នគរបាល១០០នាក់ទទួលបានការបណ្តុះបណ្តាលយុទ្ធវិធីប្រឆាំងបាតុកម្ម

ខេត្តបន្ទាយមានជ័យ៖ នគរបាលមកពីចំនួន៣អង្គភាព វរៈការពារព្រំដែនលេខ៨៩១ ,៩១១, និងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សរុប១០០នាក់ ឈរជើងនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានទទួលវគ្គបណ្តុះបណ្តាលទៅលើជំនាញយុទ្ធវិធី ប្រឆាំងនិងបាតុកម្ម ដើម្បីបង្កើនសមត្ថភាពនិងចំណេះដឹងក្នុងជួរកងកម្លាំងនគរបាលជាតិក្នុងការការលើកកំពស់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែប្រសើរឡើង ក៏ដូចជាត្រៀមយកទៅប្រើប្រាស់ក្នុងវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបរាល់អំពើនៃការធ្វើបាតុកម្មខុសច្បាប់បង្កឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធ្ងន់ធ្ងរនោះ។

ការហ្វឹកហាត់ពីកម្លាំងនគរបាលនោះដែរគ្ទន្ទឹមដែលនៅក្រុងប៉ោយប៉ែត ជាពិសសនៅច្រកអន្តរជាតិប៉ោយប៉ែត ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវគេមើលឃើញថា បាតុកម្មបិទច្រកអន្តរជាតិប៉ោយប៉ែត ២ថ្ងៃជាប់គ្នា ធ្វើឡើងពីសំណាក់ក្រុមកម្មករ និងអាជីវករខ្មែរនាំត្រីចូលប្រទេសថៃដើម្បី ប្រឆាំងនិងគយថៃដែលបានទារពន្ធនាំត្រីចូលប្រទេសថៃខ្ពស់ពេក នាំឱ្យរាំងស្ទះ និងមានផលប៉ះពាល់នៃកិច្ចដំណើរការធ្វើពាណិជ្ជកម្មនិងទេសចរណ៍រវាងថៃនិងកម្ពុជា នៅច្រកអន្តរជាតិប៉ោយប៉ែតនោះ។

វគ្គបណ្តុះបណ្តាលកម្លាំងនគរបាលខាងលើមានរយៈពេល៣ថ្ងៃនៅទីបញ្ជាការដ្ឋាននៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ស្ថិតនៅក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រព្រឹត្តទៅក្រោមវត្តមានលោកឧត្តមឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

វគ្គបណ្តុះបណ្តាលយុទ្ធវិធីប្រឆាំងនិងបាតុកម្មត្រូវបានគ្រូបង្គោលមកពីអង្គភាពវរៈសេនាតូចការពារព្រំដែនគោកលេខ៨៩១ ប្រាប់ឱ្យដឹងថាមេរៀនចំនួន២យុទ្ធវិធី ត្រូវធ្វើការបង្ហាត់បង្រៀនជូនដល់សិក្ខាកាម គឺយុទ្ធវិធីជំហរទាបនិងជំហរខ្ពស់ អំពីរបៀបប្រើប្រាស់ខែល និងដំបង ដើម្បីទប់ស្កាត់ទៅលើក្រុមបាតុករធ្វើបាតុកម្មឈាន ដល់ប្រើប្រាស់អំពើហិង្សានោះ។

លោកឧត្តមឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍និងលើកឡើងជម្រុញដល់កងកម្លាំងនគរបាលគ្រប់អង្គភាពទាំងអស់ក្រោមឱវាទត្រូវបង្កើននៃការយកចិត្តទុកដាក់បើកវគ្គបណ្តុះបណ្តាលហ្វឹកហាត់ជំនាញដែលជាកិច្ចការងាររបស់នគរបាលជាតិធ្វើឡើងជាប្រចាំ ពីព្រោះនគរបាលមានតួនាទីភារកិច្ចនិងទទួលខុសត្រូវខ្ពស់ក្នុងការរក្សាសន្តិសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋទូទៅ។

លោកឧត្តមសេនីយ៍ស្នងការបានលើកឡើងទៀតថា ការហ្វឹកហាត់នៃវគ្គបណ្តុះបណ្តាលប្រឆាំងនិងបាតុកម្មរបស់កងកម្លាំងនគរបាល មិនមែនយកទៅប្រើប្រាស់បង្រ្កាបទៅលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់នោះឡើយដោយការហ្វឹកហាត់នោះគឺដើម្បីទប់ស្កាត់រាល់ការប៉ុនប៉ង ញុះញង់បំផុសបំផុលពីសំណាក់ក្រុមប្រឆាំងមួយចំនួនដែលប្រមូលកៀរគប្រជាជនធ្វើបាតុកម្មខុសច្បាប់ប្រឆាំងនិងរដ្ឋាភិបាលនាំឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្រ្គាមសារជាថ្មីនោះ ៕ ពាយព្យ

Loading...