បង្ក្រាបឈើរបស់មេឈ្មួញប្រចាំស្រុកឱរ៉ាល់ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

ខេត្តកំពង់ស្ពឺ៖ មិនដឹងថាជាការត្រូវរ៉ូវគ្នាឬយ៉ាងណានោះទេទើបបានជាឈ្មួញប្រមូលទិញឈើយកមកលាក់ទុកនៅក្នុងដែនសមត្ថកិច្ចរបស់ការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់មិនដែលឃើញមន្ត្រីបរិស្ថានធ្វើការបង្ក្រាបទាល់តែសោះ ទើបតែមានសេចក្តីរាយការណ៍ទៅថ្នាក់លើហើយមានការស្នើសុំដីការពីលោកស្រីព្រះរាជអាជ្ញាចូលឆែកទើបផ្អើលដល់អស់លោកមន្ត្រីបរិស្ថានទាំងនោះចុះមកចូលរួម។

ការចុះឆែកឆេរទីតាំងស្តុកឈើរបស់មេឈ្មួញរូបនេះធ្វើឡើងនារសៀលថ្ងៃទី 10 ខែកក្កដាឆ្នាំ 2020 នៅលើផ្លូវជាតិលេខ 44 ចំណុចស្ទឹងតាដុកគីឡូម៉ែត្រ 58 59ក្នុងភូមិដំបងវិញឃុំសង្កែសាទបស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺម្ចាស់ចំការឬស្សីត្រូវបានស្គាល់ថាប្រពន្ធពស់ធឿនចំណែកប្ដីឈ្មោះជឿងថេងជាមន្ត្រីយោធាភូមិភាគ 3 ធ្លាប់មានរឿងអាស្រូវដឹកឈើបាក់ស្ពាននិងធ្លាប់ជាប់ពន្ធនាគារពីរដងមកហើយពីការដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតនេះ។

ប្រភពបន្តថា ប្រតិបត្តិការនេះដឹកដោយលោកព្រះរាជអាជ្ញារងវុិត មឃ: ដោយមានលោកសុខភា លោកកងវណ្ណារ៉ូ អភិបាលរងខេត្តចូលរួមព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត។

យោងតាមការបង្ហើបពីសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្តបានឲ្យដឹងថាការចុះបង្ក្រាបទី តាំងចំការឫស្សីមួយកន្លែងរបស់មន្ត្រីយោធាភូមិភាគ 3 ដែលគេស្គាល់ច្បាស់ថាជាមេឈ្មួញរកស៊ីឈើប្រចាំស្រុកឱរ៉ាល់ឈ្មោះជើងថេងនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថាមេឈ្មួញរូបនេះបានប្រមូលទិញឈើយកទៅលាក់ទុកក្នុងដីចម្ការឬស្សីរបស់ខ្លួន។ក្រោយការចូលដល់ទីតាំងដោយមានតំណាងអយ្យការនិងអភិបាលរងខេត្តចូលរួមផងនោះសមត្ថកិច្ចបានរកឃើញឡចម្រាញ់ប្រេងខ្មៅមួយបន្ថែមទៀតពីលើនេះ។អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះគឺបន្ទាប់ពីសមត្ថកិច្ចបានតាមដានដើម្បីធ្វើការបង្ក្រាបឈើដែលលាក់ទុកក្នុងដីចំការឬស្សីនេះហើយមេឈ្មួញរូបនេះបានបាញ់កាំភ្លើងប្រមាណជិត10 គ្រាប់ដើម្បីគំរាមលើសមត្ថកិច្ចរហូតដល់មានការស្នើសុំដីការចូលឆែកឆេរទីតាំងនេះតែម្តង។

