នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាក់ថាជប៉ុនបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត

នៅវេលាម៉ោង៤:២០ រសៀល ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត  បានចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzō Abe) នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នាទីស្តីការនាយករដ្ឋមន្ត្រី។

ក្នុងជំនួបនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានស្វាគមន៏ចំពោះដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត មកប្រទេសជប៉ុនលើកនេះ គឺឆ្លើយតបទៅនឹងការអញ្ជើញរបស់លោកក្នុងជំនួបផ្ទាល់ជាមួយសម្តេចអគ្គមហាសេនីបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១១ នៅប្រទេសម៉ុងហ្គោលីនាពេលកន្លងមក ហើយលោកសង្ឃឹមថាតាមរយៈដំណើរទស្សនកិច្ចនេះ នឹងធ្វើអោយទំនាក់ទំនងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា នឹងត្រូវបានពង្រឹងពង្រីកថែមទៀត ។

ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនក៏បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ជប៉ុននៅតែបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ហើយបានលើកនូវយោបល់មួយចំនួនដើម្បីអោយកម្ពុជាយកទៅពិចារណាក្នុងគោលបំណងធានាអោយការបោះឆ្នោតនាខែកក្កដាខាងមុខនេះ ប្រព្រឹត្តទៅដោយ សេរី យុត្តិធម៌ និងឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ ។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនដែលបានរៀបចំអោយរូបលោកបានមកបំពេញទស្សនកិច្ចនាពេលនេះ និងផ្តល់កិត្តិយសអនុញ្ញាតិអោយរូបលោកបានចូលជួបសំដែងការគួរសមនាពេលនេះ ។ ជាមួយគ្នានេះលោក ហ៊ុន ម៉ាណែត សង្ឈឹមថាកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា នឹងត្រូវបានពង្រឹងពង្រីកថែមទៀត ហើយឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណដល់ជប៉ុនដែលប្រកាន់ជំហរច្បាស់លាស់បន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជានាខែកក្កដាខាងមុខនេះ  ។​

សូមបញ្ជាក់ថា នៅក្នុងកំឡុងពេលទស្សនកិច្ចរយៈពេល៥ថ្ងៃនៅក្នុងប្រទេសជប៉ុន ចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨  លោក ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន ក្រសួងការបរទេស ក្រសួងការពារជាតិ កងស្វ័យការពារ និងគណបក្សប្រជាធិបតេយ្យសេរី ព្រមទាំងជួបពិភាក្សាការងារជាមួយឥស្សរជន និងសមាជិកសភារបស់ជប៉ុនមួយចំនួនទៀតផងដែរ ៕

 

 

 

Loading...