នគរបាល​ ខេត្តកំពង់ចាម​ កំពុង​តាម​ចាប់​ ជនសង្ស័យ​ជំនាញ​ លក់​មាស​សុទ្ធ​

កំពង់ចាម​ ៖​ នគរបាល​ ខេត្តកំពង់ចាម​ បាន​ និង​កំពុង​ស្វែង​ រក​ចាប់ខ្លួន​ ជនសង្ស័យ​ម្នាក់​ ដែល​ជំនាញ​ ប្រើ​ស្ទីល​យក​ មាស​សុទ្ធ​ទៅ​លក់​ ប៉ុន្តែ​ពេល​ទទួល​បាន​លុយ​ ពី​ជន​រង​គ្រោះ​ រួច​ហើយ​ ជន​នេះ​បាន​បន្លំ​ដូរ​ ដាក់​លោហៈ​ ជំនួស​វិញ​ មុន​ពេល​គេចខ្លួន​ ។​

​ជនសង្ស័យ​រូប​នេះ​ បាន​បរាជ័យ​នូវ​ ផែនការ​របស់​ខ្លួន​ ដោយ​បំរុង​ធ្វើ​ សកម្មភាព​ ទៅ​លើ​អាជីវករ​ លក់​មាស​ ប្តូរ​ ប្រាក់​ នៅ​ផ្សា​របឹង​កុក​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ នា​រសៀល​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៥​នេះ​ ប៉ុន្តែ​បាន​បរាជ័យ​ ព្រោះតែ​នគរបាល​ ដឹង​ពី​គម្រោង​ទាន់​ពេលវេលា​ ហើយ​ ក៏​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព​ ។​

​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ ខេត្តកំពង់ចាម​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​រូប​នេះ​ ធ្លាប់​បាន​ ធ្វើ​សកម្មភាព​ ដោយ​ជោគជ័យ​ ទៅ​លើ​អាជីវករ​ នៅ​ខេត្ត​រតនគីរី​ ដោយ​បន្លំ​យក​ប្រាក់​ ពី​ល្បិច​កល​បែប​នេះ​ បាន​ជាង​៣​ម៉ឺន​ដុល្លារ​ ។​

​ជុំវិញ​ល្បិច​បោកប្រាស់​ បែប​នេះ​ ស្នងការ​នគរបាល​ ខេត្តកំពង់ចាម​ លោក​ឧត្តមសេនីយ៍​ បែន​ រ័​ត្ន​ បាន​បញ្ជា​ ទៅ​អធិការ​ នគរបាល​តាម​ បណ្តា​ ក្រុង​-​ស្រុក​ និង​នាយ​ប៉ុស្តិ៍​ទាំងអស់​ ត្រូវ​ផ្សព្វផ្សាយ​ ដល់​ប្រជាពលរដ្ឋ​ ក្រុម​អាជីវករ​ តាម​រយៈ​ ការ​បង្ហាញ​រូបថត​ និង​រឿងរ៉ាវ​ ដោយ​បន្ទាន់​បំផុត​ ។​

​លោក​ឧត្តមសេនីយ៍​ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​របស់​ខ្លួន​ តាម​ស្វែងរក​ និង​ចាប់ខ្លួន​ជា​បន្ទាន់​ ហើយ​នៅ​ជាប់​នឹង​ខ្លួន​ ជនសង្ស័យ​រូប​នេះ​ មាន​មាស​សុទ្ធ​១​គីឡូក្រាម​ កាត់​ជា​៤​ដុំ​ និង​មាន​ដុំ​ដែក​ ៤​ដុំ​ ផង​ដែរ​ ។​

​ស្នងការ​ នគរបាល​ ខេត្តកំពង់ចាម​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ «​សូម​បងប្អូន​អាជីវករ​ ប្រយ័ត្ន​ ជន​នេះ​បាន​ និង​កំពុង​ ដើរ​យក​ មាស​ លក់​ ពេល​លក់​ គឺ​មាស​សុទ្ធ​ ពេល​ទទួល​ប្រាក់​ហើយ​ វា​មាន​ល្បិច​ប្តូរ​ យក​មាស​នេះ​វិញ​ ដោយ​ដាក់​ លោហៈធាតុ​ផ្សេង​ជំនួស​ ។​ រសៀល​នេះ​ វា​បំរុង​ធ្វើ​សកម្មភាព​ នៅ​ផ្សា​របឹង​កុក​ តែ​ត្រូវ​ខូចផែនការ​ទៅ​វិញ​ ព្រោះ​បែកការ​ ដល់​នគរបាល​ ។​ ប៉ុន្មាន​ថ្ងៃមុន​នេះ​ វា​ធ្វើ​បាន​ជោគជ័យ​ នៅ​រតនគិរី​ យក​ប្រាក់​គេ​បាន​៣​ម៉ឺន​ ពេល​វា​ចេញ​ផុត​ មាស​នោះ​ វា​បាន​ប្តូរ​ទៅ​ដុំ​ដែក​វិញ​»​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍​ស្នងការ​ កាលពី​២​ខែ​មុន​ នៅ​ផ្សារ​ស្ទឹង​ត្រង់​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ មាន​ជនសង្ស័យ​ ម្នាក់​ បាន​ប្រើ​ស្ទីល​ បោក​ដូច​រូបភាព​ ខាងលើ​នេះ​ ផង​ដែរ​ ដោយ​ជនសង្ស័យ​ បាន​យក​លុយ​១​ម៉ឺន​ដុល្លារ​ ទៅ​ដូរ​ យក​លុយ​ខ្មែរ​ ហើយ​ធ្វើ​ជា​យក​ លុយ​របៀប​១​ម៉ឺន​ដុល្លារ​ទៀត​ ប៉ុន្តែ​ក្រដាស់​ ១០០​ដុល្លារ​ នៅ​ ខាងក្រៅ​ រីឯ​ក្រដាស​ ១​ដុល្លារ​ នៅ​ខាងក្នុង​ ។​ ក្រោយ​ពេល​ដូរ​លុយ​រួច​ ជនសង្ស័យ​បាន​ប្រើ​ល្បិច​ បន្លំ​ចុះ​ បន្លំ​ឡើង​ ដោយ​ធ្វើ​ផ្ញើរ​ លុយ​នេះ​ នៅ​នឹង​អ្នកលក់​សិន​ លុះ​ពេល​ចេញ​ទៅ​ផុត​ អ្នកលក់​ យក​មក​មើល​ ស្រាប់តែ​លុយ​មាន​ត្រឹម​ ១៩៩​ដុល្លារ​ប៉ុណ្ណោះ​ ។​

​លោក​ឧត្តមសេនីយ៍​ បែន​ រ័​ត្ន​ បាន​បញ្ជាក់​ផង​ដែរ​ថា​ តាម​ការ​សន្និដ្ឋាន​ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៤​ ខែមករា​ នេះ​ ជនសង្ស័យ​ ខាងលើ​ មិន​ទាន់​ចេញ​ផុត​ពី​ ក្រុង​កំពង់ចាម​នៅឡើយ​ទេ​៕​

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *