នាំគ្នាជិះទូកត្រឡប់ពីស៊ីការត្រូវទូកអូសយ៉ាំងកាវបុកលិចបាត់ខ្លួន៣នាក់

ខេត្តកំពង់ចាម៖ ទូកអូសយ៉ាងកាវ បើកបុកជាមួយទូកប្រជាពលរដ្ឋ ដែលជិះឆ្លងទន្លេមេគង្គ គ្រាដែលពួកគាត់ត្រឡប់មកពីពិធីមង្គលការមួយ ហើយឆ្ពោះទៅកាន់លំនៅឋានរបស់ខ្លួន ស្ថិតនៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ បណ្តាលមនុស្សចំនួន៣នាក់ ត្រូវបានបាត់ខ្លួន និងម្នាក់ទៀតត្រូវរងរបួស ។

មេឃុំកោះសំរោងលោក សន សុខ បានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ មានករណីគ្រោះថ្នាក់ រវាង ទូកអូសយ៉ាំងកាវ បានបុកជាមួយនឹងទូក របស់ប្រជាពលរដ្ឋ រស់នៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ដែលបានធ្វើដំណើរឆ្លងមកពី ចូលរួមពិធីមង្គលការ នៅឃុំរំចេកត្រើយម្ខាង មានប្រជាពលរដ្ឋចំនួន១១នាក់ជិះលើកូនទូកនោះ ក្នុងគោលដៅវិលត្រឡប់មកកាន់លំនៅដ្ឋាននៅកំពង់ក្បាលកោះជ័យ ក៏ត្រូវបានជួបគ្រោះថ្នាក់ដោយទូកអូសយ៉ាំងកាវ បើកបុក នៅចំណុច កណ្ដាលទន្លេ រវាងឃុំរំចេក និងឃុំកោះសំរោង ហើយលិចទូក របស់ប្រជាពលរដ្ឋ បណ្ដាលឱ្យមនុស្សចំនួន៣នាក់បាត់ខ្លួន និងម្នាក់ទៀតរងរបួស ។

លោកសន សុខ បានឲ្យដឹងទៀតថា មនុស្សទាំង០៣នាក់នោះ ទី១-ឈ្មោះ រិន ជា ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិទី២ (បាត់ខ្លួន)
ទី២-ឈ្មោះ ធីម ថាន ភេទប្រុស អាយុ ៥២ឆ្នាំ នៅភូមិទី២ (បាត់ខ្លួន)
ទី៣-ឈ្មោះ ឡាង ប៉េងហ៊ត់ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិទី២ (បាត់ខ្លួន)
និងទី ៤-ឈ្មោះ អ៊ាង ធី ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិទី២ (រងរបួសជើងឆ្វេង)។
លោកមេឃុំកោះសំរោង បានបញ្ជាក់ថា ក្រោយពីកើតហេតុ ភាគីខាងទូកយ៉ាងកាវ បានរត់គេចខ្លួនបាត់ ។ដោយឡែកចំពោះមនុស្សដែលបានបាត់ខ្លួន៣នាក់ រហូតមកដល់ព្រឹក ថ្ងៃទី១១ ឧសភា នេះ មិនទាន់រកឃើញនៅឡើយទេ ៕

Loading...