នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងស្វាយរៀង ចុះពិនិត្យមើលការងារសាងសង់អគារ

(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សាវ៉ាត មេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងស្វាយរៀង និងជាប្រធានគណ:កម្មការសាងសង់អគារសុខាភិបាល និងអគារស្នាក់នៅរបស់តំបន់ប្រតិបត្តិការសឹករងស្វាយរៀង អមដោយលោកនាយសេនាធិការរង បានចុះពិនិត្យមើលអគារដែលកំពុងសាងសង់ និងជួសជុលដែលជិតរួចរាល់ជាស្ថាពរ និងបានចាត់ឱ្យប្អូនៗយោធិនធ្វើពលកម្មកាប់ឆាយដីនៅជុំវិញអគារដែលកំពុងសាងសង់ចំនួន២ខ្នង កាលពីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ផងដែរថា អគារទាំង២ រួមមានអគារសុខាភិបាលមួយខ្នង ជាន់ផ្ទាល់ដីទំហំ៨ម៉ែត្រ×៣០ម៉ែត្រ ធ្វើពីបេតុងក្រាលការ៉ូ ដំបូលដែកប្រក់ស័ង្កសី និងអគារស្នាក់នៅដែលកំពុងជួសជុលមួយខ្នងទៀត ជាន់ផ្ទាល់ដីទំហំ៦ម៉ែត្រ×២៦ម៉ែត្រ ជញ្ជាំងឥដ្ឋ ដំបូលដែកប្រក់ស័ង្កសី ក្រាលការ៉ូ ដែលជាការឧបត្ថម្ភរបស់ក្រសួងការពារជាតិ។

បន្ថែមលើនេះ លោកឧត្តមសេនីយ៍ត្រី នាយសេនាធិការ ក៏បានមានមតិផ្ដាំផ្ញើដល់បងប្អូនយោធិនទាំងអស់ថា ពេលអគារទាំង២នេះរួចរាល់ជាស្ថាពរហើយត្រូវរួមគ្នាថែរក្សាឱ្យបានល្អ យកចិត្តទុកដាក់បោសសម្អាតឱ្យបានជាប់ជាប្រចាំ ព្រោះអគារនេះជាកន្លែងធ្វើការ និងជាសមិទ្ធផលសម្រាប់សន្សល់ទុកដល់យោធិនជំនាន់ក្រោយ៕

Loading...