លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

នាយមោកឆ្ងល់នោះឆ្ងល់ហេតុអ្វីបានជាអ្នកកំពង់ស្ពឺមិនសូវបានធ្វើធំ ច្រើនតែអ្នកមកពីក្រៅ?

ខេត្តកំពង់ស្ពឺៈ ប្រភពច្បាស់ការ ដែលនាយមោកទទួលបានលួចខ្សឹបថាប្រធានមន្ទីរកសិកម្មចាស់ត្រូវបានផ្លាស់ចេញទៅធ្វើជាអនុប្រធាននាយកដ្ឋានមួយនៅក្រសួង ចំណែកអនុប្រធានដែលមានលេខរៀងបន្ទាប់ និងអនុប្រធានផ្សេងៗទៀត ហើយជាមនុស្សដែលស្គាល់ភូមិសាស្ត្រដឹងរឿងគ្រប់យ៉ាង មិនត្រូវបានតែងតាំងជាប្រធានមន្ទីរកសិម្មនោះឡើយ តំណែងប្រធាននេះ ស្រាប់តែលេចលឺថា ថ្នាក់លើដាក់ជំនួសមកវិញនូវមនុស្សដែលសំបូរធនធានលុយ និងរឿងអាស្រូវព្រៃឈើទៅវិញរឿងនេះធ្វើអោយនាយមោកឆ្ងល់នោះសែនឆ្ងល់?

ប្រភពនេះខ្សឹបថា លោកសយ បញ្ញា ដែលជាប្រធានមន្ទីរកសិកម្ម និងរក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ត្រូវបានថ្នាក់លើសម្រួលភារកិច្ចអោយទៅជាអនុប្រធាននាយកដ្ឋានរដ្ឋបាលផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្កនាយកដ្ឋានកសិកម្ម ។ ចំណែកប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ដែលដាក់មកវិញជំនួសលោក សយ បញ្ញានោះ គឺលោកឈៀង តុលា ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ដែលសំបូររឿងអាស្រូវ បទល្មើសព្រៃឈើ មិនធម្មតានោះទេ ។ ហេហេ ចេញពីនាយខណ្ឌ មកជាប្រធានមន្ទីរ ម្យ៉ាងផស់គេដែរ ហេតុតែគេមានខ្សែតាស្រមូម($) ។

ប៉ុន្មានថ្ងៃជាប់គ្នានេះ នាយមោក បានទៅអង្គុយផឹកកាហ្វេ នៅជិតបេនឡានកំពង់ស្ពឺ ដែលសំបូរដោយអ្នកវិភាគព្រឹត្តិការណ៍តាមតុកាហ្វេក្នុងខេត្តនិយាយគ្នាថា មិនគួរណាថ្នាក់លើដកលោកសយ បញ្ញា មន្ត្រីជំនាញខាងកសិកម្ម ដែលមានប្រវត្តិតស៑ូបំរើការងារក្នុងវិស័យកសិកម្មក្នុងខេត្តកំពង់ស្ពឺតាំងពីឆ្នាំ១៩៩៤ ក្រោយបោះឆ្នោតដោយអ៑ុនតាក់រួចក្រោយបេសកកម្មលោកបានបំពេញការងារ និងត្រូវបានដំឡើងតួនាទីជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០១២ លោកត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្មតែងតាំងជាប្រធានមន្ទីរកសិកម្មខេត្តជំនួសលោក បិន សារ៉េត ដែលត្រូវទៅកាន់មុខតំណែងជាតំណាងរាស្ត្រ។

នាយមោកលឺទៀតថា ស្ថិតតួនាទីជាមន្ត្រីគ្រប់គ្រងកសិកម្ម លោកសយ បញ្ញា មិនសូវយកចិត្តទុកដាក់យកមុខមាត់ក្នុងសង្គម និងមានឈ្មោះបោះសំឡេងជាមួយថ្នាក់ដឹកនាំប៉ុន្មានឡើយ ហេតុដូច្នេះហើយបានជាថ្នាក់ដឹកនាំមិនសូវស្គាល់រូបលោក ។

ក្រុមអ្នកវិភាគត្បាញអាយតាមតុកាហ្វេបានលើកឡើងថា ក្រោយពីមានការកែទំរង់វិស័យព្រៃឈើ និងជលផលអោយស្ថិតក្រោមការគ្រប់គ្រងមន្ទីរកសិកម្មខេត្តរួចមក មួយរយៈយ៉ាងខ្លីស្រាប់តែឃើញលោករដ្ឋមន្ត្រី វេង សាខុន ផ្លាស់ប្តូរប្រធានមន្ទីរកសិកចាស់ ដែលមានជំនាញជាអ្នកកសិកម្ម ដាក់ជំនួសមកវិញនូវលោកឈៀង តុលា ដែលជាអ្នកជំនាញព្រៃឈើទៅវិញ ។

