នាយករដ្ឋមន្រ្តីបញ្ជាឲ្យចាប់ខ្លួនសមាជិកព្រឹទ្ធសភាពីបក្សសម រង្ស៊ី រឿងក្លែងឯកសារ

ភ្នំពេញ ៖លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យតាមចាប់ខ្លួន សមាជិកព្រឹទ្ធសភាពីបក្សសម រង្ស៊ី មួយរួបគឺ លោក ហុង សុខហួរ នៅព្រឹកថ្ងៃទី១៣ សីហា ពាក់ព័ន្ធនឹងការក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា។

ក្រោយពីការប្រកាសរបស់លោក ហ៊ុន សែន ប្រមាណ១០នាទីក្រោយមក សារព័ត៌មានក្នុងស្រុកមួយបានផ្សាយថា លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ នាស្នាក់ការគណបក្សសង្គ្រោះជាតិ នៅព្រឹកនេះ។

ប៉ុន្តែជំនួយការផ្ទាល់របស់លោក ហុង សុខហួរ គឺលោក សម្បត្តិ ដេវីដ បានអះអាងថា លោក ហុង សុខហួរ ពុំត្រូវបានចាប់ខ្លួនដូចការចុះផ្សាយនោះទេ ដោយលោកបញ្ជាក់ថា ពេលនេះលោក ហុង សុខហួរ កំពុងស្ថិតនៅកន្លែងសុវត្ថិភាព។

យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ឆ្លើយតបថា ការចាប់ខ្លួនសមាជិកព្រឹទ្ធសភា មិនគួរធ្វើឡើយ ដោយលោកបន្តថា រដ្ឋាភិបាលគួរណែនាំ និងស្នើឲ្យកែតម្រូវឡើងវិញ បើរកឃើញថា ឯកសារដែលលោក ហុង សុខហួរ ផ្សព្វផ្សាយនោះជាឯកសារក្លែងក្លាយក្ដី ព្រោះថាការផ្សព្វផ្សាយនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិឡើយ។

នៅថ្ងៃនេះដែរ រដ្ឋាភិបាលបានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ទាក់ទងនឹងការក្លែងឯកសារសាធារណៈ របស់លោក ហុង សុខហួរ ក្នុងរូបភាពបម្រើនយោបាយប្រជាភិថុត បោកប្រាស់ និងនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
ប្រធានគណបក្ស និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភានៃបក្សសម រង្ស៊ី លោក គង់ គាំ ច្រានចោលការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថាលោក ហុង សុខហួរ មានទោសក្បត់ជាតិ ដោយសារក្លែងឯកសារសាធារណៈ។

លិខិតរបស់លោក គង់ គាំ ចុះថ្ងៃទី១៣ សីហា បង្ហាញថា ការប្រើប្រាស់ឯកសារមិនផ្លូវការ និងការបកស្រាយរបស់ សមាជិកព្រឹទ្ធសភាបក្សសម រង្ស៊ី លោក ហុង សុខហួរ មិនមែនជាអំពើក្បត់ជាតិ ដូចការចោទប្រកាន់របស់លោក ហ៊ុន សែនទេ។

លោក គង់ គាំ បន្តថា ការប្រើប្រាស់ឯកសារ និងការបកស្រាយមិនត្រឹមត្រូវ លោក ហុង សុខហួរ អាចធ្វើការកែតម្រូវជូនសាធារណៈឡើងវិញបាន។

ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកមិញ លោក ហ៊ុន សែន បានបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួន លោក ហុង សុខហួរ ដោយលោក ហ៊ុន សែន ចោទប្រកាន់ថា ការក្លែងឯកសារសន្ធិសញ្ញា សន្តិសុខ មិត្តភាព និងសហប្រតិបត្តិការកម្ពុជា-វៀតណាម ដោយលោក ហុង សុខហួរ ជាអំពើក្បត់ជាតិ ក្នុងរូបភាពបម្រើនយោបាយប្រជាភិថុត បោកប្រាស់ និងនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *