នាំខ្លួនជនសង្ស័យ២នាក់ ទៅត្រួតពិនិត្យបន្ទប់ជួល រកឃើញ គ្រឿងញៀន២កញ្ចប់ទៀត

(មណ្ឌលគិរី)៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យប្រុសស្រី មានរក្សាទុកនូវថ្នាំញៀន២០កញ្ចប់តូចធំ និង នាំខ្លួនជនសង្ស័យបន្តឆែកឆេរក្នុងបន្ទប់ជួលលើកទី២ រកឃើញវត្ថុតាង គ្រឿងញៀនចំនួន២កញ្ចប់បន្ថែមទៀត។

អធិការនគរបាលក្រុងសែនមនោរម្យ លោក កាន់ ពេញ កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០បានអោយដឹងថា កម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំសម្របសម្រួលដោយលោក ម៉ម វ៉ាន់ដា ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះអនុវត្តន៍ដីកាបង្គាប់ឱ្យឆែកឆេរលំនៅដ្ឋាន និងដីកាបង្គាប់ឲ្យនាំជនត្រូវចោទមកធ្វើការឆែកឆេរលំនៅដ្ឋាន (ផ្ទះជួល) ។

លោកបន្តថា ការឆែកឆេរបានធ្វើឡើង នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្នុងសំណុំរឿងរបស់ជនត្រូវចោទឈ្មោះ ដារី និងឈ្មោះ ជា ផាលីណែត ។

លោកអធិការក្រុងបន្តថា លទ្ធផលនៃការឆែកឆេរលើកទី២ សមត្ថកិច្ច បានរកឃើញសារធាតុសង្ស័យ សារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ស្មើនឹង២០៥,៤០ក្រាម នៅក្នុងកូនធុងបាស់មួយ។

គួររំលឹកថាកាលពីថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ សមត្ថកិច្ចបានចុះអនុវត្តន៍ ឆែកឆេរចាប់ខ្លួនជនសង្ស័យឈ្មោះដារី និងឈ្មោះ ជា ផាលីណែត ក្នុងបន្ទប់ជួលបានដកហូតគ្រឿងញៀនចំនួន២០កញ្ចប់ ម្តងរួចមកហើយ ៕

 

 

Loading...