នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ត្រូវ​នគរ​បាល​ចរារ​ចរណ៍​ខេត្ត​កំពង់​ឆ្នាំង​ភ្ជង់​ក្បាល និងដាក់ខ្នោះ

(កំពង់ឆ្នាំង​)៖ លោក សំ ឬទ្ធី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ស្រុក​ទឹកផុស បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃទី០៥ ខែ​ឧស​ភា ឆ្នាំ២០២០ថា លោក​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ខែ​ត្ត​កំពង់ឆ្នាំង យក​កាំភ្លើង​ភ្ជង់​ក្បាល និង​វាយ​ខ្នោះ ញាត់​ឡាន យក​ទ្រុង ដោយ​ចោទប្រកាន់​លោក​ថា​ជិះ​រថយន្ដ​ពាក់​ស្លាក​លេខ​ក្លែងក្លាយ។

លោក សំ ឬទ្ធី បន្ត​ថា អំពើ​ដែល​ក្រុម​នគរបាល​ចរាចរណ៍ ធ្វើ​លើ​លោក​បាន​កើតឡើង​កាលពី​ថ្ងៃទី​ទី២៧ ខែមេសា ឆ្នាំ២០២០ នៅ​ក្បែរ​សួនច្បារ​សម្តេច​គង់​សំ​អុល ក្នុង​ក្រុង​កំពង់ឆ្នាំង។

លោក សំ ឬទ្ធី បាន​ដាក់​ការសង្ស័យ​ថា រឿង​ដែល​កើតឡើង​លើ​រូបលោក​គឺ​ការ​បញ្ជា​របស់​អ្នកមាន​អំណាច​ក្នុង​ខេត្ត ដែល​ខឹង​រូបលោក បញ្ជា​កម្លាំង​ឲ្យ​ទៅ បង្ក្រាប​ក្រុម​ជនខិលខូច​ដែល​ធ្វើសកម្មភាព​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃឈើ​សហគមន៍ នៅ​ចំណុច​ខ្សាច់​ពូន ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។

លោក សំ ឬទ្ធី ថ្លែង​ថា បន្ទាប់ពី​ដាក់ខ្នោះ​លោក​ញាត់​រថយន្ដ ក្រុម​នគរបាល​ចរាចរណ៍ បាន​យក​លោក​ទៅ​ឃុំ​ជ្រៃបាក់ ដើម្បី​គំរាម​យក​ចម្លើយ ឲ្យ​សារភាព​កំហុស រួច​បញ្ជូន​លោក​ទៅ​ឃុំ​ក្នុង​ទ្រុង​ដាក់​ជនសង្ស័យ នៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង។

បន្ទាប់ពី​មាន កិច្ច​អន្តរាគមន៍​របស់​ថ្នាក់ដឹកនាំ​អង្គភាព​, ឯកឧត្តម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ព្រៃឈើ និង​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ ទើប​កម្លាំង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ព្រម​ដោះលែង​លោ​កឲកយ​ចេញពី​ទ្រុង​វិញ​នៅ​ម៉ោង ៥ល្ងាច​ថ្ងៃ​ដដែល។

នៅពេល​សមត្ថកិច្ច ដោះលែង​លោក​វិញ​នោះ មាន​មន្ត្រី​មានអំណាច នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ប្រាប់​លោក​ថា រឿង​នេះ​កើតឡើង​មក​ពី​លោក​ពាក់​ពន្ធ័​រឿង​ដីធ្លី​របស់​គេ។

លោក សំ ឬទ្ធី បញ្ជាក់​ថា លោក​នឹង​ប្ដឹង​រក​យុត្តិធម៌​ជូន​ខ្លួនឯង ព្រោះ​លោក​មិន​អាច​ទទួល​បាន​ឡើយ​នូវ​រាល់​អំពើ​ដ៏​ឃោ​ឃៅ របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​ធ្វើ​លើ​រូបលោក។

លោក សំ ឬទ្ធី បញ្ជាក់​ថា រថយន្ត​ដែល​លោក​ជិះ​នោះ គឺជា​រថយន្ដ​ដែល​អង្គភាព​ថ្នាក់លើ​របស់​លោក និង​អង្គភាព​ពាក់ព័ន្ធ បង្ក្រាប​ពី​បទល្មើស និង​ប្រគល់​ជូន​អង្គភាព​របស់​លោក​ប្រើប្រាស់​បម្រើការ​ងារ​ជា​បណ្ដោះអាសន្ន វា​មិនមែន​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​របស់​លោក​ទេ។

ជុំវិញ​ករណីនេះ លោក លី ណា នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដែល​ជា​អ្នកដឹកនាំ​បង្ក្រាប​រឿង​នេះ បាន​បញ្ជាក់​ថា ករណីនេះ វា​ជា​បទល្មើស​ជាក់ស្តែង​ក្នុង​ការប្រើ​ប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​នៅ​លើ​ដងផ្លូវ។

សមត្ថកិច្ចលោក ពិតជា​បាន​វាយ​ខ្នោះដៃ លោក សំ ឬទ្ធី ពិតមែន​ដោយសារ លោក សំ ឬទ្ធី មិន​សហការ និង​មិនព្រម​ទៅ​កន្លែង​សមត្ថកិច្ច​តាម​ការ​ស្នើសុំ ហើយ​ការងារ​នេះ គឺ​សមត្ថកិច្ច​លោក​ធ្វើការ​តាម​តួនាទី មិនបាន​ទទួលបញ្ជា​ពី​អ្នកណា​ឲ្យ​ធ្វើ​រឿង​នេះ​ឡើយ និង​ក៏​មិន​ពាក់​ពន្ធ័​នឹង​រឿង​ផ្សេង​ៗទៀត​នោះ​ដែរ។ ​

ចំណែក​លោក ងិន ហ៊ុន ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យដឹង​ថា ពិតជា​មាន​ករណី​ខាងលើ​នេះ​ពិតមែន ហើយ​រថយន្ត​ចាប់ពី​បទល្មើស​ព្រៃឈើ​ពិតជា​មាន​មន្ត្រី​មួយចំនួន​ទាំង​រដ្ឋបាល​ព្រៃឈើ ទាំង​នគរបាល ទាំង​កងរាជអាវុធហត្ថ ខ្ចី​ប្រើប្រាស់​ពិតមែន​ដោយ​មាក​ការ​ឯកភាព​ពី អតីត​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត។ ​

លោក​ប្រធានមន្ទីរ បញ្ជាក់​ថា ក្រោយពេល​កើតរឿង​រ៉ាវ​ខាងលើ​នេះ លោក​បាន​ធ្វើ​របាយការណ៍ និង​ដាក់​សំណើ​ទៅ ឯក​ឧត្តរ​ដ្ឋ​មន្ត្រី​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក​ព្រះរាជអាជ្ញា​នៃ​អយ្យ​កឋរអម​សាលាដំបូង​ខេត្ត សុំ​ប្រមូល​យក​រថយន្ត​បទល្មើស ដែល​មន្ត្រី​មួយចំនួន​បាន​ខ្ចី​ពី​រដ្ឋ្ឋបាល​ព្រៃឈើ យក​គ្រប់គ្រង​ទុក​តាម​និ​តិ​វិធី​វិញ​៕

Loading...