បង្ក្រាបករណីជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំ​ ឃាត់ខ្លួនមនុស្ស២នាក់ និងវត្ថុតាង

ខេត្តមណ្ឌលគិរី៖​ កម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការ និងការដឹកនាំសម្របសម្រួលដោយ លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។​ ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនស្ស័យពីរនាក់និងវត្ថុតាង ថ្នាំញៀនជាង២០កញ្ចប់ នៅវេលាម៉ោង ១៨ និង ០០ នាទី ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ ។

សមត្ថកិច្ចឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួន និងឆែកឆេរ ក្នុង ម៉ូតូ និងបន្ទប់ជួល របស់ជនសង្ស័យ ទាំង២ នាក់ ទី ១. ឈ្មោះ ដា រី ហៅ ម៉ាប់ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ។ មស្រុកកំណើត : ភូមិ​ ព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។​ បច្ចុប្បន្នស្នាក់នៅ : ភូមិចំការតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ទី២. ឈ្មោះ ជា ផាលីណែត ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។​ ស្រុកកំណើត: ភូមិអូរបែកក្អម សង្កាត់ទឹកល្អក់២ ខណ្ឌ័ទួលគោក រាជធានីភ្នំពេញ ។​ ទីលំនៅបច្ចុប្បន្ន : ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ក្នុងនោះសមត្ថកិច្ចបានដកហូ សម្ភារៈ និងវត្ថុតាង រួមមាន ៖ សារធាតុសង្សយ័ថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ( ម៉ាកទឹកកក ) ចំនួន ២២ កញ្ចប់ ( ៦ កញ្ចប់ធំ ; ៧ កញ្ចប់ធំល្មម ; ៩ កញ្ចប់តូច ) មិនទាន់ថ្លឹង។

ឧបករណ៍ សម្ភារៈ មធ្យោបាយ ដកហូតបាន ៖

១. អាវុធចំនួន ១ ដើម ម៉ាក់ G19 AUSTRIA WET 5168 ផលិតនៅប្រទេសនៅTAIWAN ( ប្រើហ្គាសបាញ់គ្រាប់កង់ )

២. ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ( ម៉ាកOPPO ១គ្រឿងនិងម៉ាក SAMSUNG ១គ្រឿង )

៣. ដែកកេះចំនួន ៨

៤. កាបូបចំនួន ២

៥. អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំនួន ២ សន្លឹក

៦. បណ្ណ័សំគាល់យាន្តយន្តចំនួន ១ សន្លឹក

៧. ដបសម្រាប់ជក់ថ្នាំញៀនចំនួន ៣

៨. កែវសម្រាប់ជក់ថ្នាំញៀនចំនួន ៦

៩. ថង់សម្រាប់វេចខ្ចប់និងទុយោមួយចំនួនធំ

១០. ប្រាក់រៀលចំនួន ១៣៩,៥០០ រៀល

១១. ម៉ូតូចំនួន ២ គ្រឿង ( ម៉ាក KTM DUKE 200 ១ គ្រឿង ស្លាកលេខភ្នំពេញ 1 CS–1228 ; ម៉ាក់ TODAY ១ គ្រឿង គ្មានស្លាកលេខ) ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងសម្ភារៈ និងមធ្យោបយទាំងអស់ កម្លាំង ជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានរក្សាទុក និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

 

 

Loading...