នគរបាលតាមបង្ក្រាបបាន និងបង្ហាញមុខជនដៃដល់ដែលសម្លាប់នារីរកស៊ីផ្លូវភេទ រួចយកសពទៅទម្លាក់នៅវត្តទឹកថ្លា

ភ្នំពេញ​៖​ នៅរសៀលថ្ងៃទី២០​ ខែវិច្ឆិកា ​ ឆ្នាំ២០១៨នេះ​ លោកវរសេនីយ៍ឯក​ ហួរ​ ម៉េងវ៉ាង​ អធិការនគរបាលខណ្ឌសែនសុខ​ បានធ្វើការបង្ហាញមុខជន​សង្ស័យជាឃាតកប្រុសស្រី​២នាក់​ ដែលធ្វើទារុណកម្មនារីរកស៊ីផ្លូវភេទម្នាក់ រហូតដល់ស្លាប់ រួចពួកគេទាំង​២នាក់នេះ​ ក៏បានដឹកសពជនរងគ្រោះ យកទៅបោះចោលនៅឈានបដ្ឋានវត្តទឹកថ្លា​ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមកនេះ។

លោក​ ហួរ​ ម៉េងវ៉ាង​ បានប្រាប់អ្នកយកព័ត៌មានថា​ ជនសង្ស័យជាឃាតកដៃឆៅទាំង​២នាក់ ទី១-ឈ្មោះ ង្វៀង យុំាងចូវ ភេទប្រុស អាយុ​២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ​ អ្នកមើលការខុសត្រូវស្រីបម្រើផ្លូវភេទ ស្នាក់នៅផ្ទះលេខ១៥៨ ផ្លូវ៥៩៨ ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងទី២-ឈ្មោះ ង្វៀង ធីយុង ភេទស្រី អាយុ​៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ឥវ៉ាន់ ស្នាក់នៅផ្ទះលេខ១៥៩ ផ្លូវ៥៩៨ ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកឯនារីរងគ្រោះឈ្មោះ ង្វៀង ធីយុង អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរស្រីបម្រើផ្លូវភេទ ស្នាក់នៅផ្ទះលេខ១៥៨ ផ្លូវ៥៩៨​ (តំបន់ត្រឡោកបែក)​ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

លោក​ ហួរ​ ម៉េងវ៉ាង​ បានបន្តទៀតថា​ កាលពីយប់រំលងអាធ្រាត្រថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ មានជនមិនស្គាល់មុខ បានដឹកនារីរងគ្រោះអាយុប្រហែលជាង​២០ឆ្នាំ​ ជាជនជាតិវៀតណាម​ ដាក់តាមរ៉ឺម៉ក់​ យកទៅទុកចោកនៅឈាបនដ្ឋាន​វត្ត​ទឹកថ្លា​ ហើយបានប្រាប់លោកតាអាចារ្យ ឲ្យទៅហៅបងប្អូនជនរងគ្រោះ​។ ក្រោយមក​ជនសង្ស័យទាំងនោះ​ ក៏នាំគ្នាគេចខ្លួនបាត់តែម្តង។

លុះដល់រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨​ ដោយមិនឃើញមានសាច់ញាតិបងប្អូនណាមកដល់​ ទើបលោកតាអាចរ្យ រាយការណ៍ប្រាប់ទៅសមត្ថកិច្ចជំនាញ​ ដើម្បីចុះមកកន្លែងតម្កល់សាកសព​។ ភ្លាមៗនោះ​ ក្រោយពីទទួលបានដំណឹងនេះ​ សមត្ថកិច្ចជំនាញខណ្ឌ​ បានចុះទៅពិនិត្យ​ និងទាក់ទាងទៅសមត្ថកិច្ចជំនាញផ្នែក​កោសល្យវិច័យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រោយពេល​ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ​ ចុះមកដល់បានពិនិត្យឃើញថា​ សាកសពនារីរងគ្រោះខាងលើនេះ​ ត្រូវគេវាយ​ និងធ្វើទារុណកម្មបណ្តាលឲ្យរងរបួសជាំពេញខ្លួន​ រហូតដល់ស្លាប់តែម្តង។

ក្រោយមក​ កម្លាំងនគរបាល​ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ បានសហការជាមួយ​នឹងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ​ និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ដើម្បីស្វែងរកតាមចាប់ជនសង្ស័យដែលជាឃាតករដៃឆៅខាងលើ។ រហូតដល់យប់ថ្ងៃទី១៨​ ខែវិច្ឆិកា ​ ឆ្នាំ២០១៨​ កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី​២នាក់​ យកមកធ្វើការសាកសួរ នៅអធិការខណ្ឌសែនសុខ​ ដោយសង្ស័យពាក់ព័ន្ធ ក្នុងការវាយធ្វើទារុណកម្មលើនារីរកស៊ីផ្លូវភេទម្នាក់រហូតដល់ស្លាប់។

ក្រោយពីសាកសួរជនសង្ស័យទាំង​ ២នាក់ខាងលើរួចមក​ នៅព្រឹកថ្ងៃទី១៩​ ខែវិច្ឆិកា ​ ឆ្នាំ​២០១៨​ កម្លាំងនគរបាលខណ្ឌសែនសុខ​ បានសហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោក​ ដើម្បីឆែកឆេរទីតាំងផ្ទះបនស្រី​ មួយកន្លែង​ ដែលជ្រកក្រោមសញ្ញាយីហោ​ ម៉ាស្សា​កោសជប់​ តាមបណ្តោយផ្លូវ៥៩៨​ ក្នុងសង្កាត់ទឹកល្អក់២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ដែលជាទីតាំងវាយធ្វើទារុណកម្មលើនារីរូបនោះ​។ ចំណែកឯមេបន​ ដែលជាមេក្លោងប្រចាំនៅផ្ទះនេះ​ បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយធ្វើការបង្ហាញមុខជនសង្ស័យជាឃាតកដៃឆៅរួចមក​ សមត្ថកិច្ចបញ្ចូនពួកគេទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីដាក់ទោសតាមនីតិវិធីច្បាប់៕

Loading...