នគរបាលរាជធានីភ្នំពេញចាប់ខ្លួនជនសង្ស័យចាប់បង្ខាំងសិស្សស្រីអាយុ១៦ឆ្នាំនៅក្នុងបន្ទប់ផ្ទះសំណាក់ទារប្រាក់ពីឪពុកម្តាយ១០លានរៀលនិងរំលោភជនរងគ្រោះ

ភ្នំពេញ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវស៊ើបអង្កេតនិងបង្រ្កាបបានជនសង្ស័យ០១នាក់ដែលចាប់សិស្សស្រី០១នាក់បង្ខាំងទុកបន្ទប់ផ្ទះសំណាក់នៅខណ្ឌដង្កោចាប់រំលោភនិងជំរិតទារប្រាក់១០លានរៀលពីឳពុកម្តាយជនរងគ្រោះ។

ជនសង្ស័យមានឈ្មោះ សៅ ប្រុសហៅបញ្ញា ភេទប្រុស អាយុ៣៧ឆ្នាំ គ្មានមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង០១កន្លែងស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ រាជធានីភ្នំពេញ។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌកំបូលឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះ ឈ្មោះ អ ឧ ស អាយុ១៦ឆ្នាំ ជាសិស្សនៅខេត្តកំពង់ឆ្នាំង ទើបមកភ្នំពេញរយៈពេលប្រហែលកន្លះខែដើម្បីមកលេងផ្ទះម្តាយនៅខណ្ឌពោធិ៍សែនជ័យ។លុះនៅថ្ងៃកើតហេតុខាងលើមានមិត្តភក្តិស្រីម្នាក់ឈ្មោះ ច ស ន ជិះម៉ូតូមកឌុបក្មេងស្រីរងគ្រោះទៅដើរលេងម្តុំវត្តជន្លង់ម្លូរ សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល ហើយក៏ជិះមកឈប់អង្គុយលេងក្បែរផ្លូវរថភ្លើងក៏បានជួបជនសង្ស័យមិនដែលស្គាល់គ្នាដែលកំពុងអង្គុយលេងលើផ្លូវរថភ្លើង  ហើយជនសង្ស័យក៏សួរនាំក្មេងស្រីទាំង២នាក់នោះនឹងចាប់ផ្តើមស្គាល់គ្នាតែម្តង។

បន្ទាប់មកក្មេងស្រីទាំង២នាក់បម្រុងជិះម៉ូតចេញទៅលេងវត្តជន្លង់ម្លូក៏ជនសង្ស័យផ្ញើលុយតាមរយៈពួកគេទាំង២នាក់ឱ្យទិញទឹកសុទ្ធ០២ដបឱ្យផងបើត្រឡប់មកវិញ។លុះបន្ទាប់មកក្មេងស្រីទាំង២នាក់ក៏បានជិះម៉ូតូ មកលេងនៅវត្តជន្លង់ម្លូបានមួយសន្ទុះ ក៏ត្រឡប់មកនៅចំណុចផ្លូវរថភ្លើងវិញដោយបានទិញទឹកសុទ្ធឱ្យជនសង្ស័យ០២ដប។ នៅពេលនោះជនសង្ស័យក៏ល្បួងជនរងគ្រោះថាឱ្យលុយ២ម៉ឺនរៀលបើឌុបខ្លួនទៅយកដងសម្រាប់ថតទូរស័ព្ទនិងជូនទៅកន្លែងធ្វើការហើយក្មេងស្រីរងគ្រោះក៏យល់ព្រម។ក្មេងស្រីរងគ្រោះឈ្មោះ អ ឧ ស ក៏ជិះម៉ូតូឌុបជនសង្ស័យចេញទៅ ដោយទុកមិត្តភក្តិម្នាក់ឈ្មោះ (ច ស ន )ឱ្យនៅចាំកន្លែងផ្លូវរថភ្លើងកន្លែងកើតហេតុ។លុះពីពេលនោះមកមិត្តភក្តិក៏បានអង្គុយចាំមិនឃើញក្មេងស្រីរងគ្រោះត្រឡប់មកវិញ។

ស្រាប់តែក្រោយមកឳពុកក្មេងស្រីរងគ្រោះក៏បានតេទូរស័ព្ទមកប្រពន្ធឱ្យដើររកកូនស្រី ដោយមានទូរស័ព្ទប្រាប់ថាបើចង់បានកូនស្រីយកទៅវិញឱ្យផ្ញើលុយ១០លានរៀល។ម្តាយជនរងគ្រោះក៏បានដាក់ពាក្យប្តឹងទៅកន្លែងសមត្ថកិច្ច ។កម្លាំងនគរបាលក៏បានចេញស្រាវជ្រាវស៊ើបអង្កេត ក៏នៅថ្ងៃខាងលើឈានទៅបង្រ្កាបបានជនសង្ស័យនិងដកហូតទូរស័ព្ទដៃ០១គ្រឿងសម្រាប់តេទារជំរិតប្រាក់រួមម៉ូតូ០១គ្រឿង។

បើយោងតាមរបាយការណ៍អធិការដ្ឋាននគរបាលខណ្ឌកំបូលឱ្យដឹងទៀតថា ជនសង្ស័យបានឆ្លើយសារភាពពិតជាបង្ខាំងមនុស្សជំរិតទារប្រាក់និងធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ៥ដង។ជនសង្ស័យត្រូវបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់នោះហើយ៕

Loading...