បងធម៌​សម្លាប់​ប្អូនស្រី​ ប្លន់​យក​លុយ​ជិត​ ៥​ពាន់​ដុល្លារ​ ហើយ​យក​សព​ទៅ​ប្លុង​ចោល​

​ខេត្តកណ្តាល​ ៖​ កម្មការិនី​រោងចក្រ​ តាក់​សាន់​ ម្នាក់​ ជា​អ្នក​រកស៊ី​ចងការ​ប្រាក់​ ឲ្យ​កម្មករ​រោងចក្រ​ ត្រូវ​បងធម៌​របស់​ខ្លួន​ វាយ​សម្លាប់​ប្លន់​យក​ ម៉ូតូ​ គ្រឿងអលង្ការ​ និង​លុយ​ ១៥០០​ដុល្លារ​ សរុប​ជិត​ ៥​ពាន់​ដុល្លារ​ តាំងពី​យប់​ថ្ងៃ​សុក្រ​ ទី​២០​ ខែកុម្ភៈ​ ហើយ​យក​សព​នាង​ ទៅ​ទម្លាក់​ចោល​ តាម​បណ្តោយ​ ផ្លូវជាតិ​លេខ​៦១​ ត្រង់​ចំណុច​ភូមិ​ ថ្នល់​បត់​ ឃុំ​កោះ​ចិន​ ស្រុក​ពញាឮ​ ខេត្តកណ្ដាល​ ទើបត្រូវ​បាន​ប្រជាពលរដ្ឋ​ ប្រទះ​ឃើញ​នៅ​រសៀល​ ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ដោយ​មាន​អាកា​រៈ​ ហើម​ស្អុយរលួយ​ មើល​ស្ទើរតែ​មិន​ស្គាល់​។

 

​ សមត្ថកិច្ច​នគរបាល​ ខេត្តកណ្តាល​ បាន​ឲ្យ​ដឹង​ថា​ នារី​ជន​រង​គ្រោះ​ឈ្មោះ​ សាន់​ អា​ស្រស់​ មាន​ អាយុ​ ២២​ឆ្នាំ​ ជួល​បន្ទប់​ស្នាក់​នៅ​ ជាប់​រោងចក្រ​ ក្នុងភូមិ​ទឹកថ្លា​ សង្កាត់​ក្រាំង​ពង្រ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មានស្រុក​កំណើត​ នៅ​ភូមិ​ស្វាយ​ទាប​ ឃុំ​អំពិល​ក្រៅ​ ស្រុក​ស៊ី​ធរ​កណ្ដាល​ ខេត្ត​ព្រៃ​ វែង​ ហើយ​ឪពុក​នារី​រង​គ្រោះ​ មានឈ្មោះ​ លី​ សាន់​ អាយុ​ ៤៦​ឆ្នាំ​ ម្តាយ​ឈ្មោះ​ ចេះ​ ម៉ា​រី​ អាយុ​ ៤៤​ឆ្នាំ​ ជា​កសិករ​។​ សមត្ថកិច្ច​កំណត់​ អត្តសញ្ញាណ​ជនល្មើស​ បាន​ហើយ​ គឺ​ឈ្មោះ​ សំ​អុល​ មុន្នី​ ហៅ​ រាក់​ អាយុ​ ៣០​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ មានស្រុក​កំណើត​ នៅ​ខេត្តកំពង់ចាម​ ស្នាក់​នៅ​បន្ទប់​ជួល​ ក្បែរ​នារី​រង​គ្រោះ​ ហើយ​បាន​រាប់អាន​គ្នា​ ជា​បងធម៌​ប្អូនធម៌​ ជាមួយ​នារី​រង​គ្រោះ​ផង​ដែរ​។

 

