នគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែង បានចាប់ជនសង្ស័យម្នាក់បញ្ជូនទៅតុលាការ ក្រោយការវាយសម្លាប់មន្ត្រីនគរបាលម្នាក់ ជាបងបង្កើតខ្លួនឯងនឹងដំបងឈើជ្រុង កាលពីសប្តាហ៍មុន

ខេត្តស្ទឹងត្រែង៖ មន្ត្រីនគរបាលម្នាក់ នៃស្នងការនគរបាលខេត្តស្ទឹងត្រែង បានបាត់បង់ជីវិត ក្រោយពីប្អូនប្រុសបង្កើតរបស់ខ្លួន និងជាជនសង្ស័យដៃដល់ បានយកដំបងឈើជ្រុងមួយ វាយសំពងមកលើរាងកាយស្ទើរសព្វសាច់ ហើយជនរងគ្រោះបានស្លាប់ ក្រោយការវាយនោះ៥ថ្ងៃ ឯជនសង្ស័យបានរត់គេចខ្លួនបាត់ និងនៅម៉ោងជាង៥ល្ងាចថ្ងៃ២៧កុម្ភះម្សិលមិញ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត បានឃាត់ខ្លួនបាន បញ្ជូនទៅតុលាការ នៅថ្ងៃ២៨កុម្ភះនេះ បន្ទាប់ពីបានបើកការស្រាវជ្រាវ រកកន្លែងលាក់ខ្លួនជនសង្ស័យ អស់រយះពេល៣ថ្ងៃនោះមក។

ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត លោកវរៈសេនីយ៍ឯក ដួង ស៊ីវុត្ថា បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលបានវាយសម្លាប់បងខ្លួន ហើយត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការនោះ ឈ្មោះ ទូច សារ៉ាត់ អាយុ៣៧ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ ឈ្មោះ ទូច តារា ហៅញ៉ាវ អាយុ៤៦ឆ្នាំ ជាមន្ត្រីនគរបាល ការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង។ លោកថា ការចាប់ខ្លួនជនសង្ស័យបាននោះ គឺធ្វើនៅក្រោយបើកការស្រាវជ្រាវ អស់ពេលជាច្រើនថ្ងៃ នៅក្រោយជនសង្ស័យ បានប្រើដំបងឈើជ្រុងមួយវាយជនរងគ្រោះ កាលពីថ្ងៃ២០កុម្ភះ២០១៨ ហើយជនរងគ្រោះបានធ្លាក់ខ្លួនឈឺជាទម្ងន់ និងបានស្លាប់កាលពី ថ្ងៃ២៥កុម្ភះ២០១៨កន្លងទៅនេះ ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

លោកប្រធានការិយាល័យនគរបាលកំរិតធ្ងន់ខេត្ត បានបន្តទៀតថា មូលហេតុដែលជនសង្ស័យវាយសម្លាប់ជនរងគ្រោះ នឹងដំបងឈើជ្រុងនោះ ព្រោះជនសង្ស័យបានខឹងនឹងបងប្រុសខ្លួន សន្យាថានឹងទិញទូរស័ព្ទ និងម៉ូតូមួយគ្រឿងឲ្យ នៅបន្ទាប់ពីជនសង្ស័យ បានជាពីជម្ងឺវិកលចរឹក។ លោកថា ក្រុមគ្រួសារជនរងគ្រោះ និងជនសង្ស័យបាននិយាយថា ជនសង្ស័យគឺជាមនុស្សមិនសូវគ្រប់ទឹកនោះទេ ម្តងនិយាយត្រូវ និងម្តងនិយាយខុស បត់បែនទៅតាមពេលវេលា។ ហើយនៅរយះកាលកន្លងមក ជនសង្ស័យចេះតែដើររឿងគេឯងនៅក្នុងភូមិ ដោយមិនចង់ឲ្យមានរឿងជាមួយអ្នកជិតខាង ក្រុមគ្រួសារបានសំរេចចិត្ត យកក្រវ៉ាក់មកដាក់ជើង ហើយនាំយកឲ្យទៅនៅចំការ ប៉ុន្តែ គេបានទាញក្រវ៉ាក់ដាក់ជើងនោះ ដាច់ជាពីរជាបីកំណាត់ ព្រោះគេមានមាឌធំ ខ្ពស់ និងមានកម្លាំងខ្លាំងដូចជាសត្វតោ។ ក្រោយពីទាញផ្តាច់ក្រវ៉ាក់ហើយនោះ គេបានមករករឿងបងប្រុសគេនៅផ្ទះក្នុងភូមិ ហើយបានវាយតប់ និងបានទាញយកដំបងឈើជ្រុង មកវាយសំពងលើបង ដែលជាមន្ត្រីនគរបាលម្នាក់យ៉ាងដំណំ ធ្វើឲ្យធ្លាក់ខ្លួនឈឺ និងនៅទីបំផុតបងប្រុសគេក៏ស្លាប់ ចំណែក ជនសង្ស័យបានរត់គេចខ្លួនទៅភ្នំពេញ ហើយត្រូវក្រុមគ្រួសារ និងនគរបាលព្រហ្មទណ្ឌខេត្តដឹង និងបានលួងលោមឲ្យជិះរថយន្តឈ្នួលមកវិញ ក៏ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត ធ្វើការចាប់ខ្លួនបាន នៅល្ងាចថ្ងៃទី២៧កុម្ភះម្សិលមិញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ទូច សារ៉ាត់ បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានវាយបងនឹងដំបងឈើជ្រុងនោះមែន ព្រោះតែខឹងមិនទិញម៉ូតូឲ្យគេ។ នៅម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី២៨កុម្ភះនេះ ជនសង្ស័យត្រូវបានបញ្ជូនខ្លួន ទៅកាន់សាលាដំបូង និងអយ្យការខេត្តស្ទឹងត្រែង ដើម្បីវិនិច្ឆ័យទោសនោះហើយ៕

 

Loading...