នគរបាល​បញ្ជូន​ជនសង្ស័យ​ម្នាក់​លក់​គ្រឿងញៀន​ខាង​មុខ​កាស៊ីណូ​ផ្កាយ​៥​ទៅ​កាន់​តុលាការ​

​ខេត្តបន្ទាយមានជ័យ​៖​ ជនសង្ស័យ​ម្នាក់​និង​វត្ថុ​តាង​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​៧​កូន​ថង់​ស្មើ​៦.១​ក្រាម​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ខេត្តបន្ទាយមានជ័យ​ កសាង​សំណុំរឿង​ បញ្ជូន​ទៅ​កាន់​ តុលាការ​ យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។​

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ចុះ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​កាលពី​យប់​ ថ្ងៃ​ទី​២៧​ខែធ្នូ​ ឆ្នាំ​២០១៤​ ខណៈ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន​ នៅ​ចំណុច​មុខ​កាស៊ីណូ​ផ្កាយ​៥​ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​។​ជនសង្ស័យ​មានឈ្មោះ​ប្រាក់​ ឌី​ម៉​ង់​ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ក្រពើ​ ឃុំ​ពាម​ព្រះ​ ថ្នួ​ស​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់​ ចាម​ បច្ចុប្បន្ន​រស់​ នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ គ្មាន​អ​ស័​យ​ដ្ឋា​ន​ច្បាស់លាស់​។​

​លោក​វរសេនីយ៍ទោ​ធិ​ន​ ស៊ិ​ន​ដេ​ត​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ ដឹង​ថា​៖​សមត្ថកិច្ច​ចេញ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ក្រោយ​ពី​សមត្ថកិច្ច​ទទួល​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឃើញ​ជនសង្ស័យ​ធ្វើ​សកម្មភាព​លក់​ចែកចាយ​ថ្នាំ​ញៀន​នៅ​ចំណុច​ខាងលើ​។​បន្ទាប់​មក​សមត្ថកិច្ច​ក៏​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ហើយ​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ដកហូត​បាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​មីន​ ទឹកកក​ ចំនួន​៧​កូន​ថង់​ស្មើ​និង​ទម្ងន់​៦,១​ក្រាម​។​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​គេ​ គ្រាន់តែ​ ស៊ីឈ្នួល​លក់​ថ្នាំ​ញៀន​ឲ្យ​ឈ្មោះ​រ៉េ​ត​ រស់នៅ​ក្នុងភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ តែ​ប៉ុណ្ណោះ​ ប្រ​សិន​លក់​អស់​ថ្នាំ​ញៀន​ឱ្យ​កម្រៃ​ក្នុង​១​លើក​១០០​បាត​។​

​លោកនាយ​ការិយាល័យ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​ជុំវិញ​នៃ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដោយ​ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ ត្រី​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ក្នុង​រយៈពេល​១​ខែ​នេះ​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ចេញ​ប្រតិបត្តិកា​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បាន​ ចំនួន​១៥​ លើក​ធ្វើការ​ ឃាត់ខ្លួន​ជនសង្ស័យ​៣៦​នាក់​ ដកហូត​ថ្នាំ​ញៀន​ មេ​តំ​ហ្វេ​តា​មីន​WY​ចំនួន​ ៣៣២,៥​គ្រាប់​ ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​៧១​កូន​ថង់​តូច​ទម្ងន់​១៨,៤​ក្រាម​៕

fdfd (2)

Loading...