បក្ខពួក​មេ​ឈ្មួញ តែម ធារ៉ា នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​រាលដាល​

ខេត្តពោធិ៍សាត់៖ ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ តែម ធារ៉ា ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តពោធិ៍សាត់ ហើយ​មាន​តួនាទី​ជា​ប្រធាន​មន្ទីរ​បច្ចេកទេស​សម្ភារៈ​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ មិន​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ដោយ​ខ្លួនឯង​ដូច​កាលពីមុន​ទៀត​ទេ គឺ​ផ្អាក​សកម្មភាព​មួយរយៈ​។ ប៉ុន្តែ​បក្ខពួក​របស់​មេ​ឈ្មួញ តែម ធារ៉ា នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រន​ស្ថាប័ន​ទៀត​ដែល​កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។ មានន័យថា​ទោះបី​មេ​ឈ្មួញ តែម ធារ៉ា ផ្អាក​សកម្មភាព​មួយរយៈ​ក៏ដោយ ក៏​មេ​ឈ្មួញ​ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តពោធិ៍សាត់ រូបនេះ​នៅតែ​អាច​ចាត់តាំង​បក្ខពួក​របស់ខ្លួន​ឲ្យ​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​រលូន​ដដែល​ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។

​ប្រភពពី​មន្ត្រី​អាវុធហត្ថ​នៅក្នុង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​មេ​ឈ្មួញ តែម ធារ៉ា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យ៉ាង​រលូន​តែម្តង​។ ខ្នងបង្អែក​រឹងមាំ​របស់​មេ​ឈ្មួញ តែម ធារ៉ា ត្រូវបាន​គេ​ដឹងថា​គ្មាន​នរណា​ក្រៅពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សាម៉ុន ដែលជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ នោះទេ​ព្រោះ​លោក អ៊ុក សាម៉ុន បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ជា​ការពិត​កន្លងមក​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ និង​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​សហការគ្នា​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ជាច្រើន​ករណី​ប៉ុន្តែ​មេ​ឈ្មួញ តែម ធារ៉ា និង​បក្ខពួក​តែងតែ​គេច​ផុតពី​ការបង្ក្រាប​យ៉ាង​ក្រអឺតក្រទម​។

តាម​ប្រភពពី​មន្ត្រី​អាវុធហត្ថ​នៅក្នុង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ក្នុងតួនាទី​ជា​ប្រធាន​មន្ទីរ​បច្ចេកទេស​សម្ភារៈ​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ គឺ​លោក តែម ធារ៉ា មិនសូវ​មក​បំពេញការងារ​នៅក្នុង​ការិយាល័យ​របស់​ខ្លួន​ឲ្យ​បាន​ទៀងទាត់​នោះទេ​។ ផ្ទុយទៅវិញ​លោក​វរសេនីយ៍ទោ​(​ស័​ក្ដិ៍​៤​កន្លះ​) តែម ធារ៉ា បាន​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ដើម្បី​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ ព្រោះ​គេ​ដឹងថា​មេ​ឈ្មួញ តែម ធារ៉ា មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ជា​បង្អែក​ដ៏​រឹងមាំ​។ បច្ចុប្បន្ន​បក្ខពួក​រប​ស់មេ​ឈ្មួញ តែម ធារ៉ា មាន​ទីតាំង​ចាំ​ប្រមូល​ទិញ​ឈើ​នៅ​ភូមិ​ស្បូវ​រីក ឃុំ​លាច ស្រុក​ភ្នំក្រវាញ យ៉ាង​សុខ​ស្រួល​ហើយ​ដឹកជញ្ជូន​ឈើ​ទាំងនោះ​ចេញពី​ស្រុក​ភ្នំក្រវាញ ចូល​ទី​រួម​ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ យ៉ាង​រលូន​៕

Loading...