នៅសល់តែជាងកន្លះខែទៀត ត្រូវចូលរោងការ កូនក្រមុំបាត់ខ្លួន ដោយមិនដឹងមូលហេតុ

ខេត្តកំពង់ឆ្នាំង ៖ នៅសល់តែជាង ១០ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃរៀបមង្គលការ ស្រាប់តែនារីម្នាក់ បានបាត់ចេញពីផ្ទះ ដោយមិនដឹងពីមូលហេតុ ខណះដែលនាង ដើរយកសំរាមទៅចោល កាលពីវេលាម៉ោង ៥និង៥៥ នាទី ល្ងាចថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្ទះជួលមួយកន្លែង នៅផ្សារទឹកថ្លា ជាប់និងផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយក៏បាត់រហូត មិនឃើញត្រឡប់វិញ មកដល់ថ្ងៃនេះ មិនមានដំណឹងអ្វី បន្តិចសោះ។
ស្ត្រីជាម្តាយឈ្មោះ ប៊ុត មិ អាយុ ៥៤ឆ្នាំ បានរៀបរាប់អោយដឹងថា គាត់មានទីលំនៅ ក្នុងភូមិអូរសួរស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ រីឯកូនស្រីរបស់គាត់ ដែលបាត់ខ្លួនខាងលើនេះ នាងមានឈ្មោះ ហេង សុធារី អាយុ ២១ឆ្នាំ បច្ចុប្បន្នលក់ដូរ នៅក្នុងផ្សារទឹកថ្លា ជាមួយនិងបងស្រីបង្កើត ក្នុងក្រុងភ្នំពេញ ហើយនាងជាកូនស្រីទី៦ ក្នុងចំណោមកូនរបស់គាត់ ៧នាក់។ នៅថ្ងៃដែលកូនស្រីគាត់បាត់ខ្លួន គឺនាងមិនមាន សកម្មភាពអ្វីប្លែក ដែលមើលទៅ គួរអោយមានការចាប់អារម្មណ៍ទេ គឺនាងនៅលក់ដួរជាធម្មតា លុះដល់ម៉ោង ៥ល្ងាច កូនស្រីគាត់បានកាន់សំរាម ១ថង់ យកទៅដាក់ក្នុងធុងសម្រាម នៅខាងក្រៅផ្ទះ ក៏ស្រាប់តែបាត់នាងរហូត។
តាំងពីពេលនោះ គាត់និងកូនៗផ្សេងៗទៀត បានព្យាយាម ដើររកគ្រប់ច្រកល្ហក ហើយនៅតែគ្មានដំណឹង គាត់បារម្ភណាស់ ខ្លាចកូនស្រីរបស់គាត់ ត្រូវចាញ់បោកគេ យកទៅធ្វើបាប ព្រោះកូនស្រីរបស់គាត់ ជិតចូលរោងការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ នេះហើយ និងបានចាត់ចែងកក់សំភារះ សំរាប់រៀបចំពិធី និងហៅភ្ញៀវរួចរាល់ អស់ហើយអស់ដែរ។ ដោយឡែក បុរសដែលត្រូវជាអនាគត ស្វាមីរបស់នារី ដែលត្រូវបានបាត់ខ្លួននោះ បានអោយដឹងថា គាត់ឈ្មោះ សែម សុធា មានទីលំនៅក្នុង ភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នធ្វើការនៅភ្នំពេញ។
គាត់មានការព្រួយបារម្ភ អំពីវាសនាគូរដណ្តឹង របស់គាត់ខ្លាំងណាស់ ព្រោះគាត់និងនាង ជិតដល់ថ្ងៃ ចូលរោងការទៅហើយ ស្រាប់តែបាត់ខ្លួន ដោយគ្មានមូលហេតុ ហើយការបាត់ខ្លូនរបស់នាងនេះ គឺគាត់ជឿជាក់យ៉ាងច្បាស់ថា នាងមិនមាន ប្រុសឈ្មោលផ្សេងឯណា ចោលគាត់នោះទេ ព្រោះនាងមិនដែល ដើរលេងយប់តែម្នាក់ឯង ម្តងណាឡើយ រាល់ថ្ងៃទំនេរពីការលក់ដូរ នាងខំចាក់ប៉ាក់រូបគាត់ និងនាងទុក ដាក់តាំងនៅថ្ងៃ រៀបមង្គលការ និងទន្ទឹងអោយតែឆាប់ដល់ថ្ងៃ រៀបការទៀតផង។
