បង់ក្លាដែសប្រារព្ធបុណ្យកាន់ទុក្ខ បន្ទាប់ពីចំណាប់ខ្មាំងត្រូវសម្លាប់រង្គាល

រដ្ឋាភិបាលបង់ក្លាដែសបានប្រារព្ធពិធីបុណ្យកាន់ទុក្ខរយៈពេល២ថ្ងៃនៅទូទាំងប្រទេស កាលពីថ្ងៃទី៣ ខែកក្កដា បន្ទាប់ពីចំណាប់ខ្មាំង២០នាក់ត្រូវបានសម្លាប់យ៉ាងរង្គាលនៅភោជនីយដ្ឋានមួយ ដែលមានជនបរទេសច្រើននាក់នៅទីនោះ និងជាហេតុធ្វើឲ្យមានយុទ្ធនាការវាយប្រហារយ៉ាងរន្ធត់ពីក្រុមជ្រុលនិយមអិស្លាមនោះ ។

នាយករដ្ឋមន្ត្រី Sheikh Hasina បានប្រកាសកាន់ទុក្ខនេះ ស្របពេលដែលលោកស្រីបញ្ជាក់ពីការប្តេជ្ញាការពារមិនឲ្យ ប្រទេសបង់ក្លាដែស ដែលមានពលរដ្ឋមូស្លីមច្រើនជាងគេបំផុត ធ្លាក់ខ្លួនទៅជាប្រទេសមួយដែលបរាជ័យឡើយ ។

ស្របពេលការថ្កោលទោសទៅលើការសម្លាប់រង្គាលនៅក្នុងទីក្រុង Dhaka ដែលក្នុងចំណោមជនរងគ្រោះ មាន១៨នាក់ ជាជនបរទេសនោះ ក្រុមរដ្ឋអិស្លាមបានអះអាងថា ពួកគេវាយប្រហារគោលដៅទៅលើការប្រមូលផ្តុំរបស់«ពលរដ្ឋប្រទេសអ្នកទាមទារប្រយុទ្ធ» កាលពីវេលាយប់ថ្ងៃទីសុក្រ(សប្តាហ៍មុន) នៅក្នុងហាងកាហ្វេមួយតាមបែបលោកខាងលិច ។

ព្រមជាមួយគ្នានេះ ចំណាប់ខ្មាំង២០នាក់ត្រូវបានសម្លាប់ ហើយសាកសពរបស់ពួកគេត្រូវបានគេរកឃើញនៅក្នុងអាងទឹកមួយពេញទៅដោយឈាម បន្ទាប់ពីកងកុម្មង់ដូពិសេសបានឡោមព័ទ្ធហាងកាហ្វេនោះ ដើម្បីបញ្ចប់ការគ្រប់គ្រង(របស់ក្រុមភេរវកម្ម) ហើយដែលប៉ូលិស២នាក់ ក៏បានបាត់បង់ជីវិត នៅក្នុងការប្រយុទ្ធតទល់គ្នាជាមួយក្រុមខ្មាន់កាំភ្លើងដ៏កោងកាចនោះ ។

ខ្មាន់កាំភ្លើង៦នាក់ត្រូវបាញ់សម្លាប់ដោយកងកម្លាំងកុម្មង់ដូ នៅក្នុងឆាកប្រយុទ្ធចុងក្រោយដើម្បីដណ្តើមគ្រប់គ្រងហាងកាហ្វេ Holey Artisann Bakery ឡើងវិញ ។ ខ្មាន់កាំភ្លើងម្នាក់ត្រូវចាប់ទាំងរស់ ហើយកំពុងស្ថិតក្នុងការសួរចម្លើយរបស់ក្រុមពិសេសបង់ក្លាដែស ។

មន្ត្រីសន្តិសុខបានថ្លែងថា ជនរងគ្រោះភាគច្រើនត្រូវសម្លាប់ដោយកាំបិតយ៉ាងមុត ។

រដ្ឋាភិបាលលោកស្រី Hasina កាលពីពេលកន្លងមក បានបន្ទោសថា ការវាយប្រហារសម្លាប់មនុស្សប្រឆាំងអ្នកមានជំនឿសាសនាភាគតិច ក៏ដូចជនបរទេសនោះ ជាទង្វើរបស់ក្រុមប្រឆាំងក្នុងស្រុកប៉ុណ្ណោះ មិនមែនជាក្រុមរដ្ឋអិស្លាមនោះឡើយ។ ប៉ុន្តែការវាយប្រហារលើកនេះ រដ្ឋាភិបាលបានភ្លឺភ្នែក ហើយទទួលស្គាល់ថា ប្រទេសរបស់ខ្លួនពិតជាទទួលរងការគំរាមកំហែងពីក្រុមរដ្ឋអិស្លាមប្រាកដមែន ។

