នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសម៉ាឡេស៊ីស្បថចូលកាន់តំណែង

លោក Muhyiddin Yassin នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី​របស់ម៉ាឡេស៊ី ។ លោកមានអាយុ​៧២ឆ្នាំ បានធ្វើពិធីស្បថចូលកាន់តំណែង​យ៉ាងអធិកអធម ស្ថិតនៅវិមាន Istana Negara នៃព្រះមហាក្សត្រ​ម៉ាឡេស៊ី ។

ក្រោយពីធ្វើសច្ចាប្រណិធាន លោក Yassin បានចុះហត្ថលេខា​លើលិខិតតែងតាំង​​តំណែងនាយករដ្ឋមន្ត្រី ហើយដែលមានការធ្វើសាក្សី​ដោយ​​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំង​អគ្គលេខាធិការ​រដ្ឋាភិបាល។

ព្រះមហាក្សត្រម៉ាឡេស៊ី Abdullah Ri’ayatuddin Al-Mustafa Billah Shah មានព្រះបន្ទូលថា ការតែងតាំង​នាយករដ្ឋមន្ត្រី​មិនអាចពន្យារពេលបានទេ គឺដើម្បី​សុខុមាលភាព​ប្រជាជន ហើយនិងប្រទេសជាតិទាំងមូល ។

ក្នុងរាជសាររបស់ព្រះមហាក្សត្រ​ម៉ាឡេស៊ី​បានបញ្ជាក់ថា «ព្រះអង្គមានជំនឿថា នេះជាការសម្រេច​ចិត្ត​ដ៏ល្អបំផុត​សម្រាប់​មនុស្ស​គ្រប់គ្នា ហើយសង្ឃឹមថា នេះនឹងបញ្ចប់​នូវវិបត្តិ​នយោបាយ​ក្នុងគ្រាឥឡូវនេះតទៅ» ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃ​​កើតមានភាពចលាចលនយោបាយ​​ ដូចជាការលាលែង​ពីតំណែង​ប្រធានគណបក្ស​កាន់អំណាច, ការលាលែង​ពីតំណែង​នាយករដ្ឋមន្ត្រី​របស់​នាយករដ្ឋមន្ត្រី Mahathir Mohamad ហើយនិង​ការសម្ភាសផ្ទាល់​ដោយ​ព្រះមហាក្សត្រ​ទៅលើសមាជិកសភា​​គ្រប់រូប​រួចមកនោះ, លោក Muhyiddin Yassin បានក្លាយជាអ្នកឈានមុខគេ​នៅក្នុង​ការ​ក្លាយខ្លួនជានាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​​​។

ថ្លែងទៅកាន់អ្នកកាសែត​កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ លោក Muhyiddin បានបញ្ជាក់ថា «ខ្ញុំសូម​ថ្លែង​អំណរអរគុណ និងអរគុណដល់ព្រះ​អាឡោះ ដែលបានប្រទានការតែងតាំង​ខ្ញុំ​ជានាយករដ្ឋមន្ត្រីទី៨ ដោយមានការអនុញ្ញាត​ពីហ្លួងព្រះមហាក្សត្រ»។

លោកបន្តថា «ខ្ញុំសូមអរគុណ​អ្នករាល់គ្នា​ដែល​ផ្តល់​ការគាំទ្រ​ចំពោះរូបខ្ញុំ… ខ្ញុំសង្ឃឹមថា ប្រជាជនម៉ាឡេស៊ី​ទាំងអស់ នឹងទទួលយកការសម្រេច​ចិត្ត​ដែលត្រូវបានប្រកាស​នៅក្នុងថ្ងៃនេះ»។

គួរបញ្ជាក់ថា នៅមុនអំឡុងពេល​ពិធីប្រកាស​តំណែងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មីនោះ, លោក Mahathir ដែលលាលែង​ពីតំណែង បានអំពាវនាវ​ឲ្យ​សភាកោះប្រជុំ​ដើម្បី​ឲ្យសមាជិកសភា​បញ្ជាក់​ផ្លូវការ​ថាតើ ពួកគេ​គាំទ្រលោក Muhyiddin ធ្វើជានាយករដ្ឋមន្ត្រីដែរឬអត់ ។

លោក Mahathir ត្រូវបានគេដកស្រង់សម្តីចុះផ្សាយថា គាត់​នៅតែជាមេបញ្ជាការ​ការគាំទ្រ​ភាគច្រើន​ដដែល​នៅក្នុងសភា ។ លោកថ្លែងថា​ «ខ្ញុំ​មានអារម្មណ៍ថា ត្រូវបានក្បត់​យ៉ាង​ចូរចត់​ពីសំណាក់​ Muhyddin, គាត់ (Muhyddin) បានធ្វើកិច្ចការនឹកស្មានមិនដល់នេះ​ជាយូរ​មកហើយ ហើយពេលនេះ​គាត់បានទទួលជោគជ័យ» ៕

Loading...