ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចធ្វើការឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដោយសារតែបាត់គោ ហើយបន្សល់ទុកស្បែក ក្បាល និងគ្រឿងក្នុងរបស់គោ។
កាលឃាត់ជនសង្ស័យខាងបានការពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុច ក្រោលគោក្រោយផ្ទះស្ថិតនៅក្នុងភូមិក្រាំងមេត្រី ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចនគរបាលបាននិយាយអោយដឹងថាដោយមានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺរួចមក សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យឹម សុធារិទ្ធិ ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភួមិទី៦(វាលធំ) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ពាក់ពន្ធ័ករណីចោរកម្ម(លួចគោ) ចំនួន២ក្បាល នៅចំណុចក្រោលគោក្រោយផ្ទះស្ថិតក្នុងភូមិក្រាំងមេត្រី(ត្រពាំងខ្លុង) ឃុំដំបូករូង ស្រុកភ្នំស្រួច។
ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាង សោកន្ទុយអន្ទង់០១(សម្រាប់កាច់កម៉ូតូ) កន្រ្តៃ០១ ដែកកាប់០១ អត្តសញ្ញាបណ្ណ័សញ្ជាតិខ្មែរ០១ ខ្សែចងគោ ០១ខ្សែ មួក០១ ម៉ាស០១ ស្រោមដៃ០១ និងកាតេ “បាវ”។
ក្រោយសួរនាំជនសង្ស័យបានឆ្លើយសារភាពថាកន្លងមកខ្លួនធ្លាប់បានលួចគោ ព្រលះយកសាច់នៅស្រុកភ្នំស្រួចនិងទីកន្លែងផ្សេងទៀត។
ជាក់ស្ដែង ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅស្ថាបនអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការនីតិវិធីបន្ដ ចំណែកសត្វគោពីក្បាលបានប្រគល់ជូនម្ចាស់វិញ៕