​ លោក​ លី​ សាន់​ បាន​រៀបរាប់​ថា​ កូនស្រី​របស់​គាត់​ ត្រូវ​បាន​ជនល្មើស​ វាយ​សម្លាប់​នៅ​ក្នុង​បន្ទប់​ កាលពី​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ខណៈ​ដែល​នាង​នៅ​តែ​ម្នាក់ឯង​ ហើយ​បាន​ប្រមូល​ យក​ទ្រព្យសម្បត្តិ​ រួម​មាន​ ម៉ូតូ​ម៉ាក​ ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BW-0197,​ ចិញ្ចៀនពេជ្រ​ ០២​ វង់​ តម្លៃ​ប្រហែល​ ២.០០០​ដុល្លារ​,​ ខ្សែ​ក​ផ្លា​ក​ទី​ន​ ចំនួន​ ០១​ ខ្សែ​ ទម្ងន់​ប្រហែល​ ៥​ជី​,​ កងដៃ​ចំនួន​ ០១​ ទម្ងន់​ប្រហែល​ ៥​ជី​,​ ទូរស័ព្ទ​ដៃ​ចំនួន​ ០២​ គ្រឿង​ ម៉ាក​ ណូ​គា​ និង​ ហូ​វៃ​ និង​លុយ​ ១.៥០០​ដុល្លារ​។​

 

ប្រភព​ខាងលើ​បន្ដ​ថា​ នៅ​យប់​ថ្ងៃ​កើតហេតុ​ កូនស្រី​របស់​គាត់​ នៅ​ក្នុង​បន្ទប់​ជួល​តែ​ម្នាក់ឯង​ ខណៈ​អ្នក​នៅ​ជិតខាង​ បាន​នាំ​គ្នា​ទៅ​ធ្វើការ​ រោងចក្រ​វេន​យប់​ ហើយ​នាង​បាន​ ទូរស័ព្ទ​ហៅ​បងធម៌​របស់​ខ្លួន​ ឲ្យ​មក​ជួយ​មើល​ទុយោ​ទឹក​ ដែល​បែកធ្លាយ​។​ ដោយ​ឃើញ​ឱកាសល្អ​ ជនល្មើស​ជា​ បងធម៌​ បាន​ធ្វើ​សកម្មភាព​ សម្លាប់​នារី​រង​គ្រោះ​ ប្លន់​យក​ទ្រព្យសម្បត្តិ​តែ​ម្តង​ ដ្បិត​ជនល្មើស​ បានដឹង​ថា​ នារី​រង​គ្រោះ​ ជា​អ្នកមាន​លុយ​ច្រើន​។​

 

ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​ គ្មាន​នរណា​ម្នាក់​ដឹង​ថា​ នារី​រង​គ្រោះ​បាន​បាត់​ខ្លួន​ ពី​បន្ទប់​ជួល​ ដោយ​របៀប​ណា​នោះ​ទេ​ ហើយ​ក៏​មិនដឹង​ពី​មូលហេតុ​ យ៉ាងណា​នោះ​ដែរ​។​ តែ​ដោយ​មានការ​ ជជីក​សួរ​ខ្លាំង​ ទៅ​លើ​ភរិយា​ជនល្មើស​ ក៏​ដូច​ជា​ជនល្មើស​ ឈ្មោះ​ សំ​អុល​ មុន្នី​ ធ្វើ​ឲ្យ​ជនល្មើស​រអើល​ខ្លួន​ ខ្លាច​គេ​ដឹង​ បាន​ព្យាយាម​គេចខ្លួន​ លែង​ត្រឡប់​ចូល​ធ្វើការ​វិញ​។​ រយះ​ពេល​ ៥​ថ្ងៃក្រោយ​ នៃ​ការ​បាត់​ខ្លួន​នារី​រង​គ្រោះ​ ជនល្មើស​ឈ្មោះ​ សំ​អុល​ មុន្នី​ បាន​ទូរស័ព្ទ​សារភាព​ ប្រាប់​ភរិយា​របស់​ខ្លួន​ថា​ ខ្លួន​ជា​អ្នក​ធ្វើ​សកម្មភាព​ សម្លាប់​នារី​រង​គ្រោះ​ ដែល​ជា​ប្អូនធម៌​ ហើយ​យក​ទៅ​ទម្លាក់​ចោល​ នៅ​តាម​បណ្តោយ​ ផ្លូវជាតិ​លេខ​៦១​ ត្រង់​ចំណុច​ភូមិ​ថ្នល់​បត់​ ឃុំ​កោះ​ចិន​ ស្រុក​ពញាឮ​ ខេត្តកណ្ដាល​ ក៏​នាំ​គ្នា​ទៅ​មើល​ ប្រទះ​ឃើញ​សព​រុំ​ក្នុង​ភួយ​ ដែល​នាង​ប្រើប្រាស់​រាល់ថ្ងៃ​៕​

 

44

Loading...

Leave a Reply

Your email address will not be published. Required fields are marked *