នគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបង្រ្កាបចាប់ខ្លួនជនសង្ស័យគ្រឿងញៀនប្រុសស្រី០៤នាក់និងវត្ថុតាងគ្រឿងញៀនជាងកន្លះគីឡូក្រាម

ភ្នំពេញ៖ ជនសង្ស័យគ្រឿងញៀនប្រុសស្រី០៤នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្រ្កាបចាប់ខ្លួនជាបន្តបន្ទាប់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនិងបានបន្តសហការជាមួយកម្លាំងនគរបាលខេត្តកំពតឈានទៅដល់ឆែកឆេរបង្រ្កាបមេខ្លោងផ្គត់ផ្គង់គ្រឿងញៀននៅខេត្តកំពតបន្តនិងបន្តឆែកឆេរផ្ទះជនសង្ស័យនៅខត្តតាកែវ ដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីនទឹកកជាងកន្លះគីឡូក្រាម។ក្រោយពីកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនចាប់ជនសង្ស័យដែលជាមុខសញ្ញាលក់ចែកចាយគ្រឿងញៀននៅរាជធានីភ្នំពេញ។ការបង្រ្កាបបានធ្វើឡើងកាលពីថ្ងៃទី៨ និងទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក​ ឆាយ ហុង ។

ការបង្រ្កាបបទល្មើសគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញគឺដើម្បីកាត់បន្ថយបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាពអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណាធានាឱ្យបានការថែរក្សាសន្តិសុខសុវត្ថិភាពសង្គមឱ្យល្អប្រសើរ។បើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញឱ្យដឹងថាក្នុងរយៈពេល០១ខែចុងក្រោយនេះកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀនចំនួន១១៥ករណី ឃាត់ខ្លួនជនសង្ស័យ១៨៦នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនជាង១គីឡូក្រាមនឹងបានយកទៅចាត់ការតាមផ្លូវច្បាប់រួចនោះហើយ។

​ជុំវិញនៃការបង្រ្កាបគ្រឿងញៀជាងកន្លះគីឡូក្រាមខាងលើលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថាការបង្រ្កាបជនសង្ស័យគ្រឿងញៀនប្រុសស្រីទាំង០៤នាក់កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវស៊ើបអង្កេតនិងឈានទៅដល់បង្រ្កាបជាក់ស្តែងជនសង្ស័យអ្នករត់តាក់ស៊ី ដែលបានដឹកជញ្ជូនគ្រឿងញៀនមានឈ្មោះ កុត សារ៉េត ភេទ ប្រុស​អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់០១ខណ្ឌទួលគោក ឆែកឆេរត្រួតពិនិត្យរកឃើញគ្រឿងញៀន១កញ្ចប់និងរថយន្ត០១គ្រឿង។កម្លាំងនគរបាលបន្តទៅបង្រ្កាបចាប់ខ្លួនបក្ខពួក០២នាក់ទៀត មានឈ្មោះ ចាន់ សុភ័ក្រ្ត ភេទប្រុស​អាយុ៣២ឆ្នាំ ប្រកបមុខរបររត់ម៉ូតូឌុប ជនជាតិខ្មែរ នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងឈ្មោះ ស៊ឹម សេរី ភេទប្រុស​អាយុ៣០ឆ្នាំ ប្រកបមុខរបរបុគ្គលិកក្រុមហ៊ុនចិន នៅចំណុចភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ ។

លោកនាយការិយាល័យបានបញ្ជាក់ឱ្យដឹងទៀតថាក្រោយពីបង្រ្កាបចាប់ខ្លួនជនសង្ស័យទាំង០៣នាក់នេះរួចហើយនៅរាជធានីភ្នំពេញ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញក៏បានបន្តទៅសហការជាមួយកម្លាំងនគរបាលខេត្តតាកែវនិងបង្រ្កាបចាប់ខ្លួនជនសង្ស័យជាអ្នកផ្គត់ផ្គង់គ្រឿងញៀន០១នាក់ទៀត មានឈ្មោះ ហេង សុខឃីម ភេទស្រី អាយុ៣៤ឆ្នាំ គ្មានមុខរបរពិតប្រាកដ ជនជាតិខ្មែរ នៅចំណុចក្នុងចំការពោធ ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ដកហូតវត្ថុតាងគ្រឿងញៀន០៥កញ្ចប់និងរថយន្ត០១គ្រឿង និងបានបន្តសហការជាមួយនគរបាលខេត្តតាកែវទៅឆែកឆេរផ្ទះជនសង្ស័យ០១កន្លែងទៀតស្ថិតនៅស្រុកត្រាំកក់ខេត្តតាកែវ ដកហូតវត្ថុតាងគ្រឿងញៀន០១កញ្ចប់និងឧករណ៍សម្ភារៈសម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ។ជនសង្ស័យទាំង០៤នាក់នៅរសៀលថ្ងៃទៅ១០ ខែកញ្ញា ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការរួមនិងវត្ថុតាងគ្រឿងញៀន ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕

Loading...