នគរបាល បញ្ជូន​ជនសង្ស័យ ៤​នាក់ ទៅ​តុលាការខេត្ត​ស្ទឹងត្រែង​ក​រ​ណី​ក្មេងស្ទាវ​ចាក់ ជនរងគ្រោះ មួយ​ដាវ​ជាប់​នឹង​ឆ្អឹងខ្នង​

ស្ទឹងត្រែង​៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១​នេះ​កម្លាំង​នគរបាល ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង បាន​បញ្ជូន​ជនសង្ស័យ ចំនួន​៤​នាក់​ពាក់ព័ន្ធ ករណី​ចាក់​យុវជន​ម្នាក់ មួយ​ដាវ បណ្ដាលឱ្យ​ជាប់​នឹង​ឆ្អឹងខ្នង ទៅ​តុលាការខេត្ត​។​

​លោក គង់ សេនា នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ ចំនួន ៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ជា​បន្តបន្ទាប់ ក្រោយពី​មាន​ហេតុការណ៍ កើតឡើង នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កាលពី​យប់​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​២០២១​។​

​លោក​វរៈសេនីយ៍ឯក វ៉ា សុផាន់ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត បានឱ្យដឹង នៅ​ថ្ងៃទី ៣០ ខែមេសា ថាៈ ជនរងគ្រោះ ឈ្មោះ គង់ ប៊ុន​នី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

​ជនសង្ស័យ​មាន​គ្នា ៤​នាក់ គឺ​ទី​១-​ឈ្មោះ ហុន ម៉េង​ណាំង ហៅ ណា​ង , ទី​២-​ឈ្មោះ អាង តុលា , ទី​៣-​ឈ្មោះ គង់ ចន្ថា និង​ទី​៤-​ឈ្មោះ​ហ៊​ន ប៊ុនថន​។​

​សមត្ថកិច្ច បាន​ឃាត់ខ្លួន ៣​នាក់ នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ឃាត់​បាន​ម្នាក់ទៀត នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ ជនសង្ស័យ​ពាក់ព័ន្ធ មាន​គ្នា​ចំនួន ៤ នាក់​។​

​តាម​ការឆ្លើយ​សារភាព​របស់ ជនដៃដល់ បាន​និយាយថាៈ អំឡុង​ខែមីនា ក្រុម​ជន សង្ស័យ និង ក្រុម​ជនរងគ្រោះ បាន​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក ឌឺដង​ដាក់គ្នា បង្ក​ឲ្យ​មាន​គំនុំ​។ លុះ​មកដល់​នៅ​ថ្ងៃទី ២៧ ខែមេសា ជនសង្ស័យ និង​បក្ខពួក បាននាំគ្នា​ជិះ​ម៉ូតូ ២​គ្រឿង កាន់​ដាវ មករក​កាប់​ជនរងគ្រោះ​។​

​បន្ទាប់ពី​ឃើញ ជនរងគ្រោះ មាន​គ្នា​ចំនួន ៣ នាក់ កំពុង​នៅលើ​ម៉ូតូ ឈប់​ទិញ​ទឹកក្រឡុក ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ជនសង្ស័យ​ម្នាក់ ក្នុងចំណោម ៤​នាក់​បាន​ដើរ ចូលទៅ​រករឿង ហើយ​យក​ដាវ បម្រុង​នឹង​កាប់​ចាក់ ជនរងគ្រោះ តែ​ចៃដន្យ​បាន​ជំពប់ ជើង​ដួល ក៏​របូត​ដាវ ចេញពី​ដៃ សំដៅ​ទៅរក​ជនរងគ្រោះ កំពុងបើក​ម៉ូតូ​រត់គេច​។​

​ចៃដន្យ ដាវ​ដែល​របូត ពី​ជនសង្ស័យ ទៅនោះ ជនរងគ្រោះ ៣​នាក់ ជិះ​ម៉ូតូ​បម្រុង​រត់គេច អ្នក​អង្គុយ​ក្រោយ ឃើញ ក៏​គេច​ដាវ ដែល​ទៅ​ចំ​អ្នក​អង្គុយ​កណ្ដាល លើ​ម៉ូតូ​បណ្ដាលឱ្យ មុត​ជាប់​ខ្នង ត្រូវបាន​ក្រុមគ្រួសារ បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ខេត្ត​។ ឃើញ​ដូច​នោះ ជនសង្ស័យ ក៏​នាំគ្នា​រត់គេច​។​

​សមត្ថកិច្ច ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ៤ នាក់ រួម​នឹង​វត្ថុតាង​ដាវ​សាំ​រ៉ៃ មួយ​ដើម សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ថ្ងៃទី​៣០ ខែមេសា​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Loading...