ថ្លែងតាមកញ្ចក់ទូរទស្សន៍ដ៏រំជើបរំជួលទូទាំងប្រទេសនោះ លោកស្រី Hasina បញ្ជាក់ថា «អិស្លាមជាសាសនាសន្តិភាព ។ បញ្ឈប់ការសម្លាប់ដោយប្រើឈ្មោះសាសនានេះទៅ ។ បញ្ឈប់ការធ្វើឲ្យសៅហ្មងចំពោះសាសនាដ៏ថ្លៃថ្នូររបស់យើង… ខ្ញុំសូមអង្វរអ្នកឲ្យវិលត្រឡប់មករកផ្លូវត្រូវ និងទទួលយកពន្លឺនៃអិស្លាមវិញ» ។

លោកស្រីនាយករដ្ឋមន្ត្រី អាយុ៦៨ឆ្នាំរូបនេះបានថ្លែងថា ជននៅពីក្រោយការវាយប្រហារនេះ គឺព្យាយាមបំផ្លិចបំផ្លាញបង់ក្លាដែស ដែលជាប្រទេសមូស្លីមដ៏សំខាន់មួយមានពលរដ្ឋ១៦០លាននាក់ ។

លោកស្រីសង្កត់បញ្ជាក់ថា «ការតម្រង់ចុងកាំភ្លើងមកលើពលរដ្ឋស៊ីវិលស្លូតត្រង់ដែលជាចំណាប់ខ្មាំងនោះ ពួកគេមានបំណងឲ្យប្រទេសរបស់យើងក្លាយទៅជារដ្ឋមួយដែលបរាជ័យ ។

ទង់ជាតិត្រូវបង្ហូតនៅត្រឹមពាក់កណ្តាលដងស្ថិតនៅតាមអគារការិយាល័យរដ្ឋាភិបាល ក៏ដូចនៅកន្លែងដទៃផ្សេងទៀតទូទាំងប្រទេស ខណៈដែលពិធីបុណ្យសពពលរដ្ឋបង់ក្លាដែសត្រូវបានរៀបចំធ្វើឡើង ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានស្ថិតនៅក្នុងចំណោមអ្នកដែលបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារភេរកម្មខាងលើនេះ ។ លោកបាន គីមូន បានស្នើឲ្យចូលរួមយ៉ាងមោះមុតបន្ថែម ទៀតក្នុងកិច្ចខិតខំប្រឹងប្រែង ទាំងនៅក្នុងតំបន់ និងអន្តរជាតិដើម្បីការការពារ និងប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម ។

សោកសៅនៅប្រទេសអ៊ីតាលី

មានការសោកសៅនៅក្នុងប្រទេសអ៊ីតាលីផងដែរ បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះប្រកាសថា ពលរដ្ឋរបស់ខ្លួនរហូតដល់៩នាក់បានស្លាប់ក្នុងការវាយប្រហារភេរវកម្មនៅទីក្រុង Dhaka ប្រទេសបង់ក្លាដែសនោះ ។

នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi បានថ្លែងថា «ភេរវករចង់សម្រាតខោអាវរស់នៅប្រចាំថ្ងៃរបស់យើង» ។ កាតព្វកិច្ចរបស់យើង គឺឆ្លើយតបជាមួយកម្លាំងដ៏ខ្លាំងជាងមុន ដើម្បីបញ្ជាក់អំពីតម្លៃរបស់យើង តម្លៃនៃសេរីភាពដ៏ជាទីមោទនៈរបស់យើង ហើយដែលខ្លាំងជាងក្រុមទោសៈ ឬភេរវករ ។

ពលរដ្ឋជប៉ុន៧នាក់បានស្លាប់នៅក្នុងការវាយប្រហារខាងលើនេះដែរ ។ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានថ្លែងថា លោកខឹងសម្បារយ៉ាងខ្លាំង ដែលពលរដ្ឋស្លូតត្រង់ភាគច្រើនបាត់បង់ជីវិតដោយសារតែអំពើយង់ឃ្នង ឃោរឃៅរបស់ក្រុមភេរវកម្ម ។

