគរបាលស្រុកកូនមុំ។

តាមប្រភពពីប្រជាពលរដ្ធដែលរស់នៅក្បែរគំនរឈើខាងលើនេះ បានឲ្យដឹងថា ម្ចាស់ឈើត្រូវបានគេស្គាល់ឈ្មោះ គឿន ជាអាជីវករលក់សាច់ជ្រូកនៅផ្សារត្រពាំងក្រហម ជាឈ្មួញដុះស្លែមួយរូបប្រចាំភូមិ មានអត្តចរិកក្អេងក្អាងបំផុត យកអំណាចសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ធានមកកាងបទល្មើសរបស់ខ្លួនដើម្បីជាឈ្នាន់ ក្នុងការរកសុីបទល្មើស ព្រៃឈើតាំងពីយូរមកហើយ។

ប្រភពបន្តថា គំនរឈើរបស់ឈ្មួញរូបនេះគឺមានជាច្រើនកន្លែងទុកលាក់ តាមទីតាំងខុសៗគ្នា មានដូចជានៅខាងក្រោយផ្ទះស្នាក់នៅប្រចាំថ្ងៃផ្ទះលក់សាច់ជ្រូកនេះជាដើម។

ដោយឡែកគំនរឈើដែលរងការបង្ក្រាបពីក្រុមសមត្ថកិច្ចខាងលើនេះត្រូវមជ្ឈដ្ធានជាច្រើនដាក់ការរិះគន់ចំៗចំពោះស្ថាប័នមានសមត្ថកិច្ចក្នងមូលដ្ធាន ជាពិសេសលោកនាយប៉ុស្តិ៍នគរបាលត្រពាំងក្រហម ដែលមានឈ្មោះ ប៉ាក ពៅ នេះតែម្តងដូចជា មានការរារ៉ែកយឺតយ៉ាវ បំពេញការងារ ពុំមានឆន្ទះ ក្នុងការចុះបង្ក្រាប គំនរឈើខាងលើនេះ ទោះជាមានបទបញ្ជាយ៉ាងមុឺងមាត់ពី លោក អធិការនគរបាលស្រុកកូនមុំ ភោគ បូរិទ្ធ ក៍ដោយ។

ជាពិសេស លោក លឹម នាយសង្កាត់រដ្ឋបាលព្រៃឈើជាដើមពុំមានឆន្ទះក្នុងការបង្ក្រាបឡើយ។

ជាក់ស្តែង កាលពីយប់ថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០១៧ បន្ទាប់ពីមានការរាយការណ៍ពីក្រុមអ្នកសារព័ត៌មាន បានតេទៅលោក ភោគ បូរិទ្ធ អធិការនគរបាលស្រុកកូនមុំពាក់ព័ន្ធករណីគំនរឈើ ហើយលោក អធិការក៍បាន ដាក់បទបញ្ជាឲ្យកម្លាំង ប៉ុស្តិ៍ចុះត្រួតពិនិត្យយាមកាមគំនរឈើកុំឲ្យបាត់បង់សូម្បី១កំណាត់ តែផ្ទុយទៅវិញ បែរជាលោក នាយប៉ុស្តិ៍ លោក ប៉ាក ពៅ ទៅជាបណ្តែតបណ្តោយខ្ជះខ្ជាយពេលវេលា ឲ្យឈ្មួញឈ្មោះ គឿន ម្ចាស់គំនរឈើ នាំកម្លាំងទៅរំដោះឈើ ចេញពីគំនរ អស់ជាងពាក់កណ្តាល ជញ្ជូនទៅលាក់ក្នុងប្រឡាយ និងតាមគម្ពោធព្រៃទៅវិញ។លុះព្រឹកឡើងថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៧ វេលាម៉ោង៦នឹង៣០នាទី កម្លាំង បានដើរប្រមែប្រមូលកំណាត់ឈើដែលឈ្មួញរំដោះចេញលាក់នៅតាមប្រឡាយទឹក និងកម្ពោធព្រៃនោះយក ត្រឡប់មកវិញហើយដឹកជញ្ជូនតាមរថយន្តមួយបាំងកន្លះបានចំនួនពីរគ្រឿងពេញណែននាំមករក្សាទុកនៅអធិការដើម្បីបំពេញសំណុំបែបបទ។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ឈើដែល រឹបអូសបានមានចំនួន២៥០កំណាត់ ប្រមាណជាង២តោន៕

Loading...