របាយការណ៍ពីនគរបាលមូលដ្ឋាន បានអោយដឹងថាកម្លាំងសម្ងាត់បានតាមដានការដឹកជញ្ជូនឈើរបស់ម្ចាស់ចម្ការនេះតាំងពីថ្ងៃទី 6 រហូត ដល់ថ្ងៃទី08 ខែកក្កដា ឆ្នាំ 2020 ហើយបានរាយការណ៍បឋមជូនថ្នាក់ដឹកនាំអោយបានជ្រាបផងដែរថានៅក្នុងបរិវេណដីរបស់ឈ្មោះ ជឿង ថេង ជាយោធាភូមិភាគ៣ មានទីលំនៅ ភូមិផ្សារកន្តួត ឃុំសង្កែរសាទប ស្រុកឱរ៉ាល់ បានលាក់ឈើជាច្រើនដុំនៅក្នុងត្រពាំងទឹកដីចំការឬស្សី(ស្ទឹងតាដុក)ផ្លូវ៤៤ km៥៨ ៥៩ ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែរសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ បន្ទាប់ពីបែកធ្លាយត្រៀមធ្វើសកម្មភាពដឹកចេញតាមរយះរថយន្ត ទូរកុងតឺន័រមិនរួចនៅយប់កាលពីថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២០កន្លងមក ដែលឈ្មោះជឿង ថេងខាងលើនេះ បានសហការប្រព្រឹត្តជាមួយនគរបាលស្រុកម្នាក់លោក ស័ក្ត៣អ៊ុំ លីប៉េង ឋានៈ នាយផ្នែកអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ។

ក្នុងរបាយការណ៍បន្តថាក្រោយពីធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំនិងសុំគោលការណ៍ចុះឆែកឆេររួចមកនៅយប់ថ្ងៃទី 9 ខែកក្កដា 2020 ឈ្មោះជឿងថេងដែលជាម្ចាស់ចម្ការបានជិះរថយន្ដរបស់ខ្លួនមកស្រែកឡូឡាហើយបានទាញអាវុធខ្លីបាញ់ឡើងលើប្រមាណជិត 10 គ្រាប់ដើម្បីគំរាមមកលើសមត្ថកិច្ចរបស់យើង។បើទោះជាបែបនេះក្តីសមត្ថកិច្ចមិនខ្លាចញញើតនិងឈ្មួញរកស៊ីឈើដែលជាមន្ត្រីយោធារូបនេះឡើយបន្តស្នើធំគោលការណ៍ពីថ្នាក់ដឹកនាំដើម្បីធ្វើការចុះឆែកឆេរនិងបង្ក្រាបតែម្តង។ជាលទ្ធផលសមត្ថកិច្ចរបស់យើងរកឃើញឈើប្រណីតជាច្រើនដុំដែលឈ្មួញឈើរូបនេះបានប្រើកម្មករឲ្យសែងទៅទម្លាក់ទឹកស្រះក្រោយពីបែកធ្លាយរឿងសមត្ថកិច្ចតាមបង្ក្រាប ។

បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកឪរ៉ាល់បានបញ្ជាក់ថានៅវេលាថ្ងៃដដែលក្រោយពីរកឃើញឈើដែលលាក់ទុកនៅក្នុងស្រះទឹករួចមកសមត្ថកិច្ចបានបន្តរកឃើញឡចម្រាញ់ប្រេងខ្មៅបន្ថែមមួយទៀតដែលម្ចាស់ទីតាំងនេះលួចបង្កើតឡើងដោយគ្មានច្បាប់អនុញ្ញាត។អ្វីដែលជាការកត់សម្គាល់គឺសមត្ថកិច្ចបានរកឃើញសំបកកាទូសអាវុធខ្លីប្រភេទកា59 ចំនួន 4 សំបកនៅក្នុងបរិវេណជិតខ្លោងទ្វារចូលដែលដូចសេចក្តីរាយការណ៍ពីសមត្ថកិច្ចដែលយាមការពារគោលដៅរាយការណ៍ជូនថ្នាក់ដឹកនាំពិតប្រាកដមែន។

