នគរបាលសណ្តាប់ធ្នាប់បន្តចុះរឹតបន្តឹងពង្រឹងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈបានស្ទូចរថយន្តឈប់-ចតនិងបើកបញ្ច្រសទិសល្មើសច្បាប់មួយចំនួនយកទៅផាកពិន័យតាមច្បាប់

ភ្នំពេញ៖
​នគរបាលការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានបន្តចុះរឹតបន្តឹងពង្រឹងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈនៅក្នុងរាជធានីភ្នំពេញដើម្បីនាំមកនូវសណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយកាន់តែល្អ និងក៏បានស្ទូចរថយន្តមួយចំនួនដែលឈប់-ចត និងបើកបរបញ្រ្ចាសទិសល្មើសច្បាប់ យកទៅផាកពិន័យតាមច្បាប់។ការចុះពង្រឹងរៀបចំសណ្តាប់ធ្នាប់ពីសំណាក់កម្លាំងនគរបាលត្រូវគេមើលឃើញថាបានធ្វើឡើងនៅចំណុចផ្សារធំថ្មី,ចំណុចផ្លូវសុកហុក,ផ្លូវ២៨៨ ខណ្ឌបឹងកេងកង,ផ្លូវ១៥៤ ខណ្ឌដូនពេញ,ចំណុចក្រោម ស្ពានក្បាលថ្នល់,ចំណុចផ្លូវ៥៩៨រង្វង់មូលកាំកូ,ផ្លូវលេខ១៣ ខាងមុខផ្សារកណ្តាល ខណ្ឌដូនពេញ,ផ្លូវ៦៣ ខណ្ឌបឹងកេងកង,ផ្លូវក្រមួនស ខណ្ឌដូនពេញនិងផ្លូវ២៨៨ខណ្ឌបឹងកេងកង។ខណៈនោះផងដែរនគរបាលសណ្តាប់ធ្នាប់ក៏បានផ្សព្វផ្សាយអប់រំ អាជីវករដែលយកចំណីផ្លូវធ្វើអាជីវកម្មបង្កប៉ះពាល់សណ្តាប់សុវត្ថិភាពចរាចរណ៍និង អ្នកបើករថយន្តតាក់ស៊ីឈប់-ចត គ្មានសណ្តាប់ធ្នាប់ ដោយបានណែនាំពួកគាត់ត្រូវនាំគ្នាចូលរួម គោរពច្បាប់ ដើម្បីរួមគ្នាលើកស្ទួយសោភ័ណភាព សណ្តាប់ សុវត្ថិភាព នៅក្នុងរាជធានីភ្នំពេញឱ្យកាន់តែប្រសើរ ឡើង។

​ការចុះរឹតបន្តឹងសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈពីសំណាក់កម្លាំងនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ គឺធ្វើឡើងអនុវត្តតាមបទបញ្ជារបស់អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តមសេនីយ៍ឯក ស ថេត ដើម្បីចូលរួមដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងការបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។គ្រាដែលនៅរាជធានីភ្នំពេញគេមើលឃើញថាបញ្ហាកកស្ទះចរាចរណ៍និងបទល្មើសគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមមិនទាន់បានដោះស្រាយឱ្យមានប្រសិទ្ធភាពនៅឡើយនោះទេ។បញ្ហាប្រឈមទាំងនេះទាមទារឱ្យប្រជាពលរដ្ឋទូទៅមានស្មារតីភ្ញាក់រលឹក ចូលរួមគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួនទើបអាចដោះស្រាយបញ្ហាទាំងនោះបាន បើពឹងផ្អែកទៅលើសមត្ថកិច្ចតែមួយផ្នែកគឺមិនអាចដោះស្រាយបានជោគជ័យនោះឡើយ។

​សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ ការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា ក្នុងរយៈពេល០១សប្តាហ៍ចុងក្រោយនេះ កម្លាំងនគរបាលសណ្តាប់ធ្នាប់បានរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដោយបានត្រួតពិនិត្យយានយន្តល្មើសច្បាប់ ចរាចរណ៍(បើកបញ្ច្រាសទិសនិងឈប់-ចត គ្មានសណ្តាប់ធ្នាប់)សរុបយានយន្ត៣៦៨គ្រឿង ក្នុងនោះយានយន្តខ្លះបានអប់រំ និងយានយន្តមួយចំនួនទៀតផាកពិន័យតាមច្បាប់៕

Loading...