នៅលើពិភពលោកទាំងមូល វីរុស Covid-19 កើនឡើង ដល់ទៅ​១៤៥.​​៣៤១នាក់ហើយ

គិតដល់ម៉ោង​៧ព្រឹក ថ្ងៃទី​១៤ ខែមីនា នៅលើពិភពលោកទាំងមូល មានករណីឆ្លងវីរុសផ្លូវដង្ហើម បង្កឡើងដោយវីរុស Covid-19 កើនឡើង ដល់ទៅ​១៤៥.​​៣៤១នាក់ហើយ​​ និងស្លាប់កើនឡើងដល់ទៅ​៥៤១៦នាក់​។ នៅប្រទេសអ៊ីតាលី មានករណីឆ្លង និងស្លាប់ច្រើនជាងគេ ដោយមានអ្នកស្លាប់​២៥០នាក់ ក្នុងមួយថ្ងៃ​។​ ជាមួយគ្នានេះ ប្រទេសមហាអំណាចជុំវិញពិភពលោក បានប្រកាសអាសន្នទូទាំងប្រទេស។​

មកដល់ថ្ងៃទី​១៤ ខែមីនានេះ Covid-19 បានវាយលុកដល់១៣៦ប្រទេស នៅជុំវិញពិភពលោក ដោយមានអ្នកឆ្លងជិត​១៥០ពាន់នាក់ ក្នុងនោះមានតែ​ជាង៧ម៉ឺននាក់ប៉ុណ្ណោះ ព្យាបាលជាសះស្បើយ​។ ក្នុងចំណោម​អ្នកឆ្លងមានជិត៦ពាន់នាក់ ស្ថិតក្នុងសភាពធ្ងន់បំផុត កំពុងសង្គ្រោះបន្ទាន់ អាចស្លាប់គ្រប់ពេល។

អគ្កលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់ពិភពលោកទាំងមូល រួបរួមសាមគ្គីគ្នា ប្រយុទ្ធប្រឆាំងនឹងវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មីនេះឲ្យមានប្រសិទ្ធភាពបំផុត។ លោកបន្តទៀតថា នេះជាឧបស័គ្គយ៉ាងធំរបស់ពិភពលោក ប៉ុន្តែ កុំភ័យខ្លាចខ្លាំងពេក អាចជំរុញឲ្យស្ថានភាពកាន់តែអាក្រក់។ លោក​ Antonio Guterres បានបន្តទៀតថា​ពលរដ្ឋនៅលើពិភពលោក​នឹងងាក​ទៅរក​ការរស់នៅដូចដើមវិញ។

ក្នុងរយៈពេល​២៤ម៉ោង កន្លងមក​ចំនួនអ្នកឆ្លង នៅក្នុងប្រទេសចិន បានថយចុះយ៉ាងខ្លាំង​ ដោយមានតែ​២២នាក់ឆ្លង​ Covid-19 តែប៉ុណ្ណោះ​ និងស្លាប់តែ​៨នាក់។ ក្នុងរយៈពេលដូចគ្នានៅអ៊ីតាលី មានអ្នកឆ្លង២៥៤៧ និង​ស្លាប់​២៥០នាក់​​ ធ្វើឲ្យប្រទេសអ៊ីតាលី កើនឡើងខ្ពស់បំផុត សរុបមាន​ដល់ទៅ​១៧៦៦០ នាក់ និងស្លាប់​២៥៤៧នាក់ ៕

Loading...