នាយករដ្ឋមន្ត្រីញូវហ្សេលេន៖ Bill English ស្នងតំណែង John Key

គណបក្សជាតិ ដែលគ្រប់គ្រងរដ្ឋាភិបាលញូវហ្សេលេនបានតែងតាំងជាផ្លូវការលោក Bill English ឲ្យទទួលតំណែងនាយករដ្ឋមន្ត្រីជំនួសលោក John Key ។

ការតែងតាំងដែលត្រូវប្រព័ន្ធផ្សព្វផ្សាយចេញផ្សាយឲ្យដឹងកាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់លោក Key កាលពីសប្តាហ៍មុនបានប្រកាសលាលែងពីតំណែងដោយសុទ្ធិចិត្ត ។ រដ្ឋមន្ត្រីសង្គមកិច្ច លោកស្រី Paula Bennett ត្រូវបានតែងតាំងជាអនុនាយករដ្ឋមន្ត្រី។

គណបក្សជាតិបានកោះប្រជុំ និងបានសម្រេចជាឯកច្ឆន្ទនៅក្នុងការតែងតាំងនាយករដ្ឋមន្ត្រីថ្មីជំនួសនាយករដ្ឋមន្ត្រីចាស់នេះ ។

លោក Bill English នៅពេលបច្ចុប្បន្នកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងជាឧបនាយករដ្ឋមន្ត្រី ។ នៅរសៀលថ្ងៃដដែលនេះ លោកនឹងស្បថចូលកាន់តំណែងនៅវិមានរដ្ឋាភិបាលក្នុងទីក្រុង Wellington តែម្តង ។

លោក Bill English បានប្តេជ្ញាដឹកនាំឲ្យកាន់តែរឹងមាំបន្ថែមទៀតមិនថាសម្រាប់គណបក្សជាតិប៉ុណ្ណោះទេ ប៉ុន្តែដើម្បីញូវហ្សេលេនទាំងមូលផងដែរ ។

ប្រធានគណបក្សជាតិ លោក Peter Goodfellow បានថ្លែងថា លោក English និងលោកស្រី Bennett សុទ្ធតែជាមេដឹកនាំដែលខ្លាំងពូកែ ដែលផ្តល់បទពិសោធន៍ល្អប្រសើរទាំងការធ្វើ និងការគិត ។ ក្រោមការដឹកនាំរបស់ពួកគាត់ ញូវហ្សេលេនបន្តមានរដ្ឋាភិបាលមួយស្ថិរភាពទៀត និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចគ្រប់ក្រុមគ្រួសារប្រជាពលរដ្ឋ ។

លោក English បានចូលកាន់សភាក្នុងឆ្នាំ១៩៩០ និងបានកាន់តំណែងជាច្រើន ដូចជាតំណែងរដ្ឋមន្ត្រីក្រសួងអប់រំ សុខាភិបាល និងហិរញ្ញវត្ថុ ។

កាលពីសប្តាហ៍មុន លោក Key បានប្រកាសថា ការសម្រេចចិត្តលាលែងពីតំណែងដោយសារហេតុផលក្នុងក្រុមគ្រួសារ ហើយនេះជាការសម្រេចចិត្តដ៏លំបាកបំផុតរបស់លោកមិនធ្លាប់បានធ្វើឡើងនាគ្រាកន្លងមក ។ លោកអះអាងថា នឹងមិនឈរឈ្មោះក្នុងអាណត្តិទី៤នាការបោះឆ្នោតឆ្នាំ២០១៧ឡើយ ៕

លោក Bill English នាយករដ្ឋមន្ត្រីថ្មីញូវហ្សេលេន

Loading...