នាយកដ្ឋានផ្គត់ផ្គង់ ក្រសួងការពារជាតិ ចុះត្រួតពិនិត្យ សម្ភារ ឃ្លាំងស្បៀង របស់តំបន់ប្រតិបត្តិការសឹករងសៀមរាប

(សៀមរាប)៖ ឧត្តមសេនីយ៍ទោ យឹម ឃឹម នាយករង នាយកដ្ឋានផ្គត់ផ្គង់ សហការជាមួយ ការិយាល័យទី៤ កងទ័ពជើងគោក ការិយាល័យទី៤ យោធភូមិភាគទី៤ បានចុះមកពិនិត្យ ឃ្លាំងសម្ភារស្បៀង និងឃ្លាំង របស់តំបន់ប្រតិបត្តិការសឹករងសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ តំបន់ប្រតិបត្តិការសឹករងសៀមរាប ។

លោកឧត្តមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងសៀមរាប បានមានប្រសាសន៍ថា សូមថ្លែងអំណរគុណ ដល់ក្រុមការងារ នាយកដ្ឋានផ្គត់ផ្គង់ បានចុះមកពិនិត្យ ឃ្លាំងសម្ភារស្បៀង និងឃ្លាំង របស់តំបន់ប្រតិបត្តិការសឹករងសៀមរាប។

លោកឧត្តមសេនីយ៍ទោបន្តថា ការចុះមកពិនិត្យខាងលើ បានស្តែងឲ្យឃើញ ពីការយកចិត្តទុកដាក់ពីសំណាក់ ក្រសួងការពារជាតិ ក៏ដូចជា កងទ័ពជើងគោក ដែលកន្លងមកតំបន់ប្រតិបត្តិការសឹករងសៀមរាប តែងតែធានាបានល្អ នូវជីវភាពរបស់កងទ័ព គ្រប់ចំនួនទៅតាមគោលរបប និងទាន់ពេលវេលាកំណត់របស់ថ្នាក់លើ។ ក្នុងនោះលោកនាយការិយាល័យទី៤ តំបន់ប្រតិបត្តិការសឹករងសៀមរាប បានលើកឡើងអពីស្ថានភាពទូទៅស្តីពីការធានាផ្គត់ផ្គង់ជីវភាពក្នុងអង្គភាព និងសំណូមពរ ដល់ថ្នាក់លើជួយឧបត្ថម្ភសម្ភារផ្ទះបាយមួយចំនួនដើម្បីបំពាក់ជូនដល់កងឯកភាពចំណុះ។

ឧត្តមសេនីយ៍ទោ យឹម ឃឹម នាយករង នាយកដ្ឋានផ្គត់ផ្គង់ ជាប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះការងារធានាផ្គត់ផ្គង់ គ្រប់គ្រង ឃ្លាំងសម្ភារស្បៀង និងយោធបរិក្ខា របស់តំបន់ប្រតិបត្តិការសឹករងសៀមរាប បានរៀបចំត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដោយឃ្លាំងមានទំហំធំល្មម អាចទុកដាក់សម្ភារស្បៀង និងយោធបរិក្ខារគ្រប់គ្រាន់ មិនមានការខូចខាត ឬបាត់បង់ឡើយ៕

Loading...