នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យាជូនដំណឹង​ឲ្យប្រយ័ត្ន​ខ្ពស់​ចំពោះ​លេខ​ទូរសព្ទ

ភ្នំពេញ៖ នគរបាល នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៨ ​នេះ បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ឲ្យមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​លេខ​ទូរសព្ទ​មិន​ដែល​ស្គាល់ ដែល​ទាក់ទង​មក​ណែនាំ​ឲ្យ​បំពេញ​លេខ​កូដ​តាម​។

ប្រភព​ដដែល​បាន​ពន្យល់​ថា ជាទូទៅ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ដំឡើង​កម្មវិធី​ដើម្បី​ប្រើប្រាស់​សេវាកម្ម​ផ្សេងៗ ឬ​សេវាកម្ម​របស់ Google នោះ​ក្រុមហ៊ុន​ទាំងនេះ​នឹង​ហៅ​ចូល​មក​កាន់​ទូរសព្ទ​របស់​ពួកគាត់​ ដើម្បី​ផ្ទៀងផ្ទាត់លេខ​ទូរសព្ទ​។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បន្ត​ថា ប្រសិនបើ​អ្នក​ប្រើប្រាស់​មិន​បាន​ស្នើ​សុំ ឬ​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវាកម្ម​ណាមួយ​ទេ តែ​មាន​លេខ​ទូរស័ព្ទ​មិន​ដែល​ស្គាល់​ទាក់ទង​មក​ណែនាំ​ បំពេញ​លេខ​កូដ​តាម សូម​កុំធ្វើ​តាម​ជាដាច់ខាត​។ បើ​ធ្វើ​ដូច្នេះ​ គឺ​ដូចជា​ផ្ដល់​ឱកាស​ឲ្យ​ក្រុម Hackers លួច​យក​ទិន្នន័យ​ដូច​ជា៖ លេខ​ទំនាក់ទំនង សារ​ជា​អក្សរ និង​ប្តូរ Password អ៊ីមែល​​ជាដើម។វិធីសាស្ត្រ​នេះ​ ត្រូវ​មាន​គេ​ប្រើប្រាស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​បរទេស ជាមួយ​លេខ​ទូរស័ព្ទ ផ្សេង​ៗដូចជា​លេខ ២០២-៤៥៥-៨៨៨៨ ៕

Loading...