បង់ក្លាដែសដាក់ទោសមនុស្ស១៣នាក់ពាក់ព័ន្ធករណីឆេះរោងចក្រ

តុលាការរបស់ប្រទេសបង់ក្លាដែសកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ បានចោទប្រកាន់ និងដាក់ទោសទៅលើម្ចាស់រោងចក្រកាត់ដេរសម្លៀកបំពាក់ និងបុគ្គលិក១១នាក់ ពីបទមនុស្សឃាតទាក់ទងការធ្វើឲ្យកម្មកររហូតដល់១១២នាក់បាត់បង់ជីវិត ដោយសារតែហេតុការណ៍ឆេះរោងចក្រ ។

តុលាការបានបញ្ជាក់ថា ឈ្មោះ Delwar Hossain រួមជាមួយប្រពន្ធរបស់គាត់ Mahmuda Akter ម្ចាស់រោងចក្រ Tazreen Fashions និងបុគ្គលិក១១នាក់ផ្សេងទៀត ក្នុងនោះមាននាយកគ្រប់គ្រងរោងចក្រ និងកងសន្តិសុខផងដែរ ដែលទាក់ទងហេតុការណ៍អគ្គិភ័យនៅជាយក្រុង Dhaka កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ ។

សវនាការនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥នេះ ។ រដ្ឋអាជ្ញារបស់ប្រទេសនេះ លោក Khandakar Abdul Mannan បានប្រាប់ប្រភពព័ត៌មានថា ពួកគេ(ជនជាប់ចោទ)អាចជាប់ពន្ធនាគារអស់មួយជីវិត ។

ជនរងគ្រោះដែលបាត់បង់ជីវិតភាគច្រើនដោយសារតែធ្វើតាមការណែនាំរបស់នាយកគ្រប់គ្រងក្នុងរោងចក្រនោះឲ្យពួកគេវិលត្រឡប់ទៅកាន់កន្លែងធ្វើការវិញ បើទោះបីជាមានសំឡេងរោទិ៍ភ្លើងសញ្ញាអាសន្នឲ្យឃើញ និងមានផ្សែងហុយចេញពីខាងក្នុងរោងចក្រនោះយ៉ាងណាក៏ដោយ ។

បង់ក្លាដែសជាប្រទេសនាំចេញសម្លៀកបំពាក់ធំលំដាប់ទីពីរនៅក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន ។ ប្រទេសនេះត្រូវបានជំរុញឲ្យដំឡើងប្រាក់បៀវត្សរ៍ជូនកម្មករឲ្យបានខ្ពស់ ព្រមទាំងបង្កើតឲ្យមានសហជីពផងដែរកាលពីឆ្នាំ២០១៣រៀងមក ក្រោយពីផ្ទុះឡើងហេតុការណ៍គ្រោះនៅតាមរោងចក្រជាបន្តបន្ទាប់ ដោយសារកត្តាបង់ថ្លៃឈ្នួលទាប និងបទដ្ឋានការងារមិនស្របតាមលក្ខណៈអន្តរជាតិ ។

ការនាំចេញក្នុងតម្លៃប្រមាណ២៥ពាន់លានដុល្លារអាមេរិក ផ្គត់ផ្គង់ចែកចាយតាមរយៈស្លាកសញ្ញាផ្សេងៗរបស់លោកខាងលិចនោះ ត្រូវបានត្រួតពិនិត្យឡើងវិញ បន្ទាប់មានករណីក្រឡាប់រោងចក្រនៅបង់ក្លាដែសសម្លាប់មនុស្សប្រមាណជាង១១៣០នាក់ ក្នុងឆ្នាំ២០១៣នោះ ៕

bangladesh-building-collapse_4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *