នាយរងសេនាធិការកងរាជអាវុធហត្ថកំពង់ស្ពឺ ឆេង ឡុង ផ្គើនដាក់នាយឧត្តមសេនីយ៍ សៅ សុខា

មន្ត្រីមួយចំនួននៅក្នុងខេត្តកំពង់ស្ពឺបានខ្សឹបឲ្យដឹងថា នៅក្នុងខេត្តកំពង់ស្ពឺនេះ មានមន្រ្តីអាវុធហត្ថ មន្ត្រីនគរបាល រួមនិងមន្ត្រីយោធាមួយចំនួន បានយកតួនាទី ភារកិច្ចទៅប្រព្រឹត្តិបទល្មើស ពាក់ព័ន្ធក្នុងការរកស៊ីដឹកឈើគ្រញូងនាំចេញទៅយួន ដោយមានការចាប់ដៃគ្នាជាមួយមន្ត្រីយោធានៅ ស្រុកក្រគរ ខេត្តពោធិសាត់ផងដែរ។

ក្រុមមន្ត្រីដដែលបានខ្សឹបថា លោក ឆេង ឡុង នាយរងសេនាធិការកងរាជអាវុធហត្ថកំពង់ស្ពឺ រួមនិងនគរបាល និងទាំងយោធាមួយចំនួនមានការជាប់ពាក់ព័ន្ធក្នុងការរកស៊ីដឹកជញ្ជូនឈើគ្រញូងនាំចេញទៅប្រទេសវៀតណាម ដោយដឹកចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឆ្លងកាត់ទៅតាមស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយផ្កើនទៅនឹងបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ។

ប្រភពបានខ្សឹបទៀតថា មន្រ្តីដែលពាក់ព័ន្ធនៅក្នុងរឿងដឹកឈើគ្រញូងទៅប្រទេសវៀតណាម ហើយដែលសមត្ថកិច្ចមិនហ៊ានប៉ះពាល់ គឺមានឈ្មោះ ឆេង ឡុង នាយរងសេនាធិការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ, ឈ្មោះ ថេង ជាមន្រ្តីយោធាភូមិភាគ, ឈ្មោះ ម៉ៅ ជាមន្រ្តីប៉ូលិសស្រុកក្រគរ, ឈ្មោះ ជាតិ មន្រ្តីអាវុធហត្ថស្រុកក្រគរ និងឈ្មោះ វ៉ាន់ មន្រ្តីអាវុធហត្ថ។

បើតាមប្រភពដដែលបានខ្សឹបបន្តទៀតថា ឈើប្រណីតដែលឈ្មួញដឹកចេញពីស្រុកឱរ៉ាល់ ពេលយប់យកទៅលក់នៅប្រទេសវៀតណាម ដោយដឹកចេញតាមច្រកទ្វារព្រំដែនទាន់ហន់ខេត្តកំពត។ ឈើប្រណីតទាំងនោះ ក្រុមឈ្មួញប្រមូលទិញតាំងពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ពេលឈើដឹកឆ្លងទឹកដីខេត្តពោធិ៍សាត់ គឺឈ្មោះ ម៉ៅ ជាមន្រ្តីនគរបាលស្រុកក្រគរ និងឈ្មោះ ជាតិ ជាមន្រ្តីអាវុធហត្ថស្រុក្រគរ ជាអ្នករត់ការ។ នៅពេលចូលទៅដល់ទឹកដីខេត្តកំពង់ស្ពឺ គឺគ្រប់គ្រង និងរត់ការដោយឈ្មោះ ឆេង ឡុង និងឈ្មោះ ថេង ។ លុះពេលទៅដល់ទឹកដីខេត្តកំពតមានអ្នករត់ការផ្លូវការផ្សេងទៀត ដោយក្នុងនោះគេដឹងថា មានមន្រ្តីអាវុធហត្ថម្នាក់ផ្សេងទៀត។

ក្រុមមន្ត្រីដដែលបានខ្សឹបទៀតថា នៅក្នុងខេត្តកំពង់ស្ពឺនេះ អ្នកណាក៏ខ្លាច អំណាចលោក ឆេង ឡុង នោះដែរ ពិសេសឈ្មួញអ្នករកស៊ីតូចតាច ត្រូវបានលោក ឆេង ឡុង តែងតែសំឡុត គំរាមកំហែងចាប់យកឈើ ឬក៏បង្ខំឲ្យលក់ឈើឲ្យខ្លួនក្នុងតម្លៃថោក ហើយគាត់យកទៅលក់បន្តបានតម្លៃថ្លៃ។

ក្រុមមន្ត្រីបានខ្សឹបប្រាប់ទៀតថា សកម្មភាពរបស់លោក ឆេង ឡុង នោះ មិនដឹងថា លោកមេបញ្ជាការកងរាជអាវុធខេត្តបានជ្រាបដែរ ឬអត់នោះទេ ។

មិនអាចទាក់ទងលោក ឆេង ឡុង សុំការបំភ្លឺបានទេ ពីព្រោះគ្មានលេខទូរស័ព្ទ ៕

sokha cheng long

Loading...

Leave a Reply

Your email address will not be published. Required fields are marked *