មន្ត្រីអាមេរិកបានបញ្ជាក់ថា ពលរដ្ឋរបស់ខ្លួនម្នាក់បានស្លាប់ក្នុងចំណោមជនរងគ្រោះទាំងនោះដែរ ហើយរដ្ឋាភិបាលទីក្រុងញូវដេលីក៏បានថ្លែងថា ពលរដ្ឋឥណ្ឌាអាយុ១៩ឆ្នាំម្នាក់ ដែលសិក្សានៅមហាវិទ្យាល័យកាលីហ្វ័រនីញ៉ា Berkeley បានស្លាប់ក្នុងព្រឹត្តិការណ៍នេះដែរ ។

កងកុម្មង់ដូប្រមាណ១០០នាក់បានបើកប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំងរយៈពេលប្រមាណ១១ម៉ោងទើបចប់សព្វគ្រប់ ។ ចំណាប់ខ្មាំងសរុប១៣នាក់ត្រូវជួយសង្គ្រោះ ។ អ្នកខ្លះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យយោធា ។

ឪពុកជនរងគ្រោះម្នាក់ដែលរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតបានប្រាប់ថា កូនប្រុសរបស់គាត់បានបញ្ជាក់ថា ក្រុមខ្មាន់កាំភ្លើងបានចាប់ដាក់ឲ្យនៅដាច់ដោយឡែកពីគ្នារវាងជនក្នុងស្រុក នឹងក្រុមចំណាប់ខ្មាំងជាជនបរទេស ។

នេះជាការវាយប្រហារសម្លាប់រង្គាលចុងក្រោយបំផុត ដែលប្រកាសទទួលស្គាល់ដោយក្រុមរដ្ឋអិស្លាមIS ឬក្រុមមែកធាងអាល់កៃដានៅក្នុងតំបន់ បន្ទាប់ពីការវាយប្រហារផ្សារទំនើប Gulshan ក្នុងទីក្រុង Dhaka ទីក្រុងដែលមានស្ថានទូតបរទេស និងលំនៅឋានអភិជនរស់នៅច្រើន ។

កាលពីខែកន្លងមកនេះ អាជ្ញាធរបង់ក្លាដែសបានធ្វើប្រតិបត្តិការបង្ក្រាបក្រុមជីហាដនិយមក្នុងតំបន់ ដោយចាប់ខ្លួនមនុស្ស ជាង១១.០០០នាក់ ។ ប៉ុន្តែទោះបីយ៉ាងណា ការចាប់ខ្លួនទាំងនោះទទួលរងការរិះគន់ថា ជាសកម្មភាពមួយរំលោភបំពាន និងជាចេតនាធ្វើឲ្យសំឡេងក្រុមប្រឆាំងស្ងាត់ស្ងៀម ។

គណបក្សអិស្លាមនិយមដ៏សំខាន់របស់បង់ក្លាដែស ត្រូវបានហាមឃាត់មិនឲ្យចូលរួមបោះឆ្នោតនោះឡើយ ហើយមេដឹកនាំរបស់គណបក្សនេះភាគច្រើន ត្រូវចាប់ខ្លួន បើមិនដូច្នេះទេ គឺត្រូវប្រហារជីវិត ក្រោយសវនាការកាលពីពេលថ្មីៗនេះពាក់ព័ន្ធការកាន់អំណាចរបស់ពួកគេក្នុងអំឡុងឆ្នាំ១៩៧១ ដែលមានសង្គ្រាមទាមទារឯករាជ្យពីប៉ាគីស្ថាន ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង់ក្លាដែស លោក Asaduzzaman Khan បានប្រាប់ប្រភពព័ត៌មាន AFP នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ថា ក្រុមជីហាដនិយមដែលសម្លាប់ចំណាប់ខ្មាំង២០នាក់នោះ មិនមែនជាសមាជិកដឹកនាំដោយក្រុម រដ្ឋអិស្លាមនោះឡើយ ប៉ុន្តែជាក្រុមឧទ្ទាមដែលកកើតឡើងនៅក្នុងទឹកដីបង់ក្លាដែសនេះតែម្តង ។

ប្រភពបញ្ជាក់ថា ពួកគេជាសមាជិកក្រុម Jamaeytul Mujahdeen បង់ក្លាដែស ដែលហាមមិនឲ្យមាននៅលើទឹកដីបង់ក្លាដែសរយៈពេលជាង១ទសវត្សរ៍កន្លងមកហើយ ៕ សុមេធ

a-military-tank-makes-its

ambulances-believed-to-be

a-bangladeshi-policeman

map-of-central-dhaka

Loading...

Leave a Reply

Your email address will not be published. Required fields are marked *