នគរបាលស្រុកសៀមប៉ាងតាមរកសាកសពបុរសម្នាក់អស់រយៈពេលពីរថ្ងៃក្រោយពេលផឹកស្រាស្រវឹងរួចចុះមុជទឹកអូរនៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ អស់រយះពេលពីរថ្ងៃ ដែលកម្លាំងនគរបាលស្រុកសៀមប៉ាង បានចុះតាមរកសាកសពបុរសម្នាក់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា បុរសនោះបានបាត់ខ្លួននៅក្នុងទឹកអូរមួយកន្លែង ឈ្មោះអូរខាំផា ស្ថិតក្នុងភូមិសាស្ត្រភូមិញ៉ាងស៊ុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង ក្រោយពីបានផឹកស្រាស្រវឹង រួចចុះទៅមុជទឹកដើម្បីចងឈើ និងក្រោយមកក៏ត្រូវបាត់ខ្លួនជារៀងរហូតមក។

អធិការនគរបាលស្រុកសៀមប៉ាង លោកវរៈសេនីយ៍ទោវ៉ា សុផាន់ បានបា្រប់ឲ្យដឹងថា បុរសដែលរងការបាត់ខ្លួនក្នុងអូរនោះ មានឈ្មោះភី រដ្ឋា អាយុ២៣ឆ្នាំ រស់នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។បុរសនេះបានបាត់ខ្លួនកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃ២៧មិថុនាកន្លងទៅ ហើយត្រូវកម្លាំងនគរបាលស្រុក ចែវទូកតាមរកឃើញ នៅនាព្រឹកថ្ងៃ២៩មិថុនានេះ បន្ទាប់ពីកម្លាំងនគរបាលបានតាមរកអស់រយះពីរថ្ងៃនោះមក។

លោកអធិការវ៉ា សុផាន់ បានឲ្យដឹងទៀតថាសាក្សីពីរនាក់ឈ្មោះយុត ផន និងជា ធី ត្រូវជាមិត្តភ័ក្ត្រសាកសព បានបា្រប់លោកថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នាពីរនាក់ បានផឹកស្រាអស់១លីត្រកន្លះ បន្ទាប់មកជនរងគ្រោះ ក៏បានចុះទៅមុជទឹកអូរចងឈើតែម្នាក់ឯង តែគេបានបាត់ខ្លួននៅគ្រានោះទៅ ហើយក៏ទើបផ្អើលឆោរឡោថា ជនរងគ្រោះមិនបានឡើងមកផ្ទះវិញ ឯក្រុមគ្រួសារ ក៏បានទៅប្តឹងនគរបាលឲ្យតាមជួយរក ។

សាកសពបុរសរងគ្រោះ នៅព្រឹកថ្ងៃ២៩មិថុនានេះ ត្រូវបានកម្លាំងនគរបាលស្រុកសៀមប៉ាងតាមរកឃើញ និងបានជួយស្រង់យកចេញពីក្នុងទឹកអូរ នាំយកមកប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ។

ជុំវិញការស្លាប់របស់បុរសរងគ្រោះនេះ សមត្ថកិច្ចបានធ្វើសេចក្តីសន្និដ្ឋានថា គឺពិតជាបានស្លាប់ដោយសារលង់ទឹកនោះមែន ព្រោះក្រោយការពិនិត្យ មិនមានសញ្ញាអ្វីពាក់ព័ន្ធនឹងបទល្មើសព្រហ្មទ័ណ្ឌនោះឡើយ ៕ បក្សីជាយដែន

struen (3)

struen (2)

struen (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *