នារី​ម្នាក់ ​បាន​រង​របួស​ធ្ងន់​ ដោយសារតែ​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទ​ដៃ

ភ្នំពេញ ​៖​ នារី​ម្នាក់ ​បាន​រង​របួស​ធ្ងន់​ ដោយសារតែ​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទ​ដៃ​ពី​នាង​ កំពុង​ជិះ​ម៉ូតូ​កូន​ទា ​តែ​មិនបាន​សម្រេច បណ្ដាល​ដួល​ម៉ូតូ។ ចំណែក​ជនសង្ស័យ​ម្នាក់ បាន​ធ្លាក់​ពីលើ​ម៉ូតូ ត្រូវ​បាន​នារី​រងគ្រោះ​ស្រែក​ចោរៗ​ផ្អើល​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ​ចាប់​ ហើយ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង ទើប​ប្រគល់​ជូន​សមត្ថកិច្ច​វាយ​ខ្នោះ​យក​ទៅ​ប៉ុស្តិ៍​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​១៣៦ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ។

អ្នក​នៅ​ជិតខាង​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នារី​រងគ្រោះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ អាយុ​ជាង​៣០​ឆ្នាំ រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លីនិក​ឯកជន​ដឹក​យកទៅ​មន្ទីរពេទ្យ​។ ចំណែក​ជនសង្ស័យ ដែល​ចាប់បាន​នោះ ក៏​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ដែរ ខណៈ​ពេល​ដែល​ភ្លាមៗ​ ត្រូវ​សមត្ថកិច្ច​វាយ​ខ្នោះ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​កណ្ដាល​ទី​១។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​មុនពេល​កើតហេតុ គេ​ឃើញ​នារី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​កូន​ទា​មួយគ្រឿង​(​មិន​ចាំ​ស្លាក​លេខ ) ដោយ​កាន់​ទូរស័ព្ទ​ជាប់​នៅ​ដៃ លុះ​មកដល់​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​១៣៦ ដែលជា​កន្លែងកើតហេតុ​នោះ ស្រាប់តែ​លេខ​មុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​បានមក​អែប​ក្បែរ​ម៉ូតូ​របស់​នារី​រងគ្រោះ​នោះ រួច​ធ្វើ​សកម្មភាព ឆក់​យក​ទូរស័ព្ទ​ដៃ តែ​មិនបាន​សម្រេច បណ្ដាល​នារី​រងគ្រោះ​នោះ​ដួល​ម៉ូតូ ត្រឡប់ត្រលិន​លើផ្លូវ រងរបួស​ធ្ងន់។ ចំណែក​ជនសង្ស័យ​ម្នាក់ ក៏បាន​ដាច់​ផ្ងារ​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​ត្រូវ​នារី​រងគ្រោះ​ស្រែក​ចោរៗ​ផ្អើល​ឆោឡោ​ឡើង ចាប់បាន​នៅ​ក្បែរ​កន្លែងកើតហេតុ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង ទើប​ប្រគល់​ជូន​សមត្ថកិច្ច​មូលដ្ឋាន វាយខ្នោះ​យកទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​តែម្ដង​។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត បន្ថែម​ល្បឿន​ជិះ​រត់​បាត់ស្រមោល​តែម្ដង​។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំខ្លួន​មក​សួរនាំ​បន្ត​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារកណ្ដាល​ទី​១ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕

Loading...