នាយឧត្តមសេនីយ៍ថៃ ព្រមាន​អ្នកចង់កែប្រែរបបរាជានិយម

នៅថ្ងៃទី២ ខែមេសា​ ឆ្នាំ២០១៩ ក្នុងសន្និសីទសារព័ត៌មាន នាយឧត្តមសេនីយ៍ផ្កាយមាស៤ថៃ លោក Apirat Kongsompong បានព្រមានថា កងកម្លាំងយោធា គ្មានក្តីមេត្តាសោះឡើយ សកម្មភាពណាមួយគំរាមកំហែងដល់ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលព្រះមហាក្សត្រ គឺជាប្រមុខរដ្ឋនោះ ។

កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ថៃបានបោះឆ្នោត​សកល ជាលើកដំបូង ក្រោយរដ្ឋប្រហារយោធាលើកទី១២ ចាប់តាំងពីឆ្នាំ១៩៣២រហូតមក ទម្លាក់រដ្ឋាភិបាលស៊ីវិលស្របច្បាប់របស់លោកស្រីយីងឡាក់ ហើយបង្កើតរដ្ឋាភិបាលយោធាដឹកនាំប្រទេស​ថៃបាន​៤ឆ្នាំ ដែលលោកប្រាយុទ្ធ ចាន់អូចា ធ្វើជានាយករដ្ឋមន្ត្រី ។

លទ្ធផលបោះឆ្នោតផ្លូវការ គណៈកម្មការបោះឆ្នោត​ប្រទេសថៃ គ្រោងប្រកាស​នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ។ ប៉ុន្តែកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩​ គណៈកម្មការបោះឆ្នោត​បានបញ្ចប់ការរាប់សន្លឹកឆ្នោតទាំងស្រុង១០០ភាគរយ ឃើញថា គណបក្សគាំទ្រដោយយោធា Palang Pracha Rath ទទួលបានសំឡេងគាំទ្រ ៨.៤ លានសន្លឹក ច្រើនជាង គណបក្សភឿថៃ ដែលជាគណបក្សប្រឆាំង និងជាគណបក្សធ្លាប់មានសម្ព័ន្ធភាព​ជាមួយអតីត​នាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលបានសំឡេង​គាំទ្រ ៧.៩ លានសន្លឹក​តែប៉ុណ្ណោះ ។

ប្រជាជនថៃគ្រប់ច្រកល្ហក​ ជាពិសេស​នៅលើបណ្តាញសង្គមហ្វេសប៊ុក បានប្រមូលហត្ថលេខាសរុ​បប្រហែល ៨០០,០០០ ហត្ថលេខា នៅលើញត្តិមួយ​ ទាមទារ​ឲ្យរំលាយគណៈកម្មការបោះឆ្នោត បង្កើតឡើងដោយក្រុមយោធានេះ ដោយអាស្រ័យថា វាពោរពេញដោយភាពមិនប្រក្រតីកើតឡើងស្តីអំពីការបោះឆ្នោតថ្មីៗកន្លងមក ។

នាយឧត្តមសេនីយ៍ផ្កាយមាស៤ របស់ប្រទេសថៃ លោក Kongsompong បានចេញព្រមានបែបនេះ ទំនងសំដៅទៅលើក្រុមគណបក្ស ឆ្ពោះទៅអនាគត (Future Forward Party)នោះហើយ ដែលគណបក្សនេះ ទទួលបានសំឡេងគាំទ្រលំដាប់ទី៣ផងដែរ ក្នុងការបោះឆ្នោត​កាលពីថ្ងៃទី២៤ ខែមីនា ។

លោក Piyabutr Saenkanokkul សហស្ថាបនិក​គណបក្សឆ្ពោះទៅអនាគត និងជាអ្នកធ្លាប់នៅក្នុងក្រុមបញ្ញវ័ន្តផ្នែកច្បាប់ Nitirat ដ៏ល្បីល្បាញផងនោះ បានគិតពិចារណា​អំពី​ការកែទម្រង់​ ​​ច្បាប់​ប្រមាថ​ព្រះ​មហាក្សត្រ ឬ Les Majeste Law ដែលច្បាប់នេះ​បានដាក់ទោស​យ៉ាងធ្ងន់ធ្ងរ​ទៅលើប្រជាជនណាមានកំហុសពីបទ​បរិហារកេរ្តិ៍​ព្រះមហាក្សត្រ ។

លោកThananthorn Juangroongruangkit ប្រធានគណបក្ស​នេះ បានបញ្ជាក់ថា លោកប្រឆាំងចំពោះ​ការចោទប្រកាន់​ថា គណបក្សរបស់លោក​មិនគាំទ្ររបបរាជានិយម​នោះ ៕

 

Loading...