នគរបាល ស្រុកកងមាស ឃាត់ខ្លួនកូនប្រុសអកត្តញ្ញូម្នាក់ ដែលបានលើកដៃកាប់ឪពុកបង្កើត

ខេត្តកំពង់ចាម៖ កម្លាំងអធិការនគរបាលស្រុកកងមាស បានឃាត់ខ្លួនកូនប្រុសអកត្តញ្ញូម្នាក់ដែលបានលើកដៃកាប់ឪពុកបង្កើតរបស់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2019 វេលាម៉ោង7:00នាទីនៅភូមិល្វាក្រោម ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

ករណីហិង្សាដោយចេតនាខាងលើនេះបង្ក ដោយឈ្មោះ យ៉េន ចាន់ថា ភេទប្រុស អាយុ35ឆ្នាំ មានទីលំនៅភូមិល្វាក្រោម ឃុំស្តៅស្រុកកងមាស ខេត្តកំពង់ចាម បានយកពូថៅកាប់ទៅលើឈ្មោះ យ៉ង់ យ៉េន ភេទប្រុស អាយុ 68ឆ្នាំ ត្រូវជាឪពុកបង្កើត ខណៈពេលដែលឈ្មោះយ៉ង់ យ៉េនកំពុងអោនកាច់ចង្ក្រានហ្គាស់នៅចំណុចលើគ្រែ មុខផ្ទះរបស់គាត់នៅ ភូមិឃុំខាងលើបណ្តាលឲ្យរងរបួសខាងក្រោយទងត្រជៀកទាំងសងខាង និងចំក្បាលខាងក្រោយរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកទៅព្យាបាលនៅមន្ទីពេទ្យកាលម៉ែតភ្នំពេញ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា កូនប្រុសអកត្តញ្ញូនេះ មានអការមិនប្រក្រតី ហើយត្រូវឪពុក របស់ខ្លួនចាប់ឲ្យគ្រូស្រោចទឹក ទើបធ្វើឲ្យជនបង្កនេះខឹងយកពូថៅលបកាប់ឪពុក ។

ប៉ូលិសបានបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីសាកសួរបំពេញសំណុំរឿងតាមនីតិវិធី ៕

Loading...