នាយកការផ្សាយគេហទំព័រនគរមាសព័ត៌មាន NKMNews សន្យាមិនផ្សាយព័ត៌មានណា ដែលមិនពិត មិនមានប្រភពច្បាស់លាស់

ខេត្តកំពង់ឆ្នាំង៖ លោក ចាន់ ធី នាយកការផ្សាយគេហទំព័រនគរមាសព័ត៌មាន NKMNews កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានធ្វើលិខិតសន្យាថា នឹងមិនផ្សាយព័ត៌មានណា ដែលមិនពិតមិនមានប្រភពច្បាស់លាស់ឬព័ត៌មាន ដែលមិនទាន់ធ្វើការស៊ើបបញ្ញាក់នោះទៀតទេ។

លោកចាន់ ធី បានរៀបរាប់ថា ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ខ្ញុំបាទបានផ្សាយព័ត៌មានតាមរយៈគេហទំព័រនគរមាសព័ត៌មានNKMNews ដែលមានខ្លឹមសារថាៈ មានគោយន្តកន្ត្រៃចំនួន៤៧គ្រឿងកំពុងប្រមូលកាប់ និងអារឈើគ្រប់ប្រភេទចេញពីដែនអភិរក្សជីវៈចម្រុះការពារសត្វព្រៃស្រែពក, ភ្នំព្រិច និងលំផាត់ដឹកបន្តតាមរថយន្តយីឌុបខ្នាតយក្សលក់ទៅប្រទេសវៀតណាម ។ ក្រោយពីបែកធ្លាយព័ត៌មាននេះ ក្រុមឈ្មួញបានប្តូររូបភាពពីដឹកតាមរថយន្តយីឌុបមកដឹកតាមរថយន្តសាំយ៉ុងចំនួនជាង១០គ្រឿងវិញឆ្ពោះទៅកាន់ប្រទេសវៀតណាម ។ ដោយឡែកក្រុមឈ្មួញដឹកឈើគ្រឿង(ឈើក្រហម)ដឹកតាមរយៈរថយន្តវេអង៣គ្រឿងដឹកឈើដោយដាក់ឥដ្ឋពីលើដើម្បីបន្លំភ្នែកអ្នកការសែត ។

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ខ្ញុំបាទបាននាំក្រុមស្រាវជ្រាវព័ត៌មានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបរកឃើញថាៈនៅតំបន់ដែនអភិរក្សជីវៈចម្រុះការពារសត្វព្រៃស្រែពក, ភ្នំព្រិច និងលំផាត់មិនមានគោយន្តចំនួន៤៧គ្រឿង និងផ្អែកតាមស្ថានភាពភូមិសាស្ត្រ-ផ្លូវ ដែល ខ្ញុំបាទឃើញផ្ទាល់មិនអាចចរាចរណ៍រថយន្តយីឌុបបានទេ ហើយចំពោះព័ត៌មាន ដែលថាក្រុមឈ្មួញបានប្តូររូបភាពពីដឹកតាមរថយន្តយីឌុបមកដឹកតាមរថយន្តសាំយ៉ុងចំនួនជាង១០គ្រឿងវិញឆ្ពោះទៅកាន់ប្រទេសវៀតណាមក៏មិនពិតដែរ ។ ចំពោះរថយន្តវេអង៣គ្រឿងដឹកឈើកង្កប់ឥដ្ឋក៏មិនមានដែរ ដោយសារនៅពេលនោះយប់ងងឹត ខ្ញុំបាទមើលច្រឡំក្រោយពីការស៊ើបបញ្ជាក់ទើបដឹងថាមិនមានករណីនេះទេ ។

ខ្ញុំបាទមានការសោកស្តាយជាខ្លាំង ដែលព័ត៌មានខាងលើនេះ ខ្ញុំទទូលបានពីភ្នាក់ងាររបស់ខ្ញុំ ហើយខ្ញុំមិនបានស៊ើបបញ្ជាក់ឲ្យបានត្រឹមត្រូវច្បាស់លាស់យកទៅផ្សព្វផ្សាយ ដែលធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នជំនាញសមត្ថក៏ច្ចដែនដីកំពុងធ្វើការដុតដៃដុតជើងបង្ក្រាបយ៉ាងសកម្ម ។ ខ្ញុំនឹងសហការរាយការណ៍ជូនកម្លាំងជំនាញសមត្ថកិច្ចនូវព័ត៌មាន ដែលពិតប្រកដដើម្បីធ្វើការបង្ការ និងបង្ក្រាបបទល្មើសព្រៃឈើ ។

ខ្ញុំសូមធ្វើការសន្យាចំពោះមុខសមត្ថកិច្ចថាខ្ញុំនឹងមិនផ្សាយព័ត៌មានណា ដែលមិនពិតមិនមានប្រភពច្បាស់លាស់ឬព័ត៌មាន ដែលមិនទាន់ធ្វើការស៊ើបបញ្ញាក់នោះទៀតទេ ។ បើសិនជាថ្ងៃក្រោយខ្ញុំបានប្រព្រឹត្តកំហុសឆ្គងដូចខាងលើនេះទៀតខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ និងវិធានការណ៍របស់ឯកឧត្តមប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៕

Loading...