នគរបាល​និង​អាវុធ​ហត្ថ​ក្រុង​តាខ្មៅ​​ ដែល​ធ្វេស​​ប្រហែល​ឱ្យ​ជនសង្ស័យ​រត់​គេច​ខ្លួន​ ពេល​នេះ​ចាប់​អត់​ទាន់​បាន​ទេ​

ខេត្តកណ្ដាល​៖ ​ពីរ​ករណី​ផ្សេង​​គ្នា​ ដែល​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ និង​ សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ក្រុង​តាខ្មៅ​ ធ្វេសប្រហែ​បណ្តាល​ឱ្យ​ជនសង្ស័យ​រត់​គេច​ខ្លួន​ នោះ​ រហូត​មក​ទល់​ពេល​នេះ​ នៅ​ពុំ​ទាន់​ចាប់​ខ្លួន​បាន​មក​វិញ​ទេ​ ។

ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បង្ហើប​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ នេះ​ថា ជនសង្ស័យ​ដែល​រត់​គេច​ខ្លួន​ក្នុង​តុលាការ​ខេត្ត​កណ្ដាល​ ពុំ​ទាន់​ចាប់​ខ្លួន​បាន​មក​វិញ​ទេ​ ។ ដោយ​ឡែក​នគរបាល​ក្រុង​តាខ្មៅ​ ដែល​ពាក់ព័ន្ធ​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ ហើយ​រត់​គេច​ខ្លួន​ពី​ក្នុង​បញ្ជាការ​ដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ក្រុង​តាខ្មៅ​ ក៏​ពុំ​ទាន់​ចាប់​ខ្លួន​បាន​ដែរ​ ។

បញ្ហា​ធ្វេសប្រហែស​នេះ​ ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​មួយចំនួន​រិះគន់​យ៉ាង​ខ្លាំង​ក្លា​ អំពី​ភាព​កម្សោយ​របស់​សមត្ថកិច្ច​ ដែល​ធ្វើ​ឱ្យ​ ជនសង្ស័យ​រត់​គេច​ខ្លួន​បែបនេះ​ ។

ករណី​ទី​១​៖ជនសង្ស័យពីរនាក់ប្តីប្រព​ន្ធពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន​ ត្រូវបាននគរបាលការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល​ បញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកណ្តា​ល​ កាលពីថ្ងៃទី៣១​ ខែធ្នូឆ្នាំ២០១៧ ដើម្បីចាត់ការតាមច្បាប់​ ។​ នគរបាលទាំងនេះ ស្លៀកពាក់ឯកសណ្ឋាន ស៊ីវិល​ ដោយទំនងសំអាងថាជាថ្ងៃអាទិត្យ​ ។​

ក្រោយការសាកសួរ​ លោក​ ហេង​ ផេង​ ព្រះរាជអាជ្ញារងសម្រេច ចោទប្រកាន់ពីរនាក់ប្តីប្រពន្ធនេះ​ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន​ រួចបញ្ជូនជនត្រូវចោទ និងសំណុំរឿង​ទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។​ លោក​ ងួន​ វុទ្ធី​ ជាចៅក្រមស៊ើបសួរ សម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ ទាំងពីរនាក់នេះដាក់ពន្ធនាគារ បណ្តោះអាសន្ន​ ។

ចន្លោះពេលនេះ​ ជនត្រូវចោទទាំងពីរនាក់ ​ត្រូវជាប់ខ្នោះដៃជាមួយគ្នា​ ហើយដោយសារការធ្វេសប្រហែស របស់នគរបាល​ ប្តីបានដោះខ្នោះដៃរត់គេចខ្លួន តែម្នាក់ឯងចោលប្រពន្ធឱ្យនៅតែឯង​ ធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្តង​ ។

ករណី​ទី​២៖នគរបាល​ក្រុង​តាខ្មៅ​និង​បក្ខពួក​៤នាក់​ទៀត​ ត្រូវ​បាន​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ក្រុង​តាខ្មៅ​ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ ។ ប៉ុន្តែ​ក្រោយ​មក​ នគរបាល​ក្រុង​តាខ្មៅ​រូបនេះ​ បាន​រត់​គេច​ខ្លួន​ពី​ក្នុង​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​តាខ្មៅ​ ៕

Loading...