នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល ស្នើឲ្យបញ្ឈប់និយាយពីឈ្មោះមេឈ្មួញនាំត្រីឆ្ដោរឆ្លងដែន

ខេត្តកណ្ដាល៖ លោក ឃ្លាំង វណ្ណធុល នាយខណ្ឌរដ្ឋបាលជលផល ខេត្តកណ្ដាល កាលពីម្សិលមិញ បានស្នើ ឲ្យបញ្ឈប់លើកយកឈ្មោះ មេឈ្មួញនាំចូលត្រីឆ្លងដែន ដែលអ្នកប្រកបរបលក់ត្រីភាគច្រើន ក្នុងខេត្តកណ្ដាល បានស្គាល់ជាសាធារណៈ ។
បុរសម្នាក់ដែលគេស្គាល់ជាទូទៅឈ្មោះ “យូ” គឺជាឈ្មួញនាំចូលត្រីដ៍ធំពីប្រទេសវៀតណាម តាមច្រកព្រែកស្បូវ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល ។ តាមសេចក្ដីរាយការណ៍ថាក្នុងមួយយប់ៗ ឈ្មួញរូបនេះបាននាំចូលត្រីឆ្តោរដែលច្បាប់ហាមឃាត់មកក្នុងទីផ្សារ ប្រទេសកម្ពុជា យ៉ាងហោចណាស់ក៍១២០តោនដែរ ។
ការនាំចូលត្រីបំពានច្បាប់ដ៍ច្រើនក្នុងមួយយប់ៗនេះកន្លងទៅបាន បង្ករឲ្យមានរឿងរ៉ាវ នៃ ការឆ្លើយដាក់គ្នាយ៉ាងចម្រូងចម្រាសរវាងសមត្ថកិច្ចជំនាញ ទាក់ទងទៅនឹងការទទួលខុសត្រូវរបស់ពួកគេ ។ លោក ឃ្លាំង វណ្ណធុល បានស្ដីបន្ទោសលោក មួង ដារ៉ា ប្រធានស្នាក់ការគយ និង រដ្ឋាករច្រកជ្រៃធំថា មិនបានបើកភ្នែកមើលការនាំចូលត្រីខុសច្បាប់ទាំងនោះ ។ រីឯលោក មួង ដារ៉ា ក៍បានវាយបកទៅវិញ ដោយបានចាត់ទុកការចោទប្រកាន់របស់លោក ឃ្លាំង វណ្ណធុល ថា ជារបៀបស្វាស៊ីបាយលាបមាត់ពពែ ។ ចំណែកលោក លី សុជាតិ អនុប្រធានការិយាល័យបង្ក្រាបបទល្មើសសេដ្ធកិច្ច នៃ ស្នងការនគរបាលខេត្តកណ្ដាល ក៍បានលើកឡើងដែរថា ការនាំត្រីចូលស្រុកជាសមត្ថកិច្ចរបស់លោក ឃ្លាំង វណ្ណធុល ។
ប៉ុន្តែយ៉ាងណាក៍ដោយលោក ឃ្លាំង វណ្ណធុល បានទទូចកុំឲ្យអ្នកសារព័ត៌មានលើកយកការនាំចូលត្រីពីប្រទេសវៀតណាម ដោយឈ្មួញ ឈ្មោះ យូ មកធ្វើជាប្រធានបទសួរលោកតទៅទៀត។ ចំពោះរឿងនេះ គេមិនទាន់ដឹងថា តើមេឈ្មួញត្រីឆ្លងដែនឈ្មោះ យូ នោះ មានទំនាក់ទំនងស៊ីជម្រៅបែបណា ជាមួយនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាលនោះទេ?៕

02_26_2016_10_31_02

Loading...

Leave a Reply

Your email address will not be published. Required fields are marked *