មហាជនក៏ដូចជាប្រជាពលរដ្ឋរស់នៅក្បែរខាងបានបញ្ជាក់ប្រាប់សមត្ថកិច្ចថាកាលពីយប់ថ្ងៃទី ៩ កក្កដាពួកគាត់ពិតជាបានឮស្នូរអាវុធផ្ទុះចេញពីក្លោងទ្វារនៃដីចំការឬស្សីជាច្រើនគ្រាប់ពិតប្រាកដមែនហើយយប់នោះពួកគាត់មានការភិតភ័យជាខ្លាំងមិនដឹងថាមានហេតុការណ៍អ្វីកើតឡើងទើបតែនៅពេលដែលសមត្ថកិច្ចចុះមកធ្វើការស្រាវជ្រាវបានដឹងថាជាការបាញ់បោះបង្ករភាពអាណាធិបតេយ្យរបស់ម្ចាស់ចំការឬស្សីឈ្មោះជើងថេងដែលជាមន្ត្រីយោធាភូមិភាគ 3 សោះ។មានការលើកជាសំណួរថាតើឈ្មោះជើងថេងជាមន្ត្រីយោធាភូមិភាគ 3 និងជាឈ្មួញប្រមូលទិញឈើដ៏សកម្មប្រចាំស្រុកឱរ៉ាល់នេះមានវាសនាទៅជាយ៉ាងណាបន្ទាប់ពីក្រុមគណៈកម្មការសមត្ថកិច្ចចម្រុះដឹកនាំដោយអភិបាលរងខេត្តពីររូបតំណាងអយ្យការមួយរូបនិងមន្ត្រីចម្រុះជាច្រើនទៀតឆែកឆេររកឃើញការស្តុកឈើខុសច្បាប់ឡចម្រាញ់ប្រេងខ្មៅខុសច្បាប់នឹងបាញ់បោះអាវុធអាណាធិបតេយ្យបង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋក្បែរខាង។មហាជននិងពលរដ្ឋក្បែរខាងបានធ្វើការសំណូមពរសូមឱ្យសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធធ្វើការឲ្យស្របទៅតាមឆន្ទៈក្នុងនាមខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋដោយកុំលំអៀង។

នៅមិនទាន់ដឹងទេថាតើគណៈកម្មការចម្រុះដឹកនាំធ្វើការបង្ក្រាបសម្រេចចោទប្រកាន់ទៅលើឈ្មោះជឿងថេងនិងគូសុខឃឿនជាប្រពន្ធនៅក្នុងបទចោទណានោះទេ។ដោយឡែកឈើដែលរកឃើញនៅក្នុងបង្រៀនផ្ទះយើងផេងនិងដីចំការចិត្តនោះប្រមាណជិត 30 ដុំត្រូវបានគណៈកម្មការសម្រេចប្រគល់ទៅឱ្យអស់លោកបរិស្ថានឈរជើងនៅតំបន់នោះជាអ្នកចែកចាយបន្តតាមនីតិវិធីច្បាប់។មានការលើកឡើងជាសំណួរថាការប្រមូលទិញឈឺដោយខុសច្បាប់គួរណាស់តែខាងអាជ្ញាធរប្រគល់ទៅឲ្យខាងរដ្ឋបាលព្រៃឈើជាអ្នកចាត់ចែងព្រោះរដ្ឋបាលព្រៃឈើអាចចងក្រងឯកសារមាត្រាទី 98 ពីការប្រមូលទិញដោយគ្មានច្បាប់អនុញ្ញាតហើយធ្វើការចោទប្រកាន់ទៅលើម្ចាស់ទីតាំងតាមផ្លូវច្បាប់ដោយមិនអាចប្រកែកតវ៉ាបានឡើយ។ហើយក៏មានការលើកឡើងផងដែរថាមន្ត្រីបរិស្ថានមានសមត្ថកិច្ចការពារឈើដែលឈរនៅក្នុងព្រៃខុសពីមន្ត្រីរដ្ឋបាលព្រៃឈើដែលអាចធ្វើការបង្រ្កាបការចរាចរប្រមូលទិញដោយខុសច្បាប់។សូមបញ្ជាក់ថាបច្ចុប្បន្នការប្រមូលនិងដឹកជញ្ជូនឈើឆ្លងកាត់ការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់មានសឹងតែរៀងរាល់យប់ដែលផ្លូវខ្លះក្នុងមួយយប់មួយយប់ឡានរត់មិនក្រោមពី 10 គ្រឿងនោះទេចំណែកឯអស់លោកមន្ត្រីបរិស្ថានបែរជាសម្ងំចាំយកលុយពីក្រុមឈ្មួញដោយមិនគិតពីការខូចខាតផ្លូវថ្នល់របស់រដ្ឋឡើយ។

