បង្ក្រាបការជួញដូរគ្រឿងញៀនដ៏ធំ នៅព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង ដកហូតថ្នាំញៀន១២០គីឡូក្រាម និងចាប់ជនល្មើស៣នាក់

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ត្រពាំងក្រៀល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានបង្ក្រាបការជួញដូរគ្រឿងញៀនដ៏ធំមួយ ដែលឧក្រិដ្ឋជនបានលាក់នៅក្នុងរថយន្តក្រុង ដោយធ្វើការរឹបអូសបានរហូតដល់១២០គីឡូក្រាម។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា គ្រឿងញៀនជាប្រភេទម៉ាទឹកកក ចំនួន១២០គីឡូក្រាម ស្មើនឹង១២០ដុំ ត្រូវបានក្រុមជនល្មើសដឹកចេញពីប្រទេសឡាវ ចូលមកកម្ពុជា ប្រើប្រាស់មធ្យោបាយរថយន្តក្រុង ដែលប្រព្រឹត្តដោយជនជាតិខ្មែរចំនួន០៣នាក់។

ក្រោយពីបានការបង្ក្រាបករណីនេះ ប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានអញ្ជើញតំណាងអង្គភាពគយ និងរដ្ឋាករ, ប្រធានស្នាក់ការ និងតំណាងអង្គភាពគ្រឿងញៀន មកចូលរួមសហការ។ ជាលទ្ធផល ខាងមន្រ្តីគ្រឿងញៀន បានបញ្ជាក់ថា នេះជាគ្រឿងញៀនប្រភេទម៉ាទឹកកកអ៊ិចស្ដាហ្ស៊ី ទាំងអស់ចំនួន១២០គីឡូក្រាម ស្មើនឹង១២០ដុំ។

សម្រាប់ក្រុមជនល្មើស និងគ្រឿងញៀនខាងលើនេះ ត្រូវបាននគរបាលប៉ុស្តិ៍ត្រពាំងក្រៀល ប្រគល់ជូនសមត្ថកិច្ចជំនាញខាងគ្រឿងញៀន ដើម្បីបន្តនីតិវិធីទៀតតាមផ្លូវច្បាប់៕

 

Loading...