នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ត្រូវប្តឹងទៅ ACU ករណីកាងឡានដឹងឈើគ្មានច្បាប់អនុញ្ញាត

ភ្នំពេញ៖ លោក ច័ន្ទថេត ថានរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ត្រូវបានប្តឹងចូលទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីនិងភារកិច្ច ចំនួន៤ករណី ជាពិសេសករណីកាងឡានដឹកឈើអត់ច្បាប់ សិប្បកម្មឈើ និងដេប៉ូឈើអត់ច្បាប់។

បើយោងតាមការផ្សព្វផ្សាយរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានទួលពាក្យប្តឹងដែលចោទប្រកាន់លោក ច័ន្ទថេត ថានរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ នោះមានចំនួនករណីដូចជា ១)ដកប្រាក់អប្បហារដែលជាប្រាក់រង្វាន់រាប់ពាន់លានរៀលដោយបានបែងចែកឲ្យមន្រ្តីថ្នាក់ក្រោមឡើយ ២)យកកម្រៃសេវាសាធារណៈពីការអនុញ្ញាតច្បាប់សិប្បកម្ម និងដេប៉ូឈើក្នុងមួយទីតាំងចំនួន២៥០០ដុល្លារ លើសពីការកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុដែលតម្រូវឲ្យយកតែ១លានរៀលតែប៉ុណ្ណោះ ៣) កាងឡានដឹកឈើអត់ច្បាប់ សិប្បកម្មឈើ និងដេប៉ូឈើអត់ច្បាប់មិនឲ្យអ្នកណាម្នាក់ទៅសាកសួរឡើយ និង៤)មិនបានបែងចែកភារកិច្ចឲ្យមន្រ្តីថ្នាក់ក្រោមធ្វើឡើយ គឺឱបការងារធ្វើតែម្នាក់ងង។

ទោះបីយ៉ាងណា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញរូបនោះ បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ខាងលើ ប្រាប់ទៅអង្គភាពប្រឆាំងអំពើពុករលួយ។ លោកច័ន្ទថេត ថានរៈ បានបដិសេធមិនដែលកាង ហើយក៏គ្មានសិទ្ធិអំណាចទៅកាង ឬអនុញ្ញាតឲ្យឡានដឹកឈើគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនផលអនុផលព្រៃឈើ រោងសិប្បកម្ម រោងសន្និធិ(ដេប៉ូ) គ្មានច្បាប់ចូលឆ្លងកាត់ឬមានក្នុងដែនសមត្ថកិច្ចនេះឡើយ។ ឡានដឹកឈើដែលគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ ដេប៉ូ និងរោងសិប្បកម្មគ្មានលិខិតអនុញ្ញាតច្បាប់គឺត្រូវចាត់វិធានការតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕

oi se

Loading...