មានការលើកឡើងផងដែរថាវាពិតជាអាម៉ាស់ណាស់នៅពេលដែលសមត្ថកិច្ចដែលពុំមែនជាជំនាញធ្វើការបង្ក្រាបឈើនៅក្នុងដែនសមត្ថកិច្ចរបស់អស់លោកមន្ត្រីបរិស្ថានដែលមានលោកហ៊ុលម៉ារ៉ាជាប្រធានការិយាល័យស្តីទីមិនដែលមានសកម្មភាពធ្វើការបង្ក្រាបការដឹកជញ្ជូនឈើម្ដងណាទាល់តែសោះ។បើនិយាយពីប៉ុស្តិ៍ឈរជើងគោលដៅរបស់មន្ត្រីបរិស្ថានវិញមានតាំងពីនៅក្នុងក្រុមហ៊ុនHLHក្រោមការគ្រប់គ្រងរបស់កសិកម្មមានគោលដៅនៅស្រែកិនឃុំត្រពាំងជោមានគោលដៅនៅភូមិជាំឃុំតាសាលនិងនៅដូនពេញនៅផ្លូវបំបែកតេនិងជិតផ្សារកន្ទួតបើនិយាយទៅច្រើនកន្លែងណាស់ដែលក្រុមអស់លោកមន្ត្រីបរិស្ថានឈរជើងតែមិនដែលមានគឺធ្វើការបង្ក្រាបការដឹកជញ្ជូនឈើបានម្ដងណាឡើយ។នៅជិតកន្លែងដែលសមត្ថកិច្ចនគរបាលមូលដ្ឋាននិងនគរបាលសេដ្ឋកិច្ចធ្វើសេចក្តីរាយការណ៍ទៅលោកស្នងការស្នើសុំដីការបង្ក្រាបនេះមានសមត្ថកិច្ចជាច្រើនឈរជើងតាំងពីថ្នាក់ជាតិដែលមានទាំងអាវុធហត្ថនគរបាលសេដ្ឋកិច្ចក្រសួងនិងខេត្តជាពិសេសនៅចំណុចជិតរង្វង់មូលស្ពានដែកឈើចេញដូចហែ .កឋិនតែអស់លោកទាំងនោះគេឃើញតែអង្គុយផឹកស៊ីយ៉ាងសប្បាយអឺងកងចាំទទួលយកលុយពីក្រុមឈ្មួញដាក់ហោប៉ៅយ៉ាងរំភើយ។

សូមរំលឹកថាឈ្មួញរកស៊ីឈើរូបនេះធ្លាប់ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបនិងចាប់ខ្លួនដាក់ពន្ធនាគារចំនួន 2 ដងរួចមកហើយប៉ុន្តែក្រោយពីចេញមកវិញនៅតែបន្តសកម្មភាពដឹកឈើល្មើសច្បាប់ដដែល។

លេខក្រោយយើងនឹងធ្វើការផ្សាយអំពីការត្អូញត្អែររបស់ក្រុមអ្នកដឹកឈើកន្លងមកដែលរងនូវការគាបសង្កត់ពីសំណាក់អស់លោកសមត្ថកិច្ចទាំងនោះដើម្បីឲ្យមហាជននិងថ្នាក់លើបានជ្រាប៕​

Loading...