នគរបាលបញ្ជូនខ្លួនសមាជិកអង្គការការពារបរិស្ថានម្នាក់ទៀតទៅតុលាការចាប់ចោទពីបទកំហែងយកប្រាក់

ខេត្តក្រចេះ ៖ សមាជិកម្នាក់របស់ អង្គការការពារបរិស្ថាន ដែលឈរជើងនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៧ខែកុម្ភៈ ជាប់ចោទពីបទកំហែងយក ក្រោយពីមន្ត្រីអង្គការម្នាក់នេះ បានយកប្រាក់ពីពលរដ្ឋដែលដឹកឈើតាមគោយន្តមកធ្វើផ្ទះ ។

ជាមួយនិងការចាប់ឃាត់ខ្លួន មន្ត្រីអង្គការការពារបរិស្ថាន ឈ្មោះ វឿង ប៊ុនធឿន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ គឺអាជ្ញាធរមិនបានចាប់ឃាត់ខ្លួនជនជាម្ចាស់ឈើនោះទេ ។ ហើយការចាប់ឃាត់ខ្លួនមន្ត្រីអង្គការម្នាក់នេះ គឺត្រូវបានសមត្ថកិច្ចប្រាប់ថា ធ្វើឡើងតាមបទបញ្ជារលោក សេក ប៊ុនហេង អភិបាលស្រុកព្រែកប្រសព្វ ក្រោយពីគណៈបញ្ជារការឯកភាពស្រុក ចុះបោសសំអាតកុងត្រូលជជុះ កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ នេះ។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សមាជិករបស់អង្គការ ការពារបរិស្ថាននេះ បានទៅឃាត់គោយន្តកន្ត្រៃមានដឹកឈើ របស់ស្រ្តីម្នាក់ឈ្មោះ ដួង ស្រីថាវ រស់នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ តាមទួរស័ព្ទ ដោយទារលុយចំនួន១ម៉ឺន៥ពាន់រៀល ខណៈនោះស្រ្តីជាម្ចាស់ បានប្តឹងអាជ្ញាធរស្រុកឱ្យចាប់ឃាត់ខ្លួនតែម្តង។ បាទ! ជាមួយនិងការឃាត់ខ្លួន មន្ត្រីអង្គការម្នាក់នេះ ត្រូវបានគេលើកឡើងថា អាជ្ញាធរមិនគួណាអនុវត្តន៍ ចាប់ឃាត់ខ្លួនតែមន្ត្រីអង្គការតែម្នាក់នោះទេ គួរណាស់ត្រូវចាប់ម្ចាស់ឈើផងដែរទើបត្រូវ ទោះបីជាមានការប្តឹងពីស្ត្រីជាម្ចាស់ឈើក៏ដោយ ព្រោះការដឹកជញ្ជូនឈើក៏ខុសច្បាប់ដែរ ។

បាទ! ជុំវិញការឃាត់ខ្លួនសមាជិកអង្គការរូបនេះ លោក គុណ សុភណ្ឌ នាយការិយាល័យប្រហ្មទណ្ឌកំរិតស្រាលខេត្ត បានបញ្ជាក់ថា ឆ្លងតាមការសាកសួររបស់មន្ត្រីជំនាញ ជននេះបានទទួលស្គាល់កំហុសថា រូបគេពិតជាបានបង្ខំទារលុយពីអ្នក ដឹកឈើមកធ្វើនោះមែន ។

សុំបញ្ជាក់ផងដែរថា កន្លងមកពលរដ្ឋតែងតែបានលើកឡើង និងប្តឹងមកអាជ្ញាធរឲ្យជួយលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ឬកុងត្រូលជជុះ ដែលកំពុងតែបោះទីតាំងយ៉ាងច្រើនស្អេកស្កះ ពីមនុស្សជាច្រើននាក់ ដែលតាំងខ្លួនថា មានតួនាទី ឬបេសកម្មចុះមកបង្ក្រាប ទប់ស្កាត់បទល្មើសព្រៃឈើ តំបន់ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ។ សកម្មភាពការដាក់បណ្តុំកុងត្រូលជជុះពីក្រុមជនទាំងនោះបានបង្កឲ្យពលរដ្ឋមានការភ័យខ្លាចពីភាពអសន្តិសុខ និងរំខានការរស់នៅរបស់ពួកគាត់ ក៏ដូចជាបង្កភាពចលាចលក្នុងភូមិរៀងរាល់យប់ថ្ងៃ ជាមួយនឹងសកម្មភាពប្រដេញកាក់ទារលុយពីរទះដឹកឈើឆ្លងកាត់តាមផ្លូវលំនៅតំបន់ឃុំមួយនេះ ៕

Loading...