នាយចេក ជួបទុក្ខធំ ត្បិតម្តាយ និង ប្រពន្ធ ធ្លាក់ខ្លួនឈឺ អំពាវនាវសប្បុរសជនជួយ

ភ្នំពេញ៖ គិត​រហូតមកដល់រ​សៀ​ល​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នេះ ស្ថានភាព​នៃ​ជំងឺ​របស់​ភរិយា និង​ម្តាយ​របស់​តារា​កំប្លែង នាយ ចេក ដែល​កំពុងតែ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យក្រុង​តាខ្មៅ នៅតែ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​គួរឱ្យ​ព្រួ​បារម្ភ​នៅឡើយ ខណៈដែល​ក្រុមគ្រូពេទ្យ​ក៏​កំពុងតែ​តាមដាន និង​ធ្វើការ​សង្គ្រោះ​នៅឡើយ​នោះ ។ ជាមួយនឹង​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​នៃ​ជំងឺ​របស់​ភរិយា ដែល​តម្រូវឱ្យ​មានការ​វះកាត់​ជាបន្ទាន់​នោះ ងាក​ទៅ​ស្ថានភាព​ម្ដាយ​របស់លោក​ក៏​កាន់តែ​ពិបាក ខណៈដែល​គ្រូពេទ្យ​បាន​ប្រាប់​ឱ្យ​ថា អាកា​រៈ​ជំងឺ​មាន​ភាព​ប្រឈម​ខ្លាំង ព្រោះតែ​ម្តាយ​របស់លោក​មាន​កម្លាំង​ខ្សោយ ហើយ​ផ្ទុក​ជំងឺ​ច្រើន​ប្រភេទ ដូចជា ជំងឺ​បេះដូង​រីក ជំងឺលើសឈាម និង​ជំងឺ​ក្រពះ ដែល​ជំងឺ​ទាំងអស់នេះ​សុទ្ធតែ​ពិបាក​ព្យាបាល និង​តម្រូវឱ្យ​ចំណាយលុយ​ច្រើន។

តារា​កំប្លែង​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ​រូបនេះ​ក៏បាន​និយាយ​ត្អូញត្អែរ​ប្រាប់​ឱ្យដឹងថា ៖ ពេលនេះ​លោក​មិនដឹង​គិត​យ៉ាងណា​នោះទេ ព្រោះ​ពេលនេះ​លុយ​ក៏​គ្មាន ឯ​ទ្រព្យសម្បត្តិ​នៅផ្ទះ​មួយចំនួន​ក៏​លក់​អស់​ដែរ គឺ​រំពឹង​តែ​ចំណូល​ដែល​បានមកពី​ការសម្ដែង និង​លេងភ្លេង​តែប៉ុណ្ណោះ ប៉ុន្តែ​ចំណូល​ដែល​បានមក​ទាំងនោះ​គឺ​មិនអាច​ទប់ទល់​នឹង​ការចំណាយ​នៃ​ថ្លៃ​ព្យាបាល​បាន​នោះទេ។ គ្រូពេទ្យ​បាន​ប្រាប់ថា នៅ​មន្ទីរពេទ្យ​ជ័យជំនះ​ក្រុង​តាខ្មៅ​មិនអាច​ព្យាបាល​ជំងឺ​របស់​ពួកគាត់​នោះឡើយ ដែល​ត្រូវតែ​បញ្ជូនទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ក្រុងភ្នំពេញ ប៉ុន្តែ​ដោយសារតែ​គ្មាន​លុយ​គ្រប់គ្រាន់ គឺមាន​តែ​សុំ​គ្រូពេទ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​បន្ត​មួយរយៈ​ទៀត​សិន ដើម្បី​រក​វិធី​ដោះស្រាយ ។

យ៉ាងណាក៏ដោយ ជាមួយនឹង​ការ​ត្អូញត្អែរ​ពី​ភាពលំបាក និង​ទុក្ខព្រួយ​របស់ខ្លួន​នាពេលនេះ នាយ ចេក ក៏បាន​ដ​ង្ហើ​យ​រក​ជំនួយ​ពី​បណ្តា​បងប្អូន​ទស្សនិកជន ជាពិសេស សប្បុរសជន​នានា មេត្តាជួយ​សម្រាល និង​ដោះស្រាយ​ទុក្ខលំបាក​ដ៏​ធ្ងន់ធ្ងរ​របស់លោក​នាពេល​នេះ​ផង ព្រោះ​លោក​គ្មាន​វិធីសាស្ត្រ​ដោះស្រាយ​នោះឡើយ៕

ប្រភព៖ ឡារ៉ែន

Loading...