នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនអចលនទ្រព្យជនជាតិចិនឆបោកប្រាក់ ជាង៣លានដុល្លារ

ភ្នំពេញ៖ ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះចាប់ខ្លួនជនជាតិចិនសង្ស័យឆបោកប្រាក់ជាង៣លានដុល្លារអាមេរិកតាមដីការបស់ព្រះរាជអាជ្ញា ។

លោកកែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបញ្ជាឲ្យចាប់ខ្លួនជនជាតិចិនម្នាក់ដែលជាជនសង្ស័យក្នុងករណីឆបោកទឹកប្រាក់ជាង ៣ លានដុល្លារអាមេរិកនេះ បន្ទាប់ពីមានការប្ដឹងពីជនរងគ្រោះដែលជាជនជាតិចិនដូចគ្នា ។

តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា បុរសជនជាតិចិនដែលជាជនរងគ្រោះមានឈ្មោះ He Shui Hong បានប្ដឹងថា បុរសដែលជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ Property Co, Ltd បានឆបោកប្រាក់របស់គាត់ចំនួនជាង ៣ លានដុល្លារអាមេរិក ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រឿងរ៉ាវដំណើរដើមទងដែលនាំអោយមានការឆបោកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ នៅមិនទាន់ត្រូវបានគេទម្លាយឱ្យដឹងទេ ។

ប្រភពពីកម្លាំងសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងយ៉ាងខ្លីថា បុរសជាជនសង្ស័យឆបោកប្រាក់មានឈ្មោះ Zhonglan Heheng បច្ចុប្បន្នអាយុ៥០ឆ្នាំ។ ពេលនេះសមត្ថកិច្ចកំពុងដំណើរការសាកសួរតាមនីតិវិធី ហើយជនសង្ស័យឆបោករូបនេះ ទំនងជាមិនអាចរួចផុតពីសំណាញ់ច្បាប់បានទេ ៕

Loading...