លោកបន្តថា ជុំវិញករណីបាត់ខ្លូន គូដណ្តឹងរបស់គាត់នេះ គាត់មានការសង្ស័យខ្លះៗ ទៅលើស្ត្រីម្នាក់ឈ្មោះ ភឿន អាយុប្រហែល ៣០ឆ្នាំ ជាជាងកាត់ដេរ នៅក្នុងផ្សារទឹកថ្លា កន្លងមកស្ត្រីរូបនេះ បានរាប់អានជាមួយ និងគូដណ្តឹងរបស់គាត់ ដូចមិត្តភ័ក្រ ពេលនោះគាត់មិនទាន់ មានទំនាក់ទំនងស្នេហា ជាមួយគូដណ្តឹងគាត់នៅឡើយទេ ហើយស្ត្រីឈ្មោះ ភឿន នេះក៏បានលួចស្រឡាញ់គាត់ តាំងពីយូរមកហើយដែរ តែគាត់មិនបាន ចាប់អារម្មណ៍នោះទេ ស្រាប់តែក្រោយពីដឹងថា រូបគាត់ជិតរៀបការ ស្ត្រីរូបនោះតែងតែ ចោលពាក្យសំដីដៀមដាមឌឺដង ដាក់ជាច្រើនលើក ច្រើនសារ។
ស្ត្រីឈ្មោះ ភឿន តែងប្រាប់អ្នកជិតខាងថា រូបគេនិងធ្វើយ៉ាងណា មិនអោយ ២នាក់នេះ បានរៀបការ ជាមួយគ្នាដាច់ខាត គេថែមទាំងបានទៅធ្វើព្យុះធ្វើភ្លៀង និងប្រាប់ប្រធានភូមិ ឯស្រុកកំណើត របស់គូដណ្តឹងគាត់ អោយប្រធានភូមិផ្អាក ពិធីរៀបមង្គលការ នេះថែមទៀតផង។ ប្រហែលជា ២ទៅ៣ ថ្ងៃ មុនពេលដែលគូដណ្តឹងគាត់ បាត់ពីផ្ទះ ស្ត្រីឈ្មោះ ភឿន បានទៅនិយាយប្រាប់ អ្នកនៅក្បែរផ្ទះ របស់គូដណ្តឹងគាត់ ម្តងទៀតថា គេនិងធ្វើមិនអោយ ២នាក់នេះ បានរៀបការនិងគ្នាឡើយ នេះគ្រាន់តែជាការសង្ស័យ របស់គាត់តែប៉ុណ្ណោះ។
ជាចុងក្រោយនេះ ម្តាយ បងប្អូនបុរសជា គូដណ្តឹងរបស់នាង បានសូមសំណូមពរ ដល់អាជ្ញាធរ និងសមត្ថកិច្ច នៅគ្រប់ខេត្ត ក្រុង រួមទាំងបងប្អូន ប្រជាពលរដ្ឋទាំងអស់ បើបានឃើញនារី ដែលមានភិនភាគ ដូចក្នុងរូបថតទាំងនេះ មេត្តាជួយផ្តល់ដំណឹង មកអោយក្រុមគ្រួសាររបស់នាង ដែលរាល់ថ្ងៃម្តាយ បងប្អូន ក្រុមគ្រួសារទាំងអស់ ជាពិសេសបុរស ជាគូរដណ្តឹងរបស់នាង ដែលកំពុងតែមានការព្រួយបារម្ភ ពីសុវត្ថិភាពរបស់នាងផ្ទាល់ មិនដឹងថា ជួបទុក្ខលំបាកយ៉ាងណានោះទេ ពិសេសម្តាយ និងបងស្រីរបស់នាង ដើររកនាងគ្រប់ទីកន្លែង អត់បាយក្រហាយទឹក និងទ្រហ៊ោយំទាំងយប់ទាំងថ្ងៃ។ បើនាងបានដឹងដំណឹងនេះ សូមអោយនាង ឆាប់វិលត្រឡប់មករកម្តាយ និងក្រុមគ្រួសារនាងវិញ ទាំងអស់គ្នានិងរង់ចាំនាង គ្រប់ពេលវេលា និងទំនាក់ទំនងមកលេខទូរស័ព្ទ ០១២ ៩១២ ២៣៨. ០៨៧ ៨៩៣ ១៨២ ៕

W@t-0612

Loading...

Leave a Reply

Your email address will not be published. Required fields are marked *