បង្ក្រាបរួចហើយ ពួកចិនដែលជួលស្ត្រីខ្មែរជាង៤០នាក់ពរពោះខុសច្បាប់នៅខណ្ឌឫស្សីកែវ

កងកម្លាំងសមត្ថកិច្ចនគរបាលឬស្សីកែវ បានចុះបង្ក្រាបទីតាំងមួយកន្លែង ដែលបុរសជាជនជាតិចិន និងស្ត្រីខ្មែរ ជាង៤០នាក់ ស៊ីឈ្នួលពរពោះឲ្យជនជាតិចិន ស្ថិតនៅ ក្នុង​ក្រុម​ទី​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ ​។ ហេតុការណ៍នេះ ​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​បង្ក្រាប និង​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​វីឡា​លេខ 2A និង​វីឡា​លេខ 9A។

តាមប្រភពពីមន្ត្រី​នគរបាល​ខណ្ឌឫស្សីកែវ បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​បង្ក្រាប និង​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​ជំនាញ​បាន​ទទួល​ព័ត៌មាន​មក​ថា​នៅ​ទីតាំង​ខាងលើ មាន​បុរស​ជា​ជនជាតិ​ចិន និង​ស្ដ្រី​ខ្មែរ​ជា​ច្រើន​នាក់​បាន​ចាក់​មេជី​វិត​ចូល​ទៅ​ក្នុង​ប្រដាប់​ភេទ ដើម្បី​ស៊ីឈ្នួល​ពពោះ​ឲ្យ​បុរស​ជនជាតិ​ចិន ដោយ​ខុសច្បាប់​។ បន្ទាប់​ពី​ស៊ើប​ដឹង​ពី​ករណី​នេះ ទើប​នៅ​វេលា​ខាងលើ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​បង្ក្រាប និង​ឃាត់ខ្លួន​ស្ដ្រី​ខ្មែរ​ដែល​កំពុង​ពពោះ​សរុប​ចំនួន​៤០​នាក់​។

ប្រភពដដែលបាន​បន្ត​ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ មានការ​ចូលរួម​ពី​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌឫស្សីកែវ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌឫស្សីកែវ ក្រោម​ការ​សម្របសម្រួល​ពី​លោក​កួច គឹ​ម​ទ្បុ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ជា​លទ្ធផល នៃ​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ចំនួន​៤០​នាក់ ក្នុង​មាន​មេខ្លោង​ជនជាតិ​ម្នាក់ ឈ្មោះ LlU QlANG អាយុ​៤៩​ឆ្នាំ និង​ស្ត្រី​ខ្មែរ​ដែល​ស៊ីឈ្នួល​ព​ផ្ទៃពោះ​ចំនួន​៣៧​នាក់ រួម​នឹង​មេការ​ចំនួន​២​នាក់​ទៀត​។ ក្រៅ​ឃាត់ខ្លួន​មនុស្ស​ពាក់ព័ន្ធ​ទាំង​៤០​នាក់​នេះ សមត្ថកិច្ច​ក៏​ដកហូត​បាន​យានយន្ត​ចំនួន​៣​គ្រឿង រួម​មាន រថយន្ត​ម៉ាក Lexus-470 មួយ​គ្រឿង រថយន្ត ម៉ាក​សាំង​យ៉ុ​ង និង​ម៉ូតូ​១​គ្រឿង​។

ក្រោយ​ពេល​បង្ក្រាប និង​ឃាត់ខ្លួន​រួច សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជន​ពាក់ព័ន្ធ​ខាងលើ​ទៅ​កាន់​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

 

Loading...