នគរបាលសេដ្ឋកិច្ចមានឥទ្ធិពល លោក អ៊ុំ វណ្ណា និងកូនចៅជាមន្ត្រីនរគបាលសេដ្ឋកិច្ចរាប់សិបនាក់ទៀតនៅតែប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុកលួយក្នុង៥ខេត្តដដែល

ភ្នំពេញៈ រហូតមកដល់ពេលនេះនគរបាលសេដ្ឋកិច្ចមានឥទ្ធិពល លោក អ៊ុំ វណ្ណា និងកូនចៅជាមន្ត្រីនរគបាលសេដ្ឋកិច្ចរាប់សិបនាក់ទៀតនៅតែប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុកលួយក្នុង៥ខេត្តដដែល។

ប្រជាពលរដ្ឋភាគច្រើនមើលឃើញច្បាស់ថា ខេត្តណាដែលមាននគរបាលសេដ្ឋកិច្ចទៅឈរជើងច្រើនគឺបទល្មើសព្រៃឈើក៏កើតឡើងច្រើនដែរ តួយ៉ាងដូចជា ខេត្តកំពង់ធំ ត្បូងឃ្មុំ ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក អ៊ុំ វណ្ណា និងបក្ខពួកជាមន្រ្តីនគរបាលសេដ្ឋកិច្ចដូចគ្នា។

កន្លងមករដ្ឋាភិបាលបានបង្កើតគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើដែលមជ្ឈដ្ឋានជាច្រើនបានយល់ថា ក្នុងរយៈកាលជាច្រើនឆ្នាំមកនេះក្រសួងមហាផ្ទៃ ក៍ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ តែងបានចាត់តាំងមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឲ្យទៅឈរជើងប្រចាំការ នៅតាមគ្រប់បណ្ដាខេត្តដើម្បីចាំជួយសហការ បង្ក្រាបបទល្មើសសេដ្ឋកិច្ចឲ្យមានប្រសិទ្ធភាព។ តែជាក់ស្តែងការងារទាំងនោះគ្មានប្រសិទ្ធភាពនោះទេព្រោះមន្រ្តីជំនាញទាំងនោះជាអ្នកឃុបឃិតជាមួយឈ្មួញឈើប្រព្រឹត្តបទល្មើសព្រៃឈើទៅវិញ។

លោក អ៊ុំ វណ្ណា បានក្ដោបក្ដាប់ការងារផ្ដាច់មុខបង្ក្រាបបទល្មើសសេដ្ឋកិច្ច៥ខេត្តតែម្នាក់ឯងរហូតដល់សព្វថ្ងៃនេះបាននិងកំពុងធ្វើឲ្យអ្នកដែលបានដឹងរឿងនោះ នាំគ្នានិយាយរិះគន់យ៉ាងធ្ងន់ៗថា វាល្មមដល់ពេលដកលោក អ៊ុំ វណ្ណា ចេញពីតំណែងហើយ។

ប្រភពដដែលបានបញ្ជាក់ថា លោក អ៊ុំ វណ្ណា បានគ្រប់គ្រងការងារតែម្នាក់ឯងនោះធ្វើឲ្យកើតមានបទល្មើសសេដ្ឋកិច្ច មិនតិចទេនៅខេត្តទាំងនោះ ជាពិសេសបទល្មើសព្រៃឈើតែម្ដង ព្រោះមន្រ្តីនគរបាលខិលខូចជាបក្ខពួកតែងតែបានយកតួនាទីរបស់ខ្លួនទៅប្រព្រឹត្តអំពើពុករលួយជាមួយពួកឈ្មួញប្រព្រឹត្តបទល្មើស ច្រើនជាងការទៅបង្ក្រាបទប់ស្កាត់បទល្មើសសេដ្ឋកិច្ច។

ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តក្រោមការគ្រប់គ្រងរបស់លោក អ៊ុំ វណ្ណា បានរិះគន់ថា ល្មមដល់ពេលដែលថ្នាក់លើត្រួតពិនិត្យពីមុខតំណែងរបស់លោក អ៊ុំ វណ្ណា ហើយព្រោះសព្វថ្ងៃនេះបទល្មើសព្រៃឈើនៅតែកើតមានពេញបន្ទុកដដែល។

ប្រភពដដែលបានបញ្ជាក់ថា មន្រ្តីនគរបាលសេដ្ឋកិច្ចដែលជាបក្ខពួករបស់លោក អ៊ុំ វណ្ណា តែងតែប្រាស់សិទ្ធិអំណាចរបស់ខ្លួនដើម្បីប្រព្រឹត្តអំពើពុករលួយ៕

Loading...