នាយមោកបានលឺទៀតថា លោកឈៀង តុលា ត្រូវបានមហាជននៅភូមិភាគឥសាន្តស្គាល់ថា ជាអ្នកសំបូរធនធាន ហើយសំបូររឿងអាស្រូវជាច្រើនជាមួយមន្ត្រីក្រោមឱវាទ ដែលខ្លួនគ្រប់គ្រង ធ្វើអោយមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ជាពិសេសគឺរឿងប្រមូលលុយពីឈ្មួញកាប់បំផ្លាញព្រៃឈើយ៉ាងច្រើននៅខេត្តស្ទឹងត្រែងតែម្តង។

នាយមោកយល់ថា ការផ្លាស់ប្តូរមន្ត្រីគ្រប់គ្រងអង្គភាពជារឿងធម្មតានៃការដឹកនាំ និងការប្រព្រឹត្តទៅរបស់ស្ថាប័ននីមួយៗ ប៉ុន្តែរឿងនេះ មហាជនមានការងឿងឆ្ងល់ថា ហេតុអ្វីបានជានៅសុខៗ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មមិនអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេច ដែលតែងតែណែនាំដល់គ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អោយពិនិត្យមើលអំពីលក្ខណៈសម្បត្តិនៃអង្គភាពសាមីក្នុងការបន្តវេន ចៀសវាងដកអ្នកអង្គភាពហ្នឹងហើយដាក់អ្នកមកពីអង្គភាពផ្សេង។

នាយមោកចាំបានថា ដូចគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង លោកតែងតែណែនាំដល់អភិបាលរាជធានីខេត្តអោយពិនិត្យមើលធនធានមនុស្សនៅមូលដ្ឋានអោយអស់លទ្ឋភាពមុននឹងសម្រេចចិត្តដាក់អ្នកផ្សេង ។

សរុបមកវិញ នាយមោក យល់ថា ការដក និងដាក់នេះ ជាការសម្រេចចិត្តរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មតែម្តង ដោយមិនបានសិក្សាពីធនធានមនុស្សនៅកន្លែងចាស់ឡើយ ។ ការដែលធ្វើដូច្នេះ ធ្វើអោយអ្នកចាស់ ដែលមានលេខរៀងបន្ទាប់ ឬក៏អ្នកមានធនធានមនុស្ស ដែលស័ក្តិសមចូលកាន់តំណែងនេះមានការបាក់ទឹកចិត្ត ក្នុងការបំពេញការងារ ព្រោះតែខ្លួនមិនមានខ្សែ ឬជាអ្នកសំបូរធនធានដូចគេ ។ មួយវិញទៀត នាយមោក និងមហាជន ជាពិសេសមន្ត្រីរាជការក្នុងខេត្តងឿងឆ្ងល់ថា លោករដ្ឋមន្ត្រី វេង សាខុន តែងតាំងលោក ឈៀង តុលា ជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺនៅពេលនេះ ជាមនុស្សដែលមានធនធានមនុស្សឬជាមនុស្សដែលមានធនធានដូចដែលមហាជននិយាយតៗគ្នានៅខេត្តស្ទឹងត្រែងមែន ឬយ៉ាងណា? ករណីនេះ បើដូចការលើកឡើងរបស់មហាជនមែន ប្រហែលជាអនុវត្តផ្ទុយពីអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោក្នុងការកែទំរង់រដ្ឋបាលសាធារណៈអោយមានប្រសិទ្ឋភាពប្រាកដមែនហើយ។

រឿងនេះ នាយមោក កាន់តែយល់ជាក់ច្បាស់ហើយថា លោកឈៀង តុលា កំពុងតែបង្ហាញអំពីមហិច្ឆតា ល្មោភអំណាចរបស់ខ្លួន ឥតអៀនខ្មាស់ដោយបានបោះដៃឆ្លងតាំងពីខេត្តស្ទឹងត្រែង មកយកអំណាចនៅខេត្តកំពង់ស្ពឺនេះទំនងជាគាត់យល់ថា មកដល់ខេត្តនេះ ហើយគាត់អាចគ្រប់គ្រងវិស័យព្រៃឈើ បានដូចដែលគាត់នៅ ខេត្តស្តឹងត្រែង ព្រោះថា ពេលនេះមុនរដ្ឋាភិបាលសម្រេចដាក់រដ្ឋបាលព្រៃឈើឲ្យនៅក្រោមមន្ទីរកសិកម្មជាអ្នកគ្រប់គ្រងវិញ។

នាយមោក ព្រមទាំងមហាជនក្នុងខេត្តពិតជាចង់ឃើញណាស់ សម្រាប់មន្ត្រីកសិកម្មណាម្នាក់ ដែលជាមនុស្សមានធនធានមនុស្សហើយជាអ្នកកំពង់ស្ពឺទៀតផង បានឡើងកាន់តំណែងជាប្រធានមន្ទីរកសិកម្មនេះខ្លាំងណាស់ បើអាចសុំកុំអោយអ្នកខេត្តផ្សេងប្រើទឹកលុយទិញតំណែងនេះបានទេ?ដើម្បីទុកឱកាសអោយអ្នកកំពង់ស្ពឺបានធ្វើផងទាន ៕ នាយមោក

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
Loading...