នារីដែលអះអាងថាអធិការស្រុកកំពង់ត្រឡាចចាប់រំលោភនិងគំរាមសម្លាប់អំពាវនាវរកយុត្តិធម៌

ខេត្តកំពង់ឆ្នាំង ៖នារីវ័យ ១៩ឆ្នាំដែលអះអាងថាត្រូវអធិការស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់រំលោភនោះ និងគំរាមបាញ់សម្លាប់ ទន្ទឹងរង់ចាំមើលចំណាត់ការរបស់សាលាឧទ្ធរណ៍។ នារីដែលអះអាងថាជាជនរងគ្រោះ បានពឹងពាក់មេធាវីឲ្យប្ដឹងទៅឧទ្ធរណ៍ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីតំណាងអយ្យការនៃសាលាដំបូងខេត្តកំពង់ឆ្នាំង តម្កល់សំណុំរឿងគាត់ទុកឥតចាត់ការ។
អតីតសិស្សថ្នាក់ទី១២ នៃវិទ្យាល័យមួយក្នុងស្រុកកំពង់ត្រឡាច ដែលអ្នកនិពន្ធដាក់ឈ្មោះឲ្យថា កញ្ញា បុប្ផា ឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ថា ខ្លួនកំពុងរស់នៅក្នុងភាពអាម៉ាស់ និងខូចអនាគត ក្រោយពីអធិការស្រុក លោក ហ៊ុល វាសនា បំពារបំពានលើរូបរាងកាយរបស់នាង។ អស់រយៈពេលច្រើនខែហើយដែលមេធាវី និងកញ្ញា មិនទាន់ទទួលបានសេចក្ដីជូនដំណឹង ឬសាលដីកាណាមួយពីសាលាឧទ្ធរណ៍នៅឡើយទេ។
កញ្ញា បុប្ផា មានប្រសាសន៍ថា ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តកំពង់ឆ្នាំង មិនបានរកយុត្តិធម៌ឲ្យនាងឡើយ ប៉ុន្តែនៅសង្ឃឹមថា សាលាឧទ្ធរណ៍នឹងបើកការស៊ើបអង្កេត និងផ្ដល់យុត្តិធម៌ជូននាង៖ «ខ្ញុំនៅតែរក្សាពាក្យដដែលបង បានឲ្យគេរកយុត្តិធម៌ឲ្យខ្ញុំ។ រាល់ថ្ងៃរៀនអត់ចូល ហើយមានការភ័យខ្លាច។ បច្ចុប្បន្ននៅភ្នំពេញជាមួយយាយ»។
ចំណែកមេធាវី សន ស៊ូដាលែន ដែលការពារសិទ្ធិឲ្យ កញ្ញា បុប្ផា ថ្លែងថា អ្នកស្រីនឹងតាមដានលើដំណើរការសំណុំរឿងនេះនៅសាលាឧទ្ធរណ៍ ឬអាចធ្វើលិខិតសុំពន្លឿននីតិវិធីតែម្ដង បើសាលាឧទ្ធរណ៍នៅតែយឺតយ៉ាវ។ អ្នកស្រីថា នៅក្នុងច្បាប់មិនបានចែងពីរយៈពេលនៃការចាត់ការបណ្ដឹងសាលា ឧទ្ធរណ៍ ប៉ុន្តែក្រុមគ្រួសារជនរងគ្រោះ ចង់ឲ្យតុលាការពន្លឿននីតិវិធី ដើម្បីទទួលបានយុត្តិធម៌។
កញ្ញា បុប្ផា បានដាក់បណ្ដឹងទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រឆាំងនឹង លោក ហ៊ុល វាសនា ក្រោយពីនាងអះអាងថា លោក ហ៊ុល វាសនា បានប្រើកាំភ្លើងគំរាម និងប៉ុនប៉ងរំលោភនាងចំនួនពីរដងនៅថ្ងៃខុសៗគ្នាមិនបានសម្រេច ប៉ុន្តែក្រោយមកទៀតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ១២ថ្ងៃត្រង់ លោក ហ៊ុល វាសនា ចាប់រំលោភនាងបានសម្រេចនៅក្នុងបន្ទប់នាអធិការដ្ឋាននគរបាលស្រុក កំពង់ត្រឡាច។
ចំណែកអតីតអធិការស្រុកកំពង់ត្រឡាច លោក ហ៊ុល វាសនា ដែលត្រូវថ្នាក់លើដកតំណែងឲ្យមកឈរជើងនៅស្នងការដ្ឋាននគរបាលខេត្ត ថ្លែងយ៉ាងខ្លីថា រូបលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយស្នើឲ្យសារព័ត៌មានឈប់ផ្សព្វផ្សាយរឿងនេះ។ យ៉ាងណា លោក ហ៊ុល វាសនា ធ្លាប់ប្រកាសទទួលខុសត្រូវចំពោះការត្រូវរ៉ូវរួមរស់ជាមួយគ្នា ជាច្រើនដងនៅផ្ទះសំណាក់ជាមួយ កញ្ញា បុប្ផា តែលោកប្រកែកថា មិនបានប្រើកាំភ្លើងគំរាមសម្លាប់ ឬបង្ខំចាប់រំលោភនោះទេ៕

IMG-6

Loading...

Leave a Reply

Your email address will not be published. Required fields are marked *