នគរបាលស្រុកឧដុង្គឃាត់ខ្លួនបុរសម្នាក់រួមវត្ថុតាងថ្នាំញៀន២កញ្ចប់

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលស្រុកឧដុង្គបានឃាត់ខ្លួនបុរសម្នាក់រួមជាមួយវត្ថុតាងថ្នាំញៀន២កញ្ចប់ ។

សេចក្តីរាយការណ៍ឲ្យដឹងថាកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ១៨នាទី នៅចំនុចព្រៃខាងកើតភូមិត្រពាំងអំពិលឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុក បានចុះប្រទះឃើញជនសង្ស័យ ជួញដូរគ្រឿងញៀនខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យឈ្មោះសឿន សី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិថ្មីទន្លាប់ ឃុំចាន់សែន ស្រុកឧដុង្គ និងដកហូតបាន ម្សៅក្រាមពណ៌សរ សង្ស័យថា គ្រឿងញៀន ចំនួន ០២កញ្ចប់មធ្យមនិងទូរសព្ទ័ចាស់ចំនួន ០១គ្រឿង ។

មុនឈានដល់ឃាត់ខ្លួន ក្រោយពីឃើញសកម្មភាពជនសង្ស័យខាងលើ ដើរលក់នៅម្តុំសួនច្បារសាលាខេត្ត និងនៅផ្ទះសំណាក់ជាប់នឹងខារ៉ាអូខេ ហេភី ស្ថិតនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជនខាងលើនេះទទួលថ្នាំពីឈ្មោះ សម្បិត្ត ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅផ្ទះសំណាក់ខាងលើ ហើយជាទីតាំងលក់ដូរជារៀងរាល់ថ្ងៃ ៕ មណ្ឌលច្បារមន

Loading...