នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ៖ យោធិន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន ៤​នាក់​ឆ្លង​ជំងឺ​កូ​វីដ​១៩

ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ ប្រទេស​បាន​បញ្ជាក់ថា កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន ៤​នាក់ បាន​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩ និង​កម្លាំង​អាវុធហត្ថ​ជាង ៤០០​នាក់​ផ្សេងទៀត​បាន​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ៤០​ថ្ងៃ ទើប​អនុញ្ញាត​ឲ្យ​ចូល​បម្រើ​ការងារ​វិញ​។​ក្នុងចំណោម​អាវុធហត្ថ​៤​នាក់​គឺមាន​៣​នាក់​ជា​កម្លាំង​ចល័ត​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​អាវុធហត្ថ​ម្នាក់ទៀត​នៅ​អង្គភាព​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ ប្រទេស(រូបឯកសារ)

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមេសា​នេះ​ថា យោធិន​អាវុធ​ចំនួន ៤​នាក់ នៅ​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​នៅ​អង្គភាព​ខណ្ឌមានជ័យ មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ និង​កម្លាំង​អាវុធហត្ថ​ជាង ៤០០​នាក់​ទៀត ធ្វើ​ច​ត្តា​ឡី​ស័ក​។ នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា “​អាវុធហត្ថ​ចំនួន ៤​នាក់ ដែល​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩ គឺមាន​ចំនួន ៣​នាក់ នៅ​កងរាជអាវុធហត្ថ​ចល័ត​របស់​រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត​នៅ​អង្គភាព​អាវុធ​ត្ថ​ខណ្ឌ​ច្បារអំពៅ​។ ចំពោះ​អ្នក​ដែល​រកឃើញថា មាន​វិជ្ជមាន​កូ​វីដ​១៩ គឺ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល​រៀបចំឡើង​ដោយ​ក្រុមការងារ​សុខាភិបាល​ដោយឡែក​ចំពោះ​បងប្អូន​ដែលមាន​ការពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ទាំងអស់ គឺ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក​ដោយ​តាមដាន ក្នុង​រយៈពេល​ដែល​សុខាភិបាល​បានកំណត់​១៤​ថ្ងៃ បញ្ជាក់ថា​អវិជ្ជមាន ទើប​អាច​ឲ្យ​មក​ធ្វើការ​វិញ ប៉ុន្តែ​បើ​វិជ្ជមាន​ត្រូវតែ​យកទៅ​ព្យាបាល​ហើយ​។ ចំពោះ​ជំងឺ​នេះ ក្នុង​រយៈពេល​១៤​ថ្ងៃ អត់​ចេញ​រោគសញ្ញា​អី​ទេ ក្រោយពី​១៤​ថ្ងៃ​ទៅបាន​ចេញ​រោគសញ្ញា គឺ​សរុប​រហូត​ទៅដល់​ពេល​៤០​ថ្ងៃ នៅពេល​គេ​បញ្ជាក់ថា អ្នក​នឹងមាន​វិជ្ជមាន ឬ​អវិជ្ជមាន​កូ​វីដ​១៩”​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជាក់ថា យោធិន​អាវុធ​ម្នា​ក់នៅ​អង្គភាព​ខណ្ឌមានជ័យ មាន​វិជ្ជមាន​កូ​វីដ​១៩ ។ មូលហេតុ​នៃ​ការឆ្លង​បណ្តាលមកពី​យោធិន​រូបនោះ​បាន​ទៅ​បើក ប្រាក់​ពី​ធនាគារ​សាធារណៈ ទៅជា​មួយ​កូន​អ្នក លក់​នៅ​ផ្សារ​អូរឫស្សី ដែលមាន​ផ្ទុក​វិជ្ជមាន​កូ​វីដ​១៩​។ ក្រោយពេល​យក​សំណាក​ទៅធ្វើ​កោសល្យ​វិ​ច្ឆ័​យ​គឺ​លទ្ធផល​ចេញមក​វិជ្ជមាន​កូ​វីដ​១៩​។ ក្រុមការងារ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺឆ្លង​កូ​វីដ​១៩ កំពុង​ចាត់ចែង​យក​យោធិន​អាវុធ​ម្នា​ក់នៅ​អង្គភាព​ខណ្ឌ​ច្បារអំពៅ មាន​វិជ្ជមាន​កូ​វីដ​១៩ ទៅធ្វើ​ការព្យាបាល​។
​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​បាន​បញ្ជាក់ថា​ដោយសារ​តែមាន​ការពាក់​ព័ន្ធ​យោធិន​អាវុធ​ម្នា​ក់នៅ​អង្គភាព​ខណ្ឌមានជ័យ​មាន​វិជ្ជមាន​កូ​វីដ​១៩ កម្លាំង​អាវុធហត្ថ​នៅ​ខណ្ឌ​ច្បារអំពៅ គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​